ឥណទានអាជីវកម្មខ្នាតតូច គឺជាផ្នែកនៃឥណទានមួយដ៏សំខាន់ក្នុងប្រទេសកម្ពុជា។ ឥណទានអាជីវកម្មខ្នាតតូច គឺជាកម្ចីសម្រាប់អាជីវកម្មដែលផ្តល់ដល់បុគ្គលដែលមិនផ្តល់ជូនស្ថាប័ន ឬក្រុមហ៊ុនោះទេ។ ស៊ីប៊ីស៊ី បានដាក់ដំណើរការ “របាយការណ៍សន្ទស្សន៍ឥណទានប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច” ដែលជារបាយការណ៍សម្រាប់សាធារណជនយល់ដឹង ក៏ដូចជាតាមដានប្រចាំត្រីមាសពីសកម្មភាពឥណទានអាជីវកម្មខ្នាតតូច នៅក្នុងប្រទេស។ របាយការណ៍ប្រចាំត្រីមាសនេះបង្ហាញពីទិន្នន័យ និងនិន្នាការពីត្រីមាសទី១ ឆ្នាំ២០២៤។
សេចក្តីសង្ខេបរបាយការណ៍នៃត្រីមាសទី ១ ឆ្នាំ ២០២៤៖
សមិទ្ធផលឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច សម្រេចបាននូវកំណើនដ៏រឹងមាំ ដោយសមតុល្យឥណទាន និងចំនួនគណនីឥណទាន មានការកើនឡើងក្នុងគ្រប់តំបន់។ ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច មានការកើនឡើងក្នុងត្រីមាសទីមួយ បើប្រៀបធៀបនឹងត្រីមាសមុន។ ជាចុងក្រោយ គុណភាពនៃឥណទានបុគ្គលដែលវាស់វែងដោយអនុបាតនៃឥណទានសំណងយឺតលើសពី៣០ថ្ងៃ (30+DPD) មានធ្លាក់ចុះបន្តិចបន្តួច ដោយអនុបាតបានថយចុះនៅគ្រប់តំបន់។
- ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច
ចំនួននៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចកើនឡើងជារួម +៣.៨៧%។
ចំនួននៃពាក្យស្នើសុំកម្ចីប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចកើនឡើងចំនួន +៤% ប្រៀបធៀបនឹងត្រីមាសមុន។ ពាក្យស្នើសុំកម្ចីកសិកម្មមានការកើនឡើង ធៀបនឹងត្រីមាសមុនចំនួន +៩% ពាក្យស្នើសុំកម្ចីសំណង់មានការកើនឡើង ធៀបនឹងត្រីមាសមុនចំនួន+២% និងពាក្យស្នើសុំកម្ចីផ្សេងៗធ្លាក់ចុះចំនួន -១២%។
- ដំណើរការឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច
ចំនួនគណនីឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចសរុបមានការថយចុះចំនួន -១.៥៥% ដែលនាំឲ្យចំនួនគណនីសរុបមានចំនួន ១,៨៩ លានគណនី។ សមតុល្យសរុបកើនឡើង +០.៩% ឈានដល់ ៣៤,២០ ប៊ីលានដុល្លារអាមេរិក នៅត្រីមាសទី១នេះ។
- គុណភាពឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច
អនុបាតនៃឥណទានសំណងយឺតលើសពី ៣០ថ្ងៃ (30+DPD) មានការកើនឡើងដល់ +៧,៧៦%។ អតិថិជនភាគច្រើននៅតែមានការប្រើប្រាស់កម្ចីតែមួយស្ថាប័ន (៥៣%) ហើយមានគណនីឥណទានតែមួយគណនី (៣៧.៨%)។
ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច
បង្ហាញអំពីបំណងរបស់អ្នកប្រើប្រាស់ក្នុងការទទួលបានឥណទានក្នុងលក្ខណៈជាឥណទានប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច។
នៅត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៤នេះ ចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទាន ក្នុងទម្រង់៥ផ្សេងៗគ្នាដូចជា កម្ចីមូលធន (Working Capital Loan) កម្ចីកសិកម្ម (Agriculture Loan) កម្ចីទិញទ្រព្យសកម្ម (Asset Finance) កម្ចីសំណង់ (Construction Loan) និងកម្ចីផ្សេងៗ (Other)។ ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច បានកើនឡើងជារួម +៣.៨៧%។ ការកើនឡើងនៃពាក្យស្នើសុំកម្ចីប្រើមូលធនមានចំនួន +៤% ក្នុងនេះមានការកើនឡើងខ្លាំងនៅតំបន់ឆ្នេរចំនួន+៩%។ ការស្នើសុំកម្ចីកសិកម្មកើនឡើង +៩% ក្នុងនេះមានការកើនឡើងខ្លាំងនៅតំបន់ខ្ពង់រាប +៦៣%។ ការស្នើសុំកម្ចីទ្រព្យសកម្ម មានការធ្លាក់ចុះ -១២% ក្នុងនេះមានការធ្លាក់ចុះខ្លាំងនៅតំបន់ខ្ពង់ឆ្នេរ -១៧%។ ការស្នើសុំកម្ចីកសិកម្ម មានការកើនឡើង +១% ក្នុងនេះមានការកើនឡើងខ្លាំងនៅតំបន់ខ្ពង់រាប +២៨%។
បម្រែបម្រួលជាភាគរយទំហំទឹកប្រាក់នៃការស្នើសុំឥណទានទាំង៥ប្រភេទ ក៏មានការកើនឡើងចំនួន +៤.៣%។ បម្រែបម្រួលនេះបណ្តាលមកពីការកើនឡើងនៃទំហំទឹកប្រាក់នៃកម្ចីមូលធន +១០.១% កម្ចីសំណង់កើនឡើង +៤.៥% ចំណែកឯ កម្ចីកសិកម្មថយចុះ៧.៧% កម្ចីទិញទ្រព្យសកម្ម ថយចុះ-១៤.៩% និងកម្ចីទ្រព្យផ្សេងៗ -១៤.៣%។
ដំណើរការឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច
បង្ហាញអំពីទំហំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចនៅចុងត្រីមាសទីមួយនេះឆ្លុះបញ្ចាំងពីទីផ្សារឥណទានសកម្ម។
គិតត្រឹមខែមីនា ឆ្នាំ២០២៤ ចំនួនគណនីឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចមានការថយចុះចំនួន -១,៥៥% ប្រៀបពីត្រីមាសមុនដែលធ្វើឱ្យចំនួនគណនីនៅទូទាំងប្រទេសសរុបមានចំនួន ១,៨៩ លានគណនី។ ក្នុងចំណោមចំនួននេះ ៥៤% ជាឥណទានមូលធន ខណៈចំណែកតូចជាងគេគឺកម្ចីសំណង់ ១% កម្ចីកសិកម្ម ៣២%% កម្ចីទិញទ្រព្យសកម្មមាន ៦% និងកម្ចីប្រភេទផ្សេងៗមាន ៧%។ ការថយចុះនេះត្រូវបានគេមើលឃើញនៅក្នុងគ្រប់តំបន់ នៃព្រះរាជាណាចក្រកម្ពុជា (-២% នៅតំបន់ខ្ពង់រាប នៅតំបន់ឆ្នេរ និងទន្លេសាប និង -១%នៅតំបន់ទំនាប)។
សមតុល្យឥណទានលក្ខណៈបុគ្គល ក៏បានបន្តកើនឡើងជាលំដាប់ក្នុងកម្រិត +០.៩% គិតត្រឹមពីខែមីនា ឆ្នាំ២០២៤។ នៅចុងត្រីមាសនេះ សមតុល្យឥណទានលក្ខណៈបុគ្គលមានចំនួន ៣៤,២០ ប៊ីលានដុល្លារអាមេរិក។
បើទោះបីជា ចំនួនគណនីនៃកម្ចីមូលធនមានត្រឹមតែ ៥៤% នៃចំនួនគណនីសរុប ហើយកម្ចីអចលនទ្រព្យនៅតែមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប ៦៨% ចំណែកឯសមតុល្យឥណទានកសិកម្មវិញមានចំណែក ៣២% និងសមតុល្យឥណទានកសិកម្ម មានចំណែក ១១%។ សមតុល្យកម្ចីទ្រព្យសកម្ម មានចំណែកតូចគឺត្រឹមតែ ៧% តែប៉ុណ្ណោះ។ សមតុល្យកម្ចីសំណង់ មានចំនួនតិចត្រឹម ២%។ ជារួមសមតុល្យឥណទានមានការកើនឡើងជាវិជ្ជមាននៅតំបន់ដូចជា +០.១%នៅតំបន់ខ្ពង់រាប និង +១% នៅតំបន់ទំនាប +០.០១% នៅតំបន់ឆ្នេរ និង +០.២% នៅតំបន់ទន្លេសាប។
គុណភាពឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច
បានមកពីអនុបាតនៃគណនីឥណទានជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ ដែលជា30+ DPD។ វាបង្ហាញពីលទ្ធភាពនៃការបង់សង និង ហានិភ័យនៃការខកខាននៅក្នុងត្រីមាស។
អនុបាត 30+DPD កើនឡើងពី ៧.៧៦% នៅក្នុងត្រីមាសនេះ ពី ៦,៥៩% ក្នុងត្រីមាសទីបួន ឆ្នាំ២០២៣។ ក្នុងចំណោមផលិតផលទាំងប្រាំនោះ ផលិតផលដែលមាន អនុបាត ៣០+DPD ខ្ពស់បំផុតគឺ ឥណទានសំណង់ជាមួយនឹង អនុបាតចំនួន ១៩,៧%។ ការកើនឡើងដែលច្រើនជាងគេនៃចំនួនទឹកប្រាក់ឥណទានសំណងយឺតលើសពី៣០ថ្ងៃគឺនៅ តំបន់ឆ្នេរ +១១% ទន្លេសាប +៨% និងតំបន់ខ្ពង់រាប និងទំនាប +៧%។
ចំនួនអតិថិជនដែលមានកម្ចីតែមួយស្ថាប័ននៅតែមានគឺ ៥៣%នៃចំនួនអតិថិជនទាំងអស់។ ចំណែកឯអតិថិជនដែលមានកម្ចីច្រើនស្ថាប័ននៅតែមានកម្រិតទាបដដែលត្រឹម ៣៧,៨%។
អតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គលដែលមានគណនីចំនួន ១ មាន ៣៧,៨%, អ្នកមានគណនីឥណទានចំនួន ២ មានចំនួន ៣៥,៨% អ្នកដែលមានគណនីឥណទានចំនួន ៣ មានចំនួន ១៨,៦% ហើយអ្នកដែលមានគណនីឥណទានច្រើនជាង៣ មានចំនួន ៧,៩% នៃចំនួនអតិថិជនទាំងអស់។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌីបានមានប្រសាសន៍ថា “តម្រូវការពាក្យស្នើសុំឥណទានបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចមានការកើនឡើង ប៉ុន្តែសមិទ្ធផលឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចអវិជ្ជាមាន ជាមួយនឹងចំនួនគណនី –១.៥៥% ចំណែកឯសមតុល្យកម្ចីក្នុងត្រីមាសទីមួយនេះ បើប្រៀបធៀបនឹងត្រីមាសមុនកើនឡើង ១,៣៦%”។ លោកបានបន្ថែមទៀតថា គុណភាពឥណទានមានការធ្លាក់ចុះ ជាមួយនឹងការកើនឡើងនៃអនុបាតនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ថ្ងៃហួសកាលបរិច្ឆេទកំណត់ពី +៦,៥៩% ក្នុងត្រីមាសទីបួនក្នុងឆ្នាំ២០២៣ មក +៧.៧៦% ក្នុងត្រីមាសនេះ។
*ចប់*
ចំណាំសម្រាប់និពន្ធនាយក
- របាយការណ៍ពេញលេញមានភ្ជាប់ជាមួយសារនេះ
- សម្រាប់គោលបំណងនៃរបាយការណ៍នេះ ប្រទេសកម្ពុជាបានបែងចែកជា ៤ តំបន់៖ ទន្លេសាប តំបន់ឆ្នេរ តំបន់វាលទំនាប និងខ្ពង់រាប
- អំពីក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី(CBC)
ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ព័ត៌មានឥណទាន ឧបករណ៍វិភាគ និង សេវាកម្មរាយការណ៍របាយការណ៍ឥណទានដល់ធនាគារ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនផ្ដល់ប្រាក់កម្ចី ប្រតិបត្តិករឥណទាន និងអ្នកប្រើប្រាស់នានាក្នុងព្រះរាជាណាចក្រកម្ពុជា។
CBC បានដំណើរការប្រតិបត្តិការជាផ្លូវការក្នុងខែមិនា ឆ្នាំ២០១២ ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា (NBC) សមាគមធនាគារនៃកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)។ CBC ជំរុញឱ្យលំនឹងសេដ្ឋកិច្ចកាន់តែប្រសើរឡើងដោយផ្ដល់ទិន្នន័យទាន់ហេតុការណ៍និងត្រឹមត្រូវដល់អ្នកប្រើប្រាស់ និងឧស្សាហកម្មដែលជួយក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនៃធុរកិច្ចរបស់ពួកគេ។ យើងជួយធុរកិច្ចក្នុងការគ្រប់គ្រងហានិភ័យនៃឥណទាន ការពារការក្លែងបន្លំ និងការធ្វើសេចក្ដីសម្រេចចិត្តដោយស្វ័យប្រវត្តិ។ CBC ក៏ជួយបុគ្គលប្រើប្រាស់ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់ពួកគាត់ដើម្បីធានាថាពួកគាត់អាចទទួលបានប្រាក់កម្ចី និងហិរញ្ញវត្ថុ និងការពារខ្លួនពីការក្លែងបន្លំអត្តសញ្ញាណ។
CBC ជាសម្ព័ន្ធអាជីវកម្មរវាង ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូហូលឌិញ (កម្ពុជា) អ៊ិលធីឌី (CHBC) និង ក្រុមហ៊ុន Equifax (Cambodia Holdings) Pte Limited (ECH)។ CHBC គឺជាក្រុមហ៊ុនដែលមានការរួមបញ្ចូលគ្នានៃ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ ECH គឺជាក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងដោយការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុន Credit Bureau Asia Holdings Pte Ltd (មានមូលដ្ឋាននៅប្រទេសសិង្ហបុរី) និងក្រុមហ៊ុន Equifax (មានមូលដ្ឋាននៅសហរដ្ឋអាមេរិក) ដែលឈានមុខគេក្នុងដំណើរការ ការិយាល័យឥណទាន។