Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូនប្រជាពលេដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែក្នុងខេត្តបាត់ដំបង បន្តប្រុងប្រយ័ត្នឱ្យបានខ្ពស់ ត្រៀមបង្ការជំនន់ទឹកភ្លៀង

បាត់ដំបង ៖ ស្ថានភាពទឹកតាមបណ្ដោយដងស្ទឹងសង្កែ នាវេលាថ្ងៃត្រង់ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបាត់ដំបង ចេញសេចក្តីជូនដំណឹង ស្តីពីការត្រៀមបង្ការជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសសូមពុកម៉ែបងប្អូនដែលរស់នៅតាមដងស្ទឹងសង្កែបន្តប្រុងប្រយ័ត្នឱ្យបានខ្ពស់។

រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា ដោយផ្អែកលើ ស្ថានភាពបច្ចុប្បន្នកម្រិតទឹកស្ទឹងសង្កែ នៅចំណុចស្ពានសម្ដេចតេជោ ហ៊ុន សែន ក្នុងក្រុងបាត់ដំបង មាន កម្ពស់ ១២,៨០ម៉ែត្រ ដែលសង្កេតឃើញថាមានការកើនឡើងជាបន្តបន្ទាប់តាមរយៈជំនន់ទឹកភ្លៀង ហើយ ចំពោះកម្រិតទឹកដែលត្រូវប្រុងប្រយ័ត្នខ្ពស់ស្ថិតនៅកម្ពស់ ១៣,៥០ម៉ែត្រ។

ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបងទាំងអស់ ជាពិសេស បងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ និងតំបន់ងាយ រងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំ ទុកដាក់នូវសម្ភារ ឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ និងស្វែងរកទីទួលសុវត្ថិភាព ដែលបានកំណត់ដោយ អាជ្ញាធរមូលដ្ឋាន និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណាមួយកើតមានឡើង។

ទន្ទឹមគ្នានេះដែរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ក្នុងការត្រៀមរៀបចំផែនការ អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋនៅពេលដែលមាន គ្រោះមហន្តរាយទឹកជំនន់មកដល់ ម្យ៉ាងវិញទៀតត្រូវធ្វើការផ្សព្វផ្សាយណែនាំឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ លើសុខភាពអនាម័យ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និង ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតបករណីមានគ្រោះមហន្តរាយកើតឡើងឱ្យបានទាន់ពេលវេលា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×