ភ្នំពេញ៖ ក្នុងពិធីបើកសិក្ខាសាលាស្តីពី ចំណេះដឹងហិរញ្ញវត្ថុសម្រាប់សហគ្រិន ក្នុងការវិនិយោគលើទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ដែលរៀបចំដោយក្រុមហ៊ុន BIC Markets នាពេលថ្មីៗនេះ លោក វិន ភ័ក្តី អគ្គនាយករងនិយ័តករមូលបត្រកម្ពុជា បានថ្លែងឲ្យដឹងថា បង្កើតឡើងនៅឆ្នាំ២០១១ រយៈពេលជាង១ទសវត្សរ៍មកនេះ មានក្រុមហ៊ុនចំនួន២៣ បានបោះផ្សាយលក់មូលបត្រ និងចុះបញ្ជីរលក់មូលបត្រ នៅផ្សារមូលបត្រកម្ពុជា។
លោកស្រី ប៊ុន សុវ៉ាត់ឌី ប្រធានក្រុមហ៊ុន BIC Markets បានមានប្រសាសន៍ថា ដោយឈរជើងយ៉ាងរ៉ឹងមាំ លើទីផ្សារអស់រយៈពេលជាយូរមកហើយ ក្រុមហ៊ុន តែងតែរួមចំណែកជម្រុញការអភិវឌ្ឍទីផ្សារមូលបត្រនេះ ជាមួយការបណ្តុះបណ្តាលធនធានមនុស្សផ្ទៃក្នុងក្រុមហ៊ុន និងដល់សាធារណៈជន។
លោកស្រីបន្តថា “ក្រុមហ៊ុន តែងតែគោរពបទបញ្ញត្តិនានា និងសហការជាមួយនិយ័តករមូលបត្រកម្ពុជា ដើម្បីជម្រុញទីផ្សារឧបករណ៍និស្សន្ទឲ្យកាន់តែរីកចម្រើន”
លោកបណ្ឌិត វិន ភ័ក្តី អគ្គនាយករងនិយ័តករមូលបត្រកម្ពុជា បានលើកឡើងថា “សម្រាប់កម្ពុជា ថ្វីត្បត្បិតតែប្រទេសយើង ចាប់ផ្តើមទីផ្សារក្រោយគេ ទំហំទីផ្សារនៅតូច ប៉ុន្តែការអនុវត្ត និងការអភិវឌ្ឍទីផ្សារស្របនឹងនិន្នាការថ្នាក់តំបន់ និងសកល”។
លោកបណ្ឌិត បានលើកឡើងទៀតថា រីឯទីផ្សារឧបករណ៍និស្សន្ទ ដែលបានបង្កើតឡើងនៅឆ្នាំ២០១៦ ហើយនៅពេលចាប់ផ្តើមទីផ្សារដំបូង ការជួញដូរបានចាប់ផ្តើមនៅឆ្នាំ២០១៧ មានទំហំទឹកប្រាក់ជាង ៤លានដុល្លារអាមេរិកប៉ុណ្ណោះ ហើយបានកើនឡើងជារៀងរាល់ឆ្នាំ ដោយនៅក្នុងឆ្នាំ២០២៣ ទំហំជួញដូរឧបករណ៍និស្សន្ទ បានកើនឡើងជិត ៣០០លានដុល្លារ។ ហើយនៅត្រឹមឆមាសទី១ឆ្នាំ២០២៤នេះ ទំហំជួញដូរ បានកើនឡើងជិត ៥០លានដុល្លារ។
គួរបញ្ជាក់ថា បើតាមលោកបណ្ឌិត វិន ភ័ក្តី បច្ចុប្បន្ននិយ័តករមូលបត្រកម្ពុជា បានផ្តល់ការអនុញ្ញាត្តជួញដូរ ផលិតផលឧបករណ៍និស្សន្ទចំនួនសរុប២៤៩ ដែលបែងចែកជា៦ប្រភេទ ទី១ កិច្ចសន្យាលើគម្លាតថ្លៃចំនួន៤២ផលិតផល ទី២ កិច្ចសន្យាលើគម្លាតថ្លៃលោហធាតុមានចំនួន៤ផលិតផល ទី៣ កិច្ចសន្យាលើគម្លាតថ្លៃប្រេងឆៅចំនូន៥ផលិតផល ទី៤ កិច្ចសន្យាលើគម្លាតថ្លៃខុម៉ុឌីធីចំនួន៦ផលិតផល ទី៥ កិច្ចសន្យាលើគម្លាតថ្លៃសន្ទស្សន៍ចំនួន២២ផលិតផល និងទី៦ កិច្ចសន្យាលើគម្លាតថ្លៃមូលបត្រកម្មសិទ្ឋចំនួន១៧០ផលិតផល៕