សត្វធ្វើអ្វីៗតាមសភាវគតិរបស់ពួកវា។ ទោះបីពួកវាមិនមានការគិតពិចារណា និងភាពវៃឆ្លាតដូចមនុស្សក៏ដោយ ក៏សត្វមួយចំនួនបានបង្កាញការអាណិតអាសូរ និងការមើលថែគ្នាផងដែរ។
រឿងនេះនឹង បង្ហាញពីសត្វស្វាឪ (Gorilla) មួយក្បាលទម្ងន់ ៦៨គីឡូក្រាម ដែលបានជួយសង្រ្គោះក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់ បន្ទាប់ពីគេធ្លាក់ចូលក្នុងទ្រុងស្វា និងសន្លប់បាត់បង់ស្មារតី។
ការជួយសង្រ្គោះរបស់សត្វស្វាឪនេះ បានកើតឡើងក្នុងឆ្នាំ ១៩៩៦ ហើយអ្នកទេសចរដែលបានទៅលេងកំសាន្តនៅសួនសត្វ Brookfield រដ្ឋ Chicago សហរដ្ឋអាមេរិច ប្រហែលជាចាំមិនភ្លេចនោះទេ។ ទោះបីរឿងនេះកើតឡើងជាង ២០ឆ្នាំក៍ដោយ ក៏នៅមានការរំលឹកហេតុការណ៍នោះដែរ នៅពេលមានអ្នកទៅលេងសួនសត្វនោះ។
ប្រជាជននៅតំបន់នោះ បានរំលឹកដល់ស្វាឪមួយក្បាលឈ្មោះ Binti ដែលជួយសង្រ្គោះក្មេងប្រុសតូចម្នាក់ ដោយវាបានបង្ហាញពីការមើលថែដល់ក្មេងប្រុសដែលធ្លាក់ចូលនោះ។
អ្នកមកមើល មានអារម្មណ៍រន្ធត់នៅពេលក្មេងប្រុសអាយុ ៣ឆ្នាំ ធ្លាក់ពីកម្ពាស់ ៤ម៉ែត្រកន្លះ ចូលក្នុងទ្រុងរបស់សត្វស្វា។ ក្នុងទ្រុងនោះមានស្វាចំនួន ៧ក្បាល ហើយមានមួយក្បាលឈ្មោះ Binti Jua ដែលធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើលចំពោះសកម្មភាពរបស់វា។
នៅពេលធ្លាក់ពីកម្ពស់ខ្ពស់ចូលក្នុងទ្រុងសត្វស្វា ក្មេងនោះមិនបានបង្ហាញសញ្ញាកំរើកអ្វីនោះទេ ហើយគេសង្ស័យថា ក្មេងនោះបាត់បង់ស្មារតី។ បន្ទាប់ពីមានហេតុការណ៍នោះ បុគ្គលិកបំរើការនៅសួនសត្វត្រូវបានគេផ្តល់ដំណឹងឲ្យ។ អ្នកមើលសួនសត្វបានស្នើឲ្យមានការជួយជាបន្ទាន់ និងរំពឹងថា រឿងអាក្រក់នឹងកើតឡើងចំពោះក្មេងប្រុសនោះ ប៉ុន្តែអ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនោះគឺថា ស្វាឪមួយក្បាល បានដើរទៅជិតក្មេងប្រុសនោះ និងបានលើកគេឡើង។
អ្នកទេសចរមានអារម្មណ៍ភ័យថា ស្វាអាចនឹងវាយប្រហារក្មេងប្រុសនោះ ប៉ុន្តែមិនដូចអ្វីដែលគ្រប់គ្នាគិតនោះទេ។ ផ្ទុយទៅវិញ ស្វានោះបែរជាបីក្មេងប្រុសនោះឡើង ដោយដៃរបស់វា និងយកក្មេងប្រុសនោះទៅដាក់ក្បែរខ្លោងទ្វារ កន្លែងដែលបុគ្គលិកធ្លាប់ចូល និងបង្ហាញការថែទាំង ដល់ក្មេងប្រុសនោះ រហូតដល់បុគ្គលិកសួនសត្វ បានចូលយកក្មេងនោះចេញវិញ និងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។
ក្មេងប្រុសនោះ រងរបួសបាក់ដៃ និងមានស្វារបួសនៅលើមុខ និងត្រូវសម្រាកនៅពេទ្យជាច្រើនថ្ងៃ។
បច្ចុប្បន្នស្វា នោះមានអាយុ ៣០ឆ្នាំ ហើយជាទូទៅ ស្វាប្រភេទនេះ អាចរស់នៅបានរហូតដល់ ៣៥ឆ្នាំ៕ សុភ័ក្ត្រ
ប្រភព៖ Good Times.