ភ្នំពេញ៖ ស្ថានីយបូមទឹកបឹងទំពុន ជាស្ថានីយបូមទឹកដែលធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដោយបំពាក់ម៉ូទ័របូមទឹកច្រើនគ្រឿង និងមានសមត្ថភាពបូមទឹកបានក្នុងមួយវិនាទីជាង៤០ម៉ែត្រគុប ហើយស្ថានីយនេះ ក៏ស្ថានីយបូមទឹក ដែលរំដោះទឹកបានជាច្រើនខណ្ឌក្នុងរាជធានីភ្នំពេញផងដែរ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈឯកឧត្តមដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ពាក់ពន្ធ័ចុះទៅពិនិត្យ ប្រឡាយ ស្ថានីយ៏បូមទឹកបឹងទំពន់ និងប្រឡាយស្ថានីយ៏បឹងត្របែក នាព្រឹកថ្ងៃ៦ ឧសភានេះដើម្បីរិះរកវិធានការរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឲ្យកាន់តែប្រសើរឡើង។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ស្ថានីយបូមទឹកបឹងទំពុន ជាស្ថានីយបូមទឹកដែលធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដោយបំពាក់ម៉ូទ័របន្ថែមជាច្រើនគ្រឿង នឹងអាចរំដោះទឹកបានជាច្រើនខណ្ឌក្នុងរាជធានីភ្នំពេញ ដូចជានៅ ខណ្ឌទួលគោក សែនសុខ ពោធិ៍សែនជ័យ និងខណ្ឌកំបូល។ ពាក់ព័ន្ធនិងគម្រោងសំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី រាជធានីភ្នំពេញមានគម្រោងចំនួន៥០គម្រោង ហើយក្នុងគម្រោងនេះប្រឡាយបឹងត្របែកក៏ស្ថិតនៅក្នុងគម្រោងនេះដែរ។
ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញនឹងលែងលិចលង់ ជាមួយនិងការសាទរពីប្រជាពលរដ្ឋ។ ចំណែកគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា គម្រោងនេះក៏ជាផ្នែកដ៏សំខាន់មួយក្នុងការរំដោះទឹកភ្លៀងចេញពីរាជធានីភ្នំពេញផងដែរ។
ទោះបីជាយ៉ាងណាក្តី ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងអស់ សូមមេត្តាទុកដាក់សំរាមអោយបានត្រឹមត្រូវ ជៀសវាងឲ្យបាន ការបោះសំរាមចូលក្នុងអណ្តូងលូ ប្រឡាយ ដែលធ្វើអោយទឹកមិនអាចហូរបាន។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងផងដែរថា៖ ស្ថានីយបូមទឹកបឹងទំពុនបានបំពាក់ម៉ូទ័របូមទឹកចំនួន១០គ្រឿង ដែលមានសមត្ថភាពបូមទឹកបាន៣៣ម៉ែត្រគុបក្នុង១វិនាទី យើងក៏នឹងមានគម្រោងបំពាក់ម៉ូទ័របូមទឹកចំនួន២គ្រឿងបន្ថែមទៀតផងដែរ។ ក្រោយបំពាក់ម៉ូទ័របូមទឹកបន្ថែម២គ្រឿងនេះរួច ស្ថានីយបូមទឹកបឹងទំពុននឹងមានសមត្ថភាពបូមទឹកបាន៤៥ម៉ែត្រគុបក្នុង១វិនាទី។ ចំណែកនៅស្ថានីយបូមទឹកបឹងត្របែកវិញ យើងមានម៉ាស៊ីនចាប់សំរាមស្វ័យប្រវត្ត ហើយយើងក៏មានគម្រោងពង្រីកនិងដាក់លូប្រអប់លើផ្លូវ១០៥ ទំហំ៤ទៅ៦ម៉ែត្រផងដែរ។
គួរបញ្ជាក់ទៀតថា នៅភ្នំពេញ មានស្ថានីយបូមទឹកទាំង១៤កន្លែង ហើយនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ស្ថានីយបូមទឹកទាំង១៤កន្លែងនេះ បានបើកប្រតិបត្តិការព្រមៗគ្នាតែម្តង ដែលធ្វើឲ្យរាជធានីភ្នំពេញអស់ក្តីបារម្ភ រឿងលិចយូរទៀត៕