រហូតមកដល់ចុងសតវត្សរ៍ទី១៩ ទើបរដ្ឋាភិបាលចិនព្រមទទួលស្គាល់ជនជាតិចិននៅបរទេស។ មុនពេលនោះ រដ្ឋាភិបាលចិនបានចាត់ទុកជនជាតិចិននៅក្រៅប្រទេសទាំងឡាយថាជាចោរសមុទ្រ ជនក្បត់ជាតិនិងជាអ្នករត់ចោល ស្រុកកំណើត (Yen Ching-Hwang, ឆ្នាំ១៩៨៥ ទំ.១៦-១៩)។ នៅឆ្នាំ១៦០៣ រដ្ឋាភិបាលនៃរាជវង្សមីង បានគាំទ្រដោយសម្ងាត់ នូវការសម្លាប់រង្គាលជនជាតិចិនចំនួន ២៥.០០០នាក់ នៅប្រទេសហ្វីលីពីន ដោយផ្អែកលើហេតុផលថា ពួកជនរងគ្រោះទាំងនោះ«មិនមានភាពស្មោះត្រង់ និងរមឹលគុណចំពោះប្រទេសចិន មាតុភូមិ ឪពុកម្ដាយ ដូនតារបស់ខ្លួន ពីព្រោះពួកគេមិនបានវិលត្រឡប់មកប្រទេសចិនដើម្បីចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មីឡើយ»។ ស្រដៀងគ្នានេះដែរ គេក៏បានបង្ហាញពីការស្វាគមន៍ចំពោះព័ត៌មានស្ដីពីការសម្លាប់រង្គាលជនជាតិចិននៅលើកោះជ្វា ពីសំណាក់ពួកហូលឡង់ នៅឆ្នាំ១៧៤០ (Yen Ching-Hwang, ឆ្នាំ១៩៨៥ ទំ.ទី២២)។
សេចក្ដីអះអាងទាំងនេះបង្ហាញឱ្យឃើញនូវទស្សនៈទូទៅមួយដែលយល់ឃើញថា ភាពជាជនជាតិចិនត្រូវតែប្រកាន់យកព្រំដែន នៃទឹកដីរបស់ប្រទេសចិន ហើយព្រំប្រទល់ទាំងនេះមិនសំដៅលើតែខ្សែបន្ទាត់បែងចែកប្រទេសចិនពីទឹកដីដែលកាន់កាប់ដោយពួកឈ្លានពានដែលមាន ចិត្ដឃោរឃៅឡើយ ប៉ុន្ដែក៏សំដៅដល់ទឹកដីទាំងឡាយដែលណាដែលមានផ្នូរដូនតារបស់ខ្លួនដែរ ទាំងនៅលើមេឃ និងលើដី ដូចបានបង្ហាញក្នុងរឿងនិទានទាំងឡាយនៅសតវត្សរ៍ទី១៣។ ដើម្បីបោះបង់ចោលនូវទឹកដីមាតុភូមិរបស់ដូនតាខ្លួន គេត្រូវបោះបង់ចោលនូវកន្លែងខ្លួនឯង ដែលស្ថិតនៅក្នុងចក្រវាលទាំងមូលរបស់ចិន។ នៅក្នុងកំណត់ផែនទីរបស់ប្រទេសចិន នាសតវត្សរ៍ទី១៩ គេឃើញមានការផ្លាស់ប្ដូរដ៏សំខាន់មួយនៅក្នុងគំនិតរបស់រដ្ឋាភិបាលនៃអធិរាជចិន ដែលបង្កើតនូវគោល នយោបាយថ្មីៗជាច្រើន ដើម្បីទទួលស្គាល់ថាជនភៀសខ្លួនសញ្ជាតិចិននៅខាងក្រៅប្រទេសទាំងឡាយមិនមែនជាចោរសមុទ្រ ឬជាអ្នករត់ចោលស្រុកឡើយ ប៉ុន្ដែជាពលរដ្ឋចិនដែលត្រូវការការពារពីប្រទេសចិនទៅវិញ។ មានកត្តាជាច្រើនដែលបង្កើតឱ្យមានគំនិតនេះ ប៉ុន្ដែអ្វីដែលច្បាស់បំផុតនោះ គឺថានៅពេលដែលប្រទេសចិនចាញ់ពួក បរទេសនៅក្នុងសង្គ្រាមអាភៀន (Opium Wars) ប្រទេសចិនបានខ្នះខ្នែងក្នុងការលើកតម្កើងរបៀបនៃការគិតតាមបែប ប្រពៃណីថា ប្រទេសចិនគឺជាមជ្ឈមណ្ឌលដែលមានអំណាចខ្លាំងជាងគេលើពិភពលោក។ គេលែងចាត់ប្រទេសចិនថាជាផ្កាយ ដែលស្ថិតនៅនឹងមួយកន្លែងត្រង់ចំណុចប៉ូលបញ្ជាលើផ្កាយទាំងឡាយទៀតហើយ (ខុងជឺ ឆ្នាំ១៩៧៣ ទំ.ទី៦៣)។ ការគិតដូច្នេះ បានធ្វើឱ្យប្រទេសចិនចាប់ផ្ដើមបង្កើតការទាក់ទងជាមួយបរទេស (ដែលមានឈ្មោះថា Zongli Yamen) នៅក្នុងឆ្នាំ១៨៦១ បន្ទាប់មកក៏មានការកើនឡើងនូវដំណើរទស្សនកិច្ចទៅបរទេសពីសំណាក់មន្ដ្រីជាច្រើនរបស់រដ្ឋាភិបាលនៃរាជវង្សឈីង (ឈីង ខ្មែរនិយមហៅថារាជវង្ស ឆេង) ហើយក៏ចាប់ផ្ដើមមានការផ្លាស់ប្ដូរនូវអាកប្បកិរិយាដ៏គឃ្លើនរបស់ខ្លួនដែលធ្លាប់មាន។ បន្ទាប់ពីបានបង្កើតស្ថានទូត(ស្ថានកុងស៊ុល) របស់ខ្លួននៅបរទេសក្នុងសតវត្សរ៍ឆ្នាំ១៨៧០ និងឆ្នាំ១៨៨០ ប្រទេសចិនចាប់ផ្ដើមយល់ដឹងកាន់តែខ្លាំងនូវតម្លៃសេដ្ឋកិច្ចរបស់ជនជាតិចិននៅបរទេស (Yen Ching-Hwang, ឆ្នាំ១៩៨៥ ទំ.ទី២០៦និង២៤៩) ។ការលុបបំបាត់ចោលនូវការជួញដូរទាសករនៅក្នុងពិភពលោកនៅឆ្នាំ១៨១៤ និងការកើនឡើងនូវ ពាណិជ្ជកម្មកម្លាំងពលកម្មនៅក្នុងប្រទេសចិនក៏បានធ្វើឱ្យមានការកែប្រែអាកប្បកិរិយារបស់រដ្ឋាភិបាលនៃរាជវង្សឈីង ដែរ។ ការបញ្ជូនចេញជាលើកដំបូងនូវកម្មករចិនទៅដែនដីអាណានិគមបារាំងនៅកោះប៊ូ ដុង (Bourdon) ក្រោមកិច្ចសន្យាជាមួយ បរទេសបានធ្វើឡើងនៅឆ្នាំ១៨៤៤។ នៅពេលនោះជនភៀសខ្លួនដែលរស់នៅក្រៅប្រទេសទាំងឡាយលែងត្រូវបានគេចាត់ទុក ថាជាជនក្រៅសង្គមទៀតហើយ ប៉ុន្ដែជាពលរដ្ឋតំណាងឱ្យប្រទេសចិន។ កាលពីមុន ជនជាតិចិនរស់នៅបរទេសត្រូវបានគេ ចាត់ទុកថាជាអ្នករត់ចោលស្រុកកំណើតនិងជាជនក្បត់ជាតិ តែឥឡូវនេះត្រូវបានគេចាត់ទុកថាជាពលរដ្ឋនិងជាអ្នកជំនួញជាន់ ខ្ពស់ទៅវិញ (Yen Ching-Hwang ឆ្នាំ១៩៨៥ ទំ.ទី៣៣)។ ដោយសារមានការបង្ខិតបង្ខំពីកងកម្លាំងយោធារបស់ពួកសម្ព័ន្ធមិត្តនៅឆ្នាំ១៨៦០ រដ្ឋាភិបាលនៃរាជវង្សឈីង បានចុះសន្ធិសញ្ញាជាមួយចក្រភពអង់គ្លេសនិងប្រទេសបារាំងទទួលស្គាល់នូវសិទ្ធិ ធ្វើដំណើរបស់ប្រជាពលរដ្ឋចិននិងធានាគោរពកិច្ចសន្យាលក់កម្លាំងដែលខ្លូនបានធ្វើជាមួយពួកអាណានិគម (Yen Ching-Hwang, ឆ្នាំ១៩៨៥ ទំ.ទី៣៩ ៤២ ៩៩-១០០)។ សន្ធិសញ្ញាដែលបានចុះហត្ថលេខានៅឆ្នាំ១៨៦០ គឺ៣ឆ្នាំមុនពេលមានការ បង្កើតឡើងនូវរបបអាណាព្យាបាលបារាំងនៅកម្ពុជា បានបើកចំហឱ្យមានការធ្វើដំណើរអន្ដោប្រវេសន៍ពីសំណាក់ជនជាតិចិនថ្មីៗជាច្រើនទៀតដែលជាប្រការធ្វើឱ្យមានជនជាតិចិនកាន់តែច្រើននៅកម្ពុជា។
នៅក្រោមការគ្រប់គ្រងរបស់បារាំង តម្រូវការកម្លាំងពលកម្មមានតម្លៃថោក ការប្រើប្រាស់ជនជាតិចិនជាឈ្មួញកណ្ដាលក្នុង វិស័យសេដ្ឋកិច្ចនិងការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើដំណើរ(ចរាចរ) របស់ជនជាតិចិនមករស់នៅនិងឆ្លងកាត់តំបន់ ឥណ្ឌូចិនដែលគ្រប់គ្រងដោយបារាំង បានធ្វើឱ្យមានការបង្កើតឡើងនូវព្រំដែនបែងចែកជាតិសាសន៍ដ៏តឹងរ៉ឹងជាច្រើន។ ការបង្កើតច្បាប់អន្ដោប្រវេសន៍ ច្បាប់ពន្ធដារ ច្បាប់គ្រប់គ្រងសង្គម និងច្បាប់ការងារ បានបង្កើតឡើងឱ្យមានសញ្ញាណនៃការ បែងចែកសមាជិកក្នុងក្រុមនិងសមាជិកក្រៅក្រុម ដែលជាកត្តាធ្វើឱ្យផុសឡើងនូវគំនិតប្រឆាំងនឹងរបបអាណានិគមនៅទូទាំង ប្រទេស។ ជនជាតិចិនទាំងឡាយដែលទើបមកដល់ថ្មី ត្រូវឆ្លងកាត់ប្រព័ន្ធត្រួតពិនិត្យដ៏ច្បាស់លាស់មួយនៅតាមសហគមន៍ ដើម្បីងាយស្រួលក្នុងការប្រមូលប្រាក់ចំណូល។ រហូតមកដល់ឆ្នាំ១៩០៧ គេនៅតែពិនិត្យស្នាមមេដៃនិងវាស់ក្រយៅក្បាល របស់ជនជាតិចិននៅពេលដែលពួកគេមកដល់ ដែលនេះគឺជាការបង្ហាញថាពួកគេជាអ្នកលក់កម្លាំងពលកម្មនៅថ្ងៃនេះ ប៉ុន្ដែនឹងក្លាយជាម្ចាស់នៅថ្ងៃស្អែក។ ជនជាតិចិនត្រូវបានគេហាមឃាត់មិនឱ្យចូលរួមក្នុងកិច្ចការនយោបាយនៅប្រទេសកម្ពុជា ហើយពួកគេត្រូវបានពួកអាណានិគមបារាំងជេរស្ដីថា ជាអ្នកជំនួញដែលមានចំណង់ច្រើនហួសហេតុ ឬជាកម្មករដែលមានគំនិតមិនល្អ ដែលស្វែងរកសេចក្ដីសុខ ក្នុងជីវិតរបស់ខ្លួនពីការជួញដូរអាភៀន ពីការលេងល្បែងនិងការចាប់ជំរិត។ ទោះបីជាពួកបារាំងប្រមូលបានចំណូលជាច្រើនពី ជនជាតិចិនតាមរយៈការយកពន្ធដែលមានលក្ខណៈប្រកាន់ពូជសាសន៍ដោយពួកមន្ដ្រីអាណានិគមជាច្រើនត្អូញត្អែរថា ជនជាតិចិនមិនបានផ្ដល់ផលប្រយោជន៍អ្វីសោះដល់ប្រទេសកម្ពុជា ផ្ទុយទៅវិញពួកជនជាតិចិនទាំងនោះបានបញ្ជូនប្រាក់ ចំណូលទាំងឡាយដែលពួកគេរកបានទៅស្រុកកំណើតរបស់ខ្លួនអស់។ ក្នុងនាមជាអាណាព្យាបាលពួកបារាំងមានការពេញចិត្តពេញថ្លើមយ៉ាងខ្លាំងជាមួយនឹងការស្រឡាញ់រាប់អានពីសំណាក់ប្រជាពលរដ្ឋខ្មែរភាគច្រើនដូចមានបង្ហាញនៅក្នុងសំណេរ(អភិប្រាយ) របស់អ្នកស្រាវជ្រាវមួយចំនួនធំនិងប្រលោមលោកជាច្រើនស្ដីអំពីពួកអាណានិគម។ ផ្ទុយទៅវិញ វប្បធម៌ និងសង្គមរបស់សហគមន៍ចិននៅកម្ពុជាបានទទួល ការយកចិត្ដទុកដាក់តិចតួចប៉ុណ្ណោះពីសំណាក់អ្នកស្រាវជ្រាវទាំងឡាយ។ ក្នុងក្រសែភ្នែករបស់ពួកបារាំង ជនជាតិចិនគឺជា មនុស្សដែលមានសារសំខាន់តិចតួចបំផុត ទោះបីជាគំនិតក្នុងការធ្វើជំនួញ និងឧស្សាហកម្មរបស់ជនជាតិចិនបានផ្ដល់ជាទុន ជួយឱ្យរបបអាណានិគមមានដំណើរការទៅមុខក៏ដោយ។
ប៉ុន្ដែ មន្ដ្រីគ្រប់គ្រងរដ្ឋបាលនៃរបបអាណានិគមបារាំង មិនត្រឹមតែជាអ្នកដែលបានទទួលផលប្រយោជន៍ក្នុងការបង្កើតឱ្យមាន អត្ដសញ្ញាណដោយឡែកមួយក្នុងចំណោមជនជាតិចិនទាំងឡាយដែលរស់នៅបរទេសប៉ុណ្ណោះទេ តាមពិត កត្ដាសំខាន់ក្នុងការផ្លាស់ប្ដូរនិយមន័យ ដែលពួកគេបានធ្វើឡើងសម្រាប់ជនភៀសខ្លួនជនជាតិចិន ដែលកាលពីមុនមានឈ្មោះ ថាជាសំណាត់អណ្ដែតតាមទឹក ជាក្រុមចោរសមុទ្រ និងជាឧក្រិដ្ឋជន ឱ្យទៅជាអ្នកដែលមានឈ្មោះថាជាជនជាតិដែលមាន សហគមន៍រឹងមាំនៅបរទេសនោះ ក៏បានបង្កើតឱ្យមានគំនិតជាតិនិយមក្នុងចំណោមជនជាតិចិនដែរ។ ប្រការនេះ បានធ្វើឱ្យមានការគិតគូរឡើងវិញអំពីឋានៈរបស់ជនជាតិចិនក្នុងរដ្ឋាភិបាលដែលពួកគេរស់នៅ និងធ្វើឱ្យមានការផ្លាស់ប្ដូរ រូបភាពនៃអត្ដសញ្ញាណជនជាតិចិនទាំងឡាយដែលរស់នៅបរទេសផងដែរ។ បន្ទាប់ពីរដ្ឋាភិបាលនៃរាជវង្សឈីង បានទទួលអត្ថប្រយោជន៍សេដ្ឋកិច្ចនិងកិត្យានុភាពពីការទទួលស្គាល់ជនជាតិចិននៅបរទេសនោះ ជនបដិវត្ដនៅក្នុងក្រុមរបស់ លោកស៊ុន យ៉ាតសេន (Sun Yatsen) និងអ្នកកែទម្រង់និយមក្នុងក្រុម កាំង យូវ៉េ ក៏បានទទួលស្គាល់នូវធនធាន(ឬអត្ថប្រយោជន៍)ផ្នែកនយោបាយរបស់ពួកជនជាតិចិនទាំងនោះដែរ។ ចាប់តាំងពីចុងសតវត្សទី១៩ មក រដ្ឋាភិបាលនិងបញ្ញវន្ដចិនបានចាប់អារម្មណ៍លើជនជាតិចិននៅបរទេសដូចមន្ដ្រីអាណានិគមដែរ។ ចំណងទាក់ទងរបស់សហគមន៍លើជនជាតិចិននៅបរទេសទៅនឹងប្រទេសចិននៅសតវត្សទី១៩ មានដូចជាការបញ្ជូនលុយកាក់ទៅឱ្យបងប្អូនរបស់ខ្លួនដែលរស់នៅតាមបណ្ដាខេត្ដនានាស្ថិតនៅភាគខាងត្បូងនៃប្រទេសចិន ទៅសម្រាកចូលនិវត្ដនិងស្លាប់នៅទីនោះ ថែមទាំងការដឹកជញ្ជូនអដ្ឋិធាតុ(ឆ្អឹងសព) នៃសាច់ញាតិរបស់ខ្លួនទៅបញ្ចុះនៅទឹកដីកំណើតរបស់ពួកគេ (Yong, ឆ្នាំ១៩៩២ ទំ.ទី៨៣) ។ ការកើនឡើងនូវគំនិតជាតិនិយមបានជំរុញឱ្យមានការកើតឡើងនូវទឹកចិត្តរឹងមាំយូរអង្វែងក្នុងសកម្មភាពនយោបាយ សេដ្ឋកិច្ច និងអប់រំ ។ ការកសាងមូលដ្ឋានគ្រឹះលើទំនាក់ទំនងជិតស្និទ្ធក្នុងសង្គម និងវប្បធម៌ដូចជាល្ខោនចិន(ហ៊ីចិន) ការប្រារព្ធពិធីសាសនា វិស័យសុខាភិបាល ម្ហូបអាហារ និងការអប់រំ បានជំរុញឱ្យជនជាតិចិននៅតំបន់អាស៊ីអាគ្នេយ៍បង្កើន ទំនាក់ទំនងនយោបាយជាមួយប្រទេសចិនកាន់តែខ្លាំងឡើង។
ដោយមានការដឹកនាំពីសំណាក់លោកស៊ុន យ៉ាតសេន អ្នកជាតិនិយមជនជាតិចិនទាំងឡាយបានបង្កើតសាលារៀនចិននិង សមាគមវប្បធម៌ជាច្រើននៅអាស៊ីអាគ្នេយ៍។ រាជវង្សឈីង បានទាក់ទាញសហគមន៍ចិននៅបរទេសដែលមានគំនិតជាតិនិយម ជាច្រើនឱ្យមានការពេញចិត្ដចំពោះរដ្ឋបាលរបស់ខ្លួន ហើយបានចុះឈ្មោះទទួលស្គាល់នូវជំនឿ ប្រពៃណីរបស់ជនជាតិចិន ដែលរស់នៅបរទេសក្នុងច្បាប់សញ្ជាតិរបស់ខ្លួននៅក្នុងឆ្នាំ១៩០៩។ ចាប់តាំងពីពេលនោះមក អត្ដសញ្ញាណនៃជនជាតិចិនលែងត្រូវបានគេកំណត់ត្រឹមតែមានកំណើតកើតនៅក្នុងរង្វង់នៃទឹកដីដូនតារបស់ខ្លួនទៀតហើយ។ ច្បាប់សញ្ជាតិថ្មីនេះបានបង្កើតឱ្យមានគោលការណ៍នៃការទទួលស្គាល់សញ្ជាតិតាមរយៈតំណពូជឈាមជ័ររបស់ឪពុកម្ដាយ ជាមួយនឹងប្រទេសកំណើត ហើយបានកំណត់វិសាលភាពនៃជាតិសាសន៍ចិនជាថ្មី ដោយផ្អែកលើសែស្រឡាយឈាមជ័រវិញ (នេះជាប្រការដែលមិនធ្លាប់មានពីមុនមកឡើយ (Fitzgerald, ឆ្នាំ១៩៧២ ទំ.ទី៦)។ ដូច្នេះគេនិយាយបានថា អ្នកឯងគឺជាជនជាតិចិនដោយសារមានឈាមជ័រចិន មិនមែនដោយសារឈ្មោះឡើយ។ អ្នកទាំងឡាយណាដែលមានឪពុក ឬម្ដាយជាជនជាតិចិន(ទោះជាគេមិនស្គាល់ថាឳពុកជាជាតិសាសន៍អ្វីក៏ដោយ) អ្នកនេះនឹងក្លាយជាជនជាតិចិន ទោះជានៅទីកន្លែងណាក៏ដោយ។
ដូច្នេះច្បាប់សញ្ជាតិនេះបានផ្ដល់ការទទួលស្គាល់ស្របច្បាប់ដល់ជនជាតិចិនទាំងឡាយដែលរស់នៅបរទេស ទន្ទឹមនឹងនោះបង្កើតឱ្យមានការគិតស្រមៃដល់សហគមន៍ជនជាតិចិនដែលរស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ដូចជាអ្នកដែលបានកើតនៅលើកោះ ប័រណេអូ (Borneo) ឬនៅខេត្តបាត់ដំបង ដែលសព្វថ្ងៃនេះក្នុងក្ដីស្រមើស្រមៃរបស់ពួកគេ ក៏បានងាកទៅគិតពីបញ្ហាទឹកដីមាតុភូមិរបស់ដូនតាពួកគេ (Wang, ឆ្នាំ១៩៩១ ទំ. ទី២២៣ និង Anderson , ឆ្នាំ១៩៨៣ ទំ. ទី១៣៣)៕
លីសា