ខេត្តស្វាយរៀង ៖ ខណៈនៅតាមបណ្តាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងទទួលរងនូវជំនន់ទឹកទន្លេ និងទឹកភ្លៀងបំផ្លាញ ភោគផលដំណាំ សត្វពាហនៈ និងទ្រព្យសម្បតិ្ត ផ្ទះចំបែងយ៉ាងណាក៏ដោយនោះ នាពេលបច្ច្ចុប្បន្ននេះខេត្តស្វាយរៀងចាប់តាំងពីដើមរដូវ រហូត ដល់ខែសីហាទៅហើយ ក៏នៅមានឃុំចំនួន៨ទៀត ក្នុងស្រុកកំពង់រោទ៍ ស្រុកស្វាយជ្រំ និងស្រុករមាសហែក បាននឹងកំពុងទទួលរងនូវគ្រោះរាំងស្ងួត បំផ្លាញ ស្រូវដំណាំ និង ជួបបញ្ហាកង្វះទឹកសំរាប់ធ្វើការងារបង្កបង្កើនផលដំណាំនៅដើមរដូវវស្សានេះនៅឡើយ ។
រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះគេសង្កេតឃើញមានគ្រឿងចក្រជាច្រើនគ្រឿង រួមនិង បរិក្ខាប្រេងឥន្ទនៈជាច្រើនពាន់លីត្រ របស់មន្ទីរធនធានទឹកនិងឧតុ និយម ខេត្តស្វាយរៀង ត្រូវបានបញ្ចុះទៅដល់ភូមិ ឃុំគោលដៅដែលទទួលរងនូវផលប៉ៈពាល់ដោយគ្រោះរាំងស្ងួត ដើម្បីធ្វើការជីកស្តារប្រឡាយមេនាំ យកទឹក ទៅធ្វើ ការសង្គ្រោះស្រូវ រួចរាល់ហើយនៅប៉ុន្មានសប្តាហ៍នេះ បន្ទាប់ពីស្រូវរបស់ពលរដ្ឋ នៅតំបន់ទាំងនោះបានរងបញ្ហា កង្វះទឹកបន្ទាប់ពីពលរដ្ឋបានសាបព្រោះដកស្ទួងរួច ។
លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ស្វាយរៀងនាពេលថ្មីៗកន្លងទៅនេះបានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា៖ ខេត្តស្វាយរៀងចាប់តាំងពីដើមរដូវវស្សារហូតមកដល់ខែសីហាឆ្នាំ២០១៨នេះនៅទូទាំងខេត្ត ទទួល បានរបបទឹកភ្លៀងចំនួន ៧៨៩ ម.ម សម្រាប់អោយកសិករបង្កបង្កើនផល បន្ថែមពីលើប្រពន្ធ័ធារាសាស្ត្រ ដែលមាននៅពាសពេញខេត្តតែ ប៉ុណ្ណោះ។ ហើយនៅក្នុងឆ្នាំ២០១៨នេះដែរនៅក្នុងខេត្តស្វាយរៀងមានភូមិចំនួន២២ភូមិក្នុង ឃុំចំនួន៨ នៃស្រុកកំពង់រោទ៏ និង ស្រុករមាសហែក បាននឹងកំពុងប្រឈមបញ្ហាកង្វះទឹកសំរាប់ធ្វើស្រែបង្កបង្កើនផលដំណាំ និងនៅប៉ុន្មានសប្តាហ៏នេះដែរក៏នៅមានឃុំមួយចំនួន ទៀតនៃស្រុកស្វាយជ្រំ ក៏បានប្រឈមបញ្ហាកង្វះខាតទឹកបំប៉ន សន្ទួង ដែលបានសាប ព្រោះរួចហើយផងដែរ ។
ជុំវិញនៃការជីកស្តារប្រឡាយមេនាំទឹកមកសង្គ្រោះស្រូវនេះដែរតំណាងប្រជាពលរដ្ឋនៅក្នុងឃុំក្រោលគោ ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជាព្រមទាំងថ្នាក់ដឹកនាំខេត្តនិងក្រសួងធនធានទឹកនិងឧតុនិយមដែលបានយកចិត្តទុកដាក់ជាមួយប្រជាកសិករដែលបាននឹងកំពុងជួបនូវទុក្ខលំបាកក្នុងការងារបង្កបង្កើនផលហើយជួបនូវគ្រោះរាំងស្ងួតជាក់ស្តែងដូចនៅពេលបច្ចុប្បន្ននេះគឺមានការដឹកគ្រឿងចក្រ មកស្តារប្រឡាយដើម្បីនាំទឹកមកដើម្បីសង្គ្រោះស្រែស្រូវរបស់ប្រជាកសិកររាប់រយ.រាប់ពាន់ហិកតានៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តស្វាយរៀង។
លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា ៖ គ្រោះធម្មជាតិរាំងស្ងួត បញ្ហាកង្វះទឹកប្រើប្រាស់ក្នុងការបង្កបង្កើនផលនៅខេត្តបណ្តាភូមិ ឃុំនិងស្រុកមួយចំនួនក្នុងខេត្តស្វាយរៀង រហូតមកដល់ បច្ចុប្បន្ន នេះនៅពុំទាន់មានសភាពធ្ងន់ធ្ងរនៅឡើយទេ ដោយសាមានកងអន្តរាគមន៏របស់មន្ទីរបានបញ្ចុះគ្រឿងចក្រទៅ ជីកស្តារប្រឡាយ មេនាំទឹកក្នុងភូមិសាស្ត្រគោលដៅរាំងស្ងួតរួចរាល់ហើយផងដែរដើម្បី កុំឱ្យខូចខាចភោគផលដំណាំរបស់ប្រជាកសិករ ៕ វ៉ៃកូ