Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូក្រុមការងារព័ត៌មានសម្ដេចធិបតីចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមការងារព័ត៌មានរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយឯកឧត្ដម គួច វែងស្រ៊ុន ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹកស្ទឹងតូច និងស្ថានីយបូមទឹកសាក់សំពៅ នៃគម្រោងដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងការងារស្តារប្រឡាយព្រែកហូរ ក្នុងខេត្តកណ្តាល។

ឯកឧត្ដមរដ្ឋមន្ត្រី និងក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹកស្ទឹងតូច ក្នុងខេត្តកំពង់ស្ពឺ ដែលមានកម្ពស់ ៨ម៉ែត្រ ទទឹងខាង ៥១ម៉ែត្រ និងមានទ្វារទឹកចំនួន៥ ទ្វារនីមួយៗមានទទឹង ៨,៥ម៉ែត្រ និងមានកម្ពស់ ៧,៥ម៉ែត្រ នៃអនុគម្រោងប្រព័ន្ធដោះទឹកស្ទឹងតូច។ អនុគម្រោងនេះរួមមាន ១)ស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ទំហំមាត់លើ ១០០ម៉ែត្រគិតទាំងខ្នងទំនប់សងខាង និងបាត ៤០ម៉ែត្រ និង ២)សាងសង់សំណង់សិល្បការ្យសរុប ៦៨កន្លែង ក្នុងនោះ លូគ្រប់ប្រភេទចំនួន ៥៤កន្លែង ជួសជុលស្ពានចំនួន ១៣កន្លែង និងសាងសង់ទ្វារទឹក ១កន្លែង។ ប្រព័ន្ធស្ទឹងតូចមានសក្តានុពលពង្វាងទឹកពីស្ទឹងព្រែកត្នោតក្នុងខេត្តកំពង់ស្ពឺបានប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទីទៅទន្លេបាទី ធ្លាក់ទៅទន្លេបាសាក់។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៧០%។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបានចុះពិនិត្យការងារសាងសង់ស្ថានីយបូមទឹកសាក់សំពៅ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានអគារកម្ពស់ ៨ម៉ែត្រ មានទទឹងខាង ២៧ម៉ែត្រ និងបណ្តោយទាំងថ្មការពារជើងទេរមុខក្រោយ ១៥០ម៉ែត្រ មានក្បាលបូម ៦គ្រឿង អាចបូមទឹកបាន ៣០ម៉ែត្រគូបក្នុង១វិនាទីនៃអនុគម្រោងប្រព័ន្ធប្រឡាយមេជើងឯក។

ក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារក៏បានចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយព្រែកហូរ ប្រវែង ៧,២គីឡូម៉ែត្រ នៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល។ ប្រព័ន្ធនេះមានសក្តានុពលដោះទឹកចេញពីស្ទឹងព្រែកត្នោតត្រង់ចំណុចស្ពានព្រែកហូរ នៃភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅបានប្រមាណ ៥១៥ ម៉ែត្រគូបក្នុង១វិនាទី ទៅតាមព្រែកយាយជា ២១៥ម៉ែត្រគូបក្នុង១វិនាទី ប្រឡាយភ្ជាប់លេខ៣ប្រមាណ ២០០ម៉ែត្រគូបក្នុង១វិនាទី និងព្រែកថី ប្រមាណ ១០០ម៉ែត្រគូបក្នុង១វិនាទី គិតមកដល់ពេលនេះវឌ្ឍនភាពគម្រោងសម្រេចបានប្រមាណ ៩៥%៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×