ភ្នំពេញ៖ ទីផ្សារមូលបត្រកម្ពុជា បានដាក់ការរំពឹងថា នឹងមានក្រុមហ៊ុនចំនួន ៥បន្ថែមទៀត ចុះបញ្ជីលក់ភាគហ៊ុន និងមូលបត្របំណុលជាសាធារណៈនៅក្នុងផ្សារមូលបត្រកម្ពុជានៅដំណាចឆ្នាំ ២០២៤នេះ ក្នុងនោះ ក្រុមហ៊ុនចុះបញ្ជីលក់បណ្ណភាគហ៊ុនចំនួន ២ក្រុមហ៊ុន និងក្រុមហ៊ុនចុះបញ្ជីលក់បណ្ណបំណុលចំនួន ៣ក្រុមហ៊ុន។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា កន្លងទៅ បានមានប្រសាសន៍ថា បច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចំនួន ២៣ ដែលបានចុះបញ្ជីលក់បណ្ណភាគហ៊ុន និងបណ្ណបំណុលជាសាធារណៈ ជាមួយការប្រមូលទុនពីផ្សារមូលបត្រសរុបប្រមាណជិត ៤០០លានដុល្លារអាមេរិក។
ឯកឧត្តម ហុង សុហួរ បានលើកឡើងថា តាមរយៈការចូលរួមរបស់ក្រុមហ៊ុនទាំងនេះ នឹងធ្វើវិស័យមូលបត្រកម្ពុជា កាន់តែមានភាពទាក់ទាញ និងរីកចម្រើនបន្ថែមទៀត ស្របពេលដែលបច្ចុប្បន្ននេះវិនិយោគិនមានការចាប់អារម្មណ៍កាន់តែច្រើនមកលើផ្សារហ៊ុនកម្ពុជា ដោយមានការបើកគណនីថ្មីជាមធ្យមពី ៨០០ទៅ ៩០០គណនី ក្នុងមួយថ្ងៃ ដែលតួលេខនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ បើធៀបកាលពីបណ្តាឆ្នាំមុនៗ។ ទំហំជួញដូរភាពហ៊ុនជាមធ្យមប្រចាំថ្ងៃមានប្រមា ណ ២៦ម៉ឺនដុល្លារអាមេរិក។ ផ្សារមូលបត្រកម្ពុជា ជាប្រតិបត្តិករទីផ្សារតែមួយគត់នៅកម្ពុជា ដែលមាននាទីធានាតម្លាភាព និងបង្កើតបរិយាកាសការងារ ឲ្យមានភាពល្អប្រសើរដល់អ្នកចូលរួមក្នុងទីផ្សារ ជាពិសេសក្រុមហ៊ុនក្នុងស្រុក ដែលត្រូវការមូលធន ដើម្បីពង្រីកអាជីវកម្ម ព្រមជាមួយនឹងការការពារផលប្រយោជន៏របស់វិនិយោគិនជាតិ និងអន្តរជាតិ៕