ខេត្តកំពង់ចាម: ក្រុមប្រឹក្សាខេត្តកំពង់ចាម ចំនួន ២៧រូប អាណត្តិទី ៤ ត្រូវបានប្រកាសចូលកាន់តំណែង នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សន្តិបណ្ឌិត នេត សាវឿន ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ជាមួយនោះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំឥស្សរជនប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្តទៀតផង។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា: ក្នុងនាមជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ដែលបានជាប់ឆ្នោត ទោះបីជា ឯកឧត្តម លោកជំទាវ មានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗ ពីគ្នា ក៏ពិតមែន ប៉ុន្តែ តាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សាខេត្ត គឺជាតំណាងឲ្យប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម ទាំងមូល ។ ហេតុនេះ នៅក្នុងអាណត្តិការងារ៥ឆ្នាំនេះ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត សូមស្នើឱ្យខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បី ឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំង សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានឲ្យដឹងផងដែរថា គណៈអភិបាលខេត្ត បានសហការល្អ ជាមួយក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្នុងរយៈពេល ៥ឆ្នាំ ដែលសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន។ ជាពិសេស ការចាត់វិធានការក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ និងការលុបបំបាត់នូវរាល់សកម្មភាព អសកម្មមួយចំនួន ដើម្បីធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ បានល្អប្រសើរ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សន្តិបណ្ឌិត នេត សាវឿន បានថ្លែងកោតសរសើរ ដល់ខេត្តកំពង់ចាម ដែលបានអនុវត្តការងារទទួលបានជោគជ័យជាច្រើន នាពេលកន្លងទៅ ដោយក្រុមប្រឹក្សាខេត្ត បានសហការល្អ បំពេញការងារល្អ ជាមួយគណៈអភិបាលខេត្ត ក្រុង ស្រុក ទាំងអស់ ពោលគឺដំណើរការរួម ដោយពុំមានបញ្ហាអ្វីទាំងអស់ ។ ទន្ទឹមនឹងនេះ ការកត់សម្គាល់របស់រាជរដ្ឋាភិបាល ឃើញថាខេត្តកំពង់ចាម រួមទាំងក្រុមប្រឹក្សា រួមទាំងគណៈអភិបាល ខេត្ត ក្រុង ស្រុក គឺបំពេញការងារ ទទួលបានជោគជ័យ ក្នុងការបម្រើប្រជាពលរដ្ឋ អំពីការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ទោះបីបទល្មើស ទោះបីគ្រោះថ្នាក់ចរាចរណ៍ ទោះបីបញ្ហាគ្រឿងញៀន នៅមានបញ្ហា ក៏ប៉ុន្តែ ដំណើរការរបស់យើង ធ្វើបានល្អ និងបានធ្វើឲ្យសភាពការទាំងអស់នោះ មានការថយចុះជាលំដាប់ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ខេត្តកំពង់ចាមបានបំពេញល្អ ចំពោះ កិច្ចការបម្រើសេវាសាធារណៈ ទោះបីមិនទាន់ល្អឥតខ្ចោះ ក៏ប៉ុន្តែ ត្រូវបានទទួលស្គាល់ថា ការបម្រើសេវាសាធារណៈឲ្យសង្គមទាំងមូល នៅក្នុងខេត្ត មានការជឿនលឿនជាងមុន ពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីថា សេវាសាធារណៈ យើងត្រូវប្តេជ្ញាចិត្តបន្ត ត្រូវកែប្រែឥរិយាបថបន្ត ប៉ុន្តែ គុណភាពការងាររបស់យើង ត្រូវបានដំណើរការល្អជាបន្តបន្ទាប់ ផងដែរ ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី