កោះកុង ៖ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨នៃរដ្ឋសភា) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ និងមានការចូលរួមពី ឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្ត្រខេត្តកោះកុង បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្រេង ហុង អភិបាលស្តីទីនៃគណៈអភិបាលខេត្តកោះកុង ដើម្បីចុះពិនិត្យការអនុវត្តច្បាប់ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុក នៅសាលប្រជុំសាលាខេត្តកោះកុង។
លោកជំទាវ ឡោក ខេង បានលើកឡើងពីគោលបំណងក្នុងការតាមដានការអនុវត្តច្បាប់ និងលើកកម្ពស់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ដោយបានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលផ្តោតសំខាន់ទៅលើ កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ក្នុងឱកាសនោះ ឯកឧត្តម ស្រេង ហុង អភិបាលស្តីទី បានបង្ហាញពីវឌ្ឍនភាពការងារ និងហេដ្ឋារចនាសម្ព័ន្ធនានាដែលខេត្តបានធ្វើកន្លងមក ក្នុងនោះក៏មានវិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីផងដែរ។ ឯកឧត្តមអភិបាលស្តីទីបានបន្តទៀតថា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជីតាមសហគ្រាសគ្រឹះស្ថានក្នុងខេត្តសរុបចំនួន៧៦ ដែលមានកម្មករ និយោជិតកំពុងបម្រើការងារសរុបចំនួន១៤.៦១៦នាក់ ក្នុងនោះមានកម្មករបរទេសចំនួន ២.០៤២នាក់ និងបានចុះតាមដាន ផ្សព្វផ្សាយ និងបណ្តុះបណ្តាលសេវាសន្តិសុខសង្គមទាំងបួនផ្នែកដូចជា៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំ ផ្នែកសោធន (បង់ភាគទានផ្នែកសោធនស្ម័គ្រចិត្ត) និងស្វ័យនិយោជន៍។ ចំពោះវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងអាជ្ញាធរឃុំ សង្កាត់ អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ទូទាំងខេត្ត។
ឯកឧត្តមបានបន្ថែមទៀតថា វិស័យសុខាភិបាល បានពិនិត្យ និងពិគ្រោះជំងឺក្រៅសរុបចំនួន ៧.៣០៤៨ ករណី (ករណីថ្មីចំនួ៦៦.៩៧៩ករណី) បានផ្តល់សេវាការព្យាបាលអ្នកជំងឺ ដោយសម្រាកពេទ្យ ផ្តល់សេវាសម្រាលកូន ផ្តល់សេវាជូនស្ត្រីមានផ្ទៃពោះ មកពិនិត្យផ្ទៃពោះមុនសម្រាល និងក្រោយសម្រាល និងចាក់ថ្នាំបង្ការជំងឺ១១មុខជូនកុមារ។ ចំណែកវិស័យកិច្ចការនារីបានផ្សព្វផ្សាយ និងបើកវគ្គបណ្តុះបណ្តាលសិស្សចូលរៀនជំនាញធ្វើអំបោសស្មៅត្រែង សំអាងកាយ និងកាត់ដេរសំលៀកបំពាក់ដល់ស្ត្រីក្រីក្រ ក្មេងស្រីបោះបង់ការសិក្សា និងស្ត្រីរងគ្រោះដោយអំពើហិង្សា និងបើកវេទិកាផ្សព្វផ្សាយជាច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង។
ឯកឧត្តមអភិបាលខេត្តស្តីទី បានលើកឡើងពីបញ្ហាប្រឈមនានា ដែលខេត្តបានជួបប្រទះនាពេលកន្លងមកមានកង្វះខាតធនធានមនុស្ស និងបច្ចេកទេស កង្វះខាតឱសថ និងសម្ភារៈបរិក្ខារពេទ្យ ម្ចាស់សហគ្រាស និងនិយោជកមួយចំនួនមិនទាន់បានយល់ច្បាស់អំពីច្បាប់ ប.ស.ស ការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ ដែលនាំឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកជាដើម។
បន្ទាប់ពីបានស្ដាប់របាយការណ៍ខេត្តរួចមក លោកជំទាវឡោក ខេង បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរខេត្ត ដែលខិតខំបំពេញភារកិច្ចជូនប្រជាពលរដ្ឋឱ្យស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ក្នុងការផ្តល់សេវាសុខាភិបាលសម្រាប់ពង្រឹងប្រព័ន្ធគាំពារសង្គម ជំនួយសង្គម និងសន្តិសុខសង្គម ការបណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចេកទេសជូនយុវជនក្រីក្រ និងងាយរងហានិភ័យ។
ដូចការចុះផ្សព្វផ្សាយនៅបណ្តាខេត្តផ្សេងៗដែរ លោកជំទាវប្រធានគណៈកម្មការ បានស្នើសុំឱ្យមណ្ឌលសុខ ភាព និងមន្ទីរពេទ្យបង្អែកខេត្តដាក់ប៉ាណូ និងចាក់វីដេអូអប់រំផ្សព្វផ្សាយពីការបង្ការ និងរបបអាហារសម្រាប់ការពារជំងឺមិនឆ្លងជូនដល់ប្រជាពលរដ្ឋ និងផ្សព្វផ្សាយដល់យុវជនឲ្យមកចូលរៀននៅសាលាបណ្ដុះបណ្ដាលពហុបច្ចេកទេសខេត្ត ដើម្បីឲ្យក្លាយទៅជាកម្មករជំនាញ និងទទួលបានប្រាក់ខែខ្ពស់។ លោកជំទាវបានបន្តទៀតថា មន្ទីរប.ស.ស ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការផ្សព្វផ្សាយពីសារៈសំខាន់នៃការប្រើប្រាស់ប័ណ្ណប.ស.ស ដល់បុគ្គលស្វ័យនិយោជន៍ឱ្យបានយល់ច្បាស់ និងចូលរួមជាមួយប.ស.ស ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី