នេះឯងជាមូលហេតុដែលម្ចាស់ផលិតផលតែងទូន្មានឲ្យប្តូរបរិក្ខានៅតាមសាលា ហាងរបស់គេដែលមានការប្រគល់សិទ្ធិត្រឹមត្រូវ ។
វេលាម៉ោង ៩និង១៥នាទី ថ្ងៃទី ១ខែសីហា កន្លងមក iPhone 6 របស់ស្ត្រីចិនម្នាក់នៅសុខៗស្រាប់តែចេញផ្សែង បែកផ្កាភ្លើង រួចរយះជាពីរ ទោះបីគាត់ពុំបានដោតខ្សែសាកថ្មអ្វឡើយ គឺទុក១កន្លែងស្ងៀម… ។ ស្ត្រីអ្នកបើកបររថយន្ត បានស្រែកស្ទើរលោះព្រលឹង ហើយបញ្ឈប់យានយន្តជាបន្ទាន់ ។
គ្រប់យ៉ាងព្រោះតែថ្ម… គ្មានគុណភាព ។
ហេតុការណ៍នេះកើតឡើងនៅក្រុងសៀងហៃ គាត់កំពុងបើកបររថយន្ត ស្រាប់តែកើតហេតុការណ៍នេះភ្លាមៗ ។ សំណាងល្អពុំមានគ្រោះថ្នាក់ ។
តាមម្ចាស់ iPhone 6 ឲ្យដឹងថា គាត់ទើបប្តូរថ្មនៅកន្លែងជួសជុលទូរស័ព្ទមួយ នាតំបន់នោះកាលពីខែកុម្ភៈ ឆ្នាំ ២០១៨ ។ បុរសជាប្តីប្រាប់ថា ជាងប្តូរថ្មអះអាងថាវាជារបស់ Original ប៉ុន្តែឥឡូវគេថា គេពុំបានដឹងទេ ហើយក៏ពុំព្រមសងការខូចខាតអ្វីដែរ ។
ឥឡូវម្ចាស់របស់វាបានត្រឹមតែ… បៀមកំហឹងប៉ុណ្ណោះ ។
ប្រិយមិត្ត ! ពុំគួរគប្បីប្តូរថ្មទូរស័ព្ទក្រៅពីសាខារបស់ក្រុមហ៊ុនឡើយ ពុំនោះសោតប្រយ័ត្នមានគ្រោះថ្នាក់ ព្រោះតែជឿលើសម្តី… ជាង ៕ ចន្ទ្រា