ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង លោកហ្សែដ ស្យាតារា (Ziad Shatara) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រព្រឹត្តិឡើងនៅថ្ងៃទី 29 ខែមេសា ឆ្នាំ2024 ក្នុងគោលបំណង ដើម្បី បង្ហាញពីតួនាទីរបស់ក្រុមហ៊ុន Smart ក្នុងនាមជា ក្រុមហ៊ុនវិនិយោគ ផ្ទាល់ ពី បរទេស (FDI) គំរូនៃប្រទេសកម្ពុជា។
ជំនួបនេះបានបង្ហាញពីតួនាទីយ៉ាងសំខាន់របស់ Smart ក្នុងនាមជាក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស ដែលបានឈានមុខគេក្នុងការពន្លឿនការរីកចម្រើននៃវិស័យទូរគមនាគមន៍ និងផ្ដល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត សម្រាប់បុគ្គល និងសហគ្រាស។
លើសពីនេះទៅទៀត លោក ហ្សែដ ក៏បានឆ្លៀតឱកាសនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនរបស់ Smart លើផ្នែកសុវត្ថិភាពលើប្រព័ន្ធឌីជីថល ព្រមទាំងការដឹកនាំ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងការងាររួមចំណែក ទំនួល ខុស ត្រូវ សង្គម (CSR) យ៉ាងសកម្ម ដើម្បីគាំទ្រ រដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា សម្រេចបានចក្ខុវិស័យក្នុងការ ក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ 2050។
គួរបញ្ជាក់ផងដែរថា Smart ជាក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស មួយយ៉ាងសំខាន់ ដែលបានចូលរួមយ៉ាងសកម្មលើការពង្រីកវិសាលភាពសេដ្ឋកិច្ចជាតិ និងជាក្រុមហ៊ុនដែលទទួលបានកម្រិតអនុលោមភាពសារពើពន្ធប្រភេទមាស សម្រាប់ការចូលរួមបង់សារពើពន្ធបានត្រឹមត្រូវ។
ក្នុងរយៈពេលពីរទស្សវត្សន៍នេះ Smart បានចូលរួមបណ្ដាក់ទុនប្រមាណលើសពី 70 លានដុល្លារក្នុងមួយឆ្នាំ ៗ ហើយ ការបណ្ដាក់ទុនយ៉ាងសកម្មនេះ ជាសញ្ញា បង្ហាញពីការជឿជាក់របស់ Smart មកលើសក្តានុពលនៃប្រទេសកម្ពុជា និងការប្តេជ្ញារបស់ក្រុមហ៊ុន ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរវិជ្ជមានក្នុងប្រទេសជាបន្ត។
ក្នុងឆ្នាំ 2023 កន្លងទៅនេះ ក្រុមហ៊ុន Smart បានពង្រឹងតួនាទីរបស់ខ្លួនជាកម្លាំងចលករដែលរុញច្រានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាដោយបណ្ដាក់ ទុន វិនិយោគ 75 លាន ដុល្លារ និងបង្កើតឱកាសការងារសម្រាប់ប្រជាជនក្នុងស្រុក និងសហគមន៍មូលដ្ឋានផងដែរ។ ការវិនិយោគនេះមិនត្រឹមតែជម្រុញសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីការប្ដេជ្ញាយ៉ាងមុតមាំរបស់ Smart ដើម្បីបន្តដើរតួជាកាតាលីករសម្រាប់ការរីកចម្រើនប្រកបដោយភាពរុងរឿងផងដែរ។
ក្នុងជំនួបសម្ដែងការគួរសមជាមួយ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លោក ហ្សែដ បានបង្ហាញពីតួនាទីរបស់ Smart ក្នុងការដឹកនាំចលនាអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងគូសបញ្ជាក់ពីការរួមចំណែកតាមរយៈការបង់ពន្ធប្រកបដោយទំនួលខុសត្រូវ។
ដើម្បីបន្តលើកស្ទួយការបង្កើតថ្មី និងវឌ្ឍនភាព Smart ក៏បាន ឧបត្ថម 1% នៃចំណូលសរុបប្រចាំឆ្នាំរបស់ខ្លួនទៅមូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRDF) ។ លើសពីនេះទៀត 2% នៃប្រាក់ចំណូលនឹងត្រូវផ្ដល់ទៅកាន់ មូលនិធិ កាតព្វកិច្ច សកល(USOF) ។ ការរួមចំណែកទាំងនេះត្រូវបានរៀបចំឡើងដើម្បីជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងវិស័យទូរគមនាគមន៍ និងជម្រុញការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍនិងការបង្កើតថ្មីកាន់តែប្រសើរនៅប្រទេសកម្ពុជា។
ការចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជាក៏មិនមែនជាអ្វីថ្មីសម្រាប់ Smart ដែរ ខណៈដែលក្រុមហ៊ុននេះតែងបង្ហាញឱ្យឃើញពីការប្រកាន់គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) យ៉ាងខ្ជាប់ខ្ជួន ចាប់តាំងពីឆ្នាំដំបូងៗនៃប្រតិបត្តិការរបស់ខ្លួន។ Smart ក៏ជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេដែលបានបោះពុម្ពផ្សាយរបាយការណ៍និរន្តរភាពប្រចាំឆ្នាំ ផងដែរ ។ ការប្រកាន់ខ្ជាប់នូវនិរន្តរភាពនេះ ជាគំរូមិនអាចមើលរំលងបានសម្រាប់ក្រុមហ៊ុនដទៃៗទៀតដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា។
សម្រាប់ចក្ខុវិស័យក្នុងពេលអនាគត Smart Axiata នឹងនៅតែបន្តយកចិត្តទុកដាក់លើការចូលរួមចំណែកលើកស្ទួុយវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងស្រុក និងប្តេជ្ញាបន្តឈរជើងជាក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេសគំរូនៅក្នុងប្រទេសកម្ពុជា។ តាមរយៈបច្ចេកវិទ្យាថ្មីៗ និងការវិនិយោគឈ្លាសវៃ Smart នឹងនៅតែជាផ្នែកមួយមិនអាចខ្វះបានសម្រាប់សេដ្ឋកិច្ចជាតិ និងសុខមាលភាពរបស់ប្រជាជនកម្ពុជា។
ទំនាក់ទំនង : 0716140005
Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91