ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា:ក្រោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្មងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យបើកការស្រាវជ្រាវករណីស្ដ្រីម្នាក់ ក្នុងរូបភាពជាមន្ដ្រីនគរបាល ថាជាកូនចៅរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋអះអាងចោទប្រកាន់ថា បានចាញ់បោកលុយកាក់ទៅលើស្រ្តីនេះអស់ជាច្រើននោះ ។
នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤សមត្ថកិច្ចបញ្ជាក់អំពីលទ្ធផលនៃការស្រាវជ្រាវគឺស្ដ្រីក្នុងរូបភាពជានគរបាលនេះ គឺគ្រងឯកសណ្ឋានក្លែងបន្លំជានគរបាល គឺការពិតជាជនឆបោកប្រាកដមែន ពោលឈ្មោះស៊ុន ស៊ីន នៅលើផ្លាកឈ្មោះជាមនុស្សប្រុស បម្រើការងារនៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ហើយអត្ដលេខ៨៦៣៤៣ ភេទប្រុស ជាមន្ដ្រី នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ឯកឧត្តមស្នងការក៏បានអំពាវនាវជនរងគ្រោះក្នុងករណីបោកប្រាស់លុយកាក់នេះ សូមមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរឺនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីអនុវត្តតាមនីតិវិធី៕