ពោធិ៍សាត់ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារ បានចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ព្រមទាំងការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រមួយចំនួន នៅក្នុងខេត្តពោធិ៍សាត់ រសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៨ ដោយលោករដ្ឋមន្ត្រី បានណែនាំដល់ក្រុមហ៊ុន ដែលកំពុងសាងសង់ប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត លើបញ្ហាបច្ចេកទេស ដើម្បីសំណង់មានគុណភាព ធានានូវការប្រើប្រាស់យូរអង្វែង។
ក្នុងពេលចុះពិនិត្យការសាងសង់គម្រោងអភិវឌ្ឍន៍ស្ទឹងពោធិ៍សាត់ទំនប់លេខ ៣ និងទំនប់លេខ ៥ ជំហានទី ២ និងប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល-វត្តលួង លោករដ្ឋមន្ត្រី បានទទួលយកនូវសំណូមពរ របស់បងប្អូន ប្រជាពលរដ្ឋដែលមានបញ្ហាប្រឈមមួយចំនួន នោះគឺការខ្វះខាតទឹកសម្រាប់ស្រោចស្រព នៅក្នុងក្រុងពោធិ៍សាត់ ។ ការខ្វះខាតទឹកនេះ មូលហេតុ គឺដោយសារគម្រោង កំពុងតែដំណើរការសាងសង់ ដូចនេះ ទើបមានការរអាក់រអួល ក្នុងការបញ្ជូនទឹកទៅកាន់ស្រែរបស់បងប្អូនប្រជាពលរដ្ឋ ។ ដើម្បីដោះស្រាយបញ្ហានេះលោករដ្ឋមន្ត្រី បានឧបត្ថម្ភនូវម៉ាស៊ីនបូមទឹកខ្នាតតូច ចំនួន ៦ គ្រឿង ដើម្បីបូមទឹកពីប្រឡាយមេ បញ្ចូលទៅប្រឡាយរង សម្រាប់ស្រោចស្រពស្រែរបស់ប្រជាពលរដ្ឋ ។
សូមបញ្ជាក់ជូនថា គម្រោងអភិវឌ្ឍន៍ស្ទឹងពោធិ៍សាត់ ទំនប់លេខ ៣ និងលេខ ៥ ជំហានទី ២ ស្ថិតក្នុងខេត្តពោធិ៍សាត់ គ្របដណ្តប់លើស្រុកភ្នំក្រវាញ និងស្រុកបាកាន ។ គម្រោងនេះមានការងារសំខាន់ៗដូចជា ៖ – ប្រឡាយមេបេតុង ចំនួន ១ ខ្សែ មានប្រវែងសរុប ២០,៥ គីឡូម៉ែត្រ (ទទឹងមាត់លើពី ២០,៥ – ២១,៥ ម៉ែត្រ និងទទឹងបាតក្រោម ១៤ ម៉ែត្រ ជម្រៅពី ៣-៣,៥ ម៉ែត្រ) ។
– ប្រឡាយរង ចំនួន ៧ ខ្សែ មានប្រវែរងសរុប ៥០,៨ គីឡូម៉ែត្រ (ទទឹងមាត់លើពី ៦-៨ ម៉ែត្រ និងទទឹងបាតក្រោមពី ១,៥-២,៥ ម៉ែត្រ ជម្រៅ ១,៥៨-២,២ ម៉ែត្រ) ក្នុងនោះប្រឡាយរងលេខ ១ ក្រាលបេតុងទាំងអស់ ប្រវែង ១១.០៥១ ម៉ែត្រ ដោយឡែកប្រឡាយរង ៦ ខ្សែទៀត ក្រាលបេតុងតែផ្នែកខ្លះ គឺលេខ ១-១ ប្រវែង ២.០០០ ម៉ែត្រ, លេខ ២ ប្រវែង ២៣៦ ម៉ែត្រ, លេខ ៣ ប្រវែង ២៣៦ ម៉ែត្រ, លេខ ៤ ប្រវែង ២៣៦ ម៉ែត្រ, លេខ ៥ ប្រវែង ២៣៦ ម៉ែត្រ និងលេខ ៦ ប្រវែង ២៣៦ ម៉ែត្រ ។ – ប្រឡាយស្រោចស្រព ចំនួន ៧៧ ខ្សែ មានប្រវែងសរុប ១៣៨,១៩ គម (ទទឹងមាត់លើពី ៤,០៥-៤,៧៥ ម និងទទឹងបាតក្រោមពី ០,៨-១ ម៉ែត្រ, ជម្រៅពី ១,៣-១,៥ ម៉ែត្រ) ។
– ប្រឡាយដោះទឹក ចំនួន ៨ ខ្សែ មានប្រវែងសរុប ៤៨,៨៨ គម (ទទឹងមាត់លើពី ៥,៧-៨,៥ ម និងទទឹងបាតក្រោមពី ១,៥-២,៥ ម, ជម្រៅពី ១,៥-២ ម៉ែត្រ) ។ – ស្តារស្ទឹងប្រវែង ៥ គីឡូម៉ែត្រ ។ – សំណង់យកទឹក ចំនួន ១ កន្លែង សំណង់សម្រួលចរន្តទឹកចំនួន ៣៦ កន្លែង សំណង់បង្វែរចរន្តទឹក ចំនួន ៨៨ កន្លែង និងសំណង់ស្ទាក់ទឹក ចំនួន ២ កន្លែង ។ – លូក្រោមប្រឡាយទឹក ចំនួន ៣ កន្លែង សំណង់ប្រឡាយបេតុងចម្លងទឹក ចំនួន ២ កន្លែង និងសំណង់លូទឹក ចំនួន ៦ កន្លែង ។
គម្រោងអភិវឌ្ឍន៍ស្ទឹងពោធិ៍សាត់ ទំនប់លេខ ៣ និងលេខ ៥ ជំហានទី ២ នឹងមានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រព សម្រាប់បង្កើនផលិតផលកសិកម្ម បានទំហំប្រមាណ ១៩.៧០០ ហិកតា នៅរដូវវស្សា និង ១០.៥០០ ហិកតា នៅរដូវប្រាំង ហើយក៏រួមចំណែកផងដែរក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម ។ ជារួមការអភិវឌ្ឍស្ទឹងពោធិ៍សាត់ ទំនប់លេខ ៣ និងលេខ ៥ ជំហានទី ២ នេះ នឹងធ្វើឲ្យរាជរដ្ឋាភិបាល សម្រេចបាននូវប្រព័ន្ធធារាសាស្ត្រពេញលេញមួយ ដែលអាចឲ្យប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញ និងស្រុកបាកាន ខេត្តពោធិ៍សាត់ អាចធ្វើការដោះស្រាយបញ្ហាទឹកបានមួយកម្រិតធំ ដែលពីមុនយើងពឹងផ្អែកភាគច្រើនទៅលើប្រភពទឹកពីភ្លៀងនៅរដូវវស្សា ។
បន្ទាប់មកលោករដ្ឋមន្ត្រី និងក្រុមការងារ បានបន្តដំណើរចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ ។ សូមជម្រាបជូនថា ការសាងសង់ប្រព័ន្ធធារាសាស្ត្រ ដំណាក់ឈើក្រំ ត្រូវបានបែងចែកជា ៣ កញ្ចប់ រួមមាន ៖ – កញ្ចប់ទី ១ (Package I) ៖ សាងសង់សំណង់មេកាត់ស្ទឹងពោធិ៍សាត់ ចំនួន ១ កន្លែង ត្រង់ចំណុចភូមិដំណាក់ឈើក្រំ ឃុំសំរោង ស្រុកភ្នំក្រវាញ ។ – កញ្ចប់ទី ២ (Package II) ៖ ជីកប្រឡាយមេ ១ ខ្សែ ប្រវែង ១៦.០០០ ម៉ែត្រ និងសាងសង់សំណង់សិល្បការ សរុបចំនួន ២៨ កន្លែង ។ – កញ្ចប់ទី ៣ (Package III) ៖ ជីកប្រឡាយរង ៤ ខ្សែ សរុបប្រវែង ៦៨.៩៨១ ម៉ែត្រ និងសាងសង់សំណង់សិល្បការ សរុបចំនួន ២១៥ កន្លែង ។
នៅក្នុងការសាងសង់ជំហានដំបូង ក្រសួង បានចាប់អនុវត្តនូវកញ្ចប់ទី ២ (Package II) នោះគឺការជីកប្រឡាយមេ ១ ខ្សែ ប្រវែង ១៦ គម លាតសន្ធឹងលើឃុំផ្ទះរ៉ុង ឃុំសំរោង ឃុំបាក់ចិញ្ចៀន នៃស្រុកភ្នំក្រវាញ និងឃុំតាលោ ឃុំខ្នារទទឹង នៃស្រុកបាកាន ។ ប្រឡាយមេ ១ ខ្សែនេះ នឹងមានបំពាក់នូវសំណង់សិល្បការតូច ធំ សរុបចំនួន ២៨ កន្លែង ។
នៅក្នុងការពិនិត្យនោះដែរ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមហ៊ុន Guangdong Foreign Construction Co.,Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ដែលកំពុងសាងសង់គម្រោងអភិវឌ្ឍន៍ស្ទឹងពោធិ៍សាត់ ជំហានទី ២ ក៏ដូចជាក្រុមហ៊ុនជប៉ុន ដែលកំពុងសាងសង់ប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល-វត្តលួង និងក្រុមហ៊ុនដែលកំពុងសាងសង់ប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតលើបញ្ហាបច្ចេកទេស ដើម្បីសំណង់មានគុណភាព ធានានូវការប្រើប្រាស់យូរអង្វែង ៕ ដោយ ៖ បញ្ញាស័ក្តិ