បុរសពោះម៉ាយម្នាក់នៅក្នុងប្រទេសថៃ បានធ្វើឲ្យអ្នកប្រើប្រាស់អ៊ិនធើរណេតភ្ញាក់ផ្អើល និងសម្តែងនូវក្តីអាណិតអាសូរស្ទើរតែទប់ទឹកភ្នែកពុំបាន ខណៈគាត់បានតុបតែងខ្លួនដើរតួជា «អ្នកម្តាយ» ដើម្បីផ្តល់បទពិសោធន៍សម្រាប់កូនប្រុស២នាក់របស់គាត់ដែលកំព្រាម្តាយ នៅក្នុង «ទិវាមាតា» នៅឯសាលារៀនរបស់ពួកគេ ។
ខណៈដែល «ទិវាម្តាយ» នឹងចូលមកដល់នៅថ្ងៃអាទិត្យ សាលារៀនទាំងអស់នៅទូទាំងប្រទេស បានរៀបចំធ្វើពិធីនេះរៀងរាល់ឆ្នាំ សម្រាប់កូនសិស្សទាំងឡាយ ផ្តល់បាច់ផ្កាជូនអ្នកម្តាយរបស់ពួកគេ ដើម្បីបញ្ជាក់ពីក្តីស្រលាញ់ និងការដឹងគុណ ចំពោះអ្វីៗទាំងអស់ដែលពួកគាត់បានធ្វើនូវអំពើដ៏ល្អសម្រាប់ពួកគេ ។
ពិតណាស់ លោក Chatchai Parn-uthai ដែលជាបុរសពោះម៉ាយម្នាក់ ពុំអាចមានអ្វីរារាំងគាត់ចូលរួមនៅក្នុងព្រឹត្តិការណ៍នេះបានទេ ដែលត្រូវបានធ្វើឡើងនៅសាលាសប្បុរធម៌ Wat Trai Rattanaram ស្ថិតក្នុងខេត្ត Kanchanaburi ។
គាត់បានសរសេរនៅលើហ្វេសប៊ុករបស់គាត់ថា៖ «ខ្ញុំជាបុរសពោះម៉ាយ មានកូន២នាក់ ។ ខ្ញុំអាចធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ពួកគេ» ។
តាមរយៈរូបភាព និងវីដេអូឃ្លីប បង្ហោះឡើងហ្វេសប៊ុក បានបង្ហាញឲ្យឃើញកូនៗរបស់គាត់ បានជួនកម្រងផ្កា និងក្រាបសំពះគាត់ ដូចក្មេងៗដទៃធ្វើចំពោះអ្នកម្តាយរបស់ពួកគេផងដែរ ៕ ចន្ទី (coconuts)