ភ្នំពេញ៖ ក្រុមអ្នកលើកកម្ពស់ម្រេចកំពត បានអះអាងថា ក្នុងឆ្នាំ២០២៤ នេះ ម្រេចដែលអាចប្រមូលផលបានមានរង្វង់ ៦០តោន ហើយអាចប្រើការជាឈ្មោះម្រេចកំពតក្នុងរង្វង់ ៥០តោនជាងប៉ុណ្ណោះ។ កសិករលក់ម្រេចខ្ចីក្នុង ១គីឡូ តម្លៃ ៤ម៉ឺនរៀល ចំណែក តម្លៃម្រេចកំពត (GI) មិនប្រែប្រួលឡើយ ដោយម្រេចខ្មៅ មានតម្លៃមធ្យម ១៥ដុល្លារក្នុង ១គីឡូក្រាម, ម្រេចក្រហម ២៥ដុល្លារ និងម្រេចស ២៨ដុល្លារ។
លោក ស៊ីម សុទុម ប្រធានគណៈប្រតិបត្តិរបស់សមាគមលើកកម្ពស់ម្រេចកំពត បានឲ្យដឹងថា ផ្លែម្រេចទុំជ្រុះធ្លាក់ពេញដី ដោយសារខ្វះទឹកស្រោចស្រោធ ដែលបណ្តាលមកពីអាកាសធាតុក្តៅពេក។ ដូច្នេះ កសិករពុំចាំបាច់ទុកផ្លែម្រេចដល់ចាស់ ឬក្រៀមពេកនោះទេ បើសិននៅតែបន្តទុកដល់ផ្លែក្រៀម គឺអាចទិន្នផលអាចធ្លាក់ចុះខ្លាំង។ ភាគច្រើនម្រេចខ្ចី ឬម្រេចចាស់ ដែលជ្រុះពុំមែនម្រេចទុំនោះទេឆ្នាំនេះ មានម្រេចគ្រៀមខ្លះ អាចខ្ទង់ ៥០ ទៅ ៦០ តោន ប៉ុណ្ណោះ។
ប្រធានគណៈប្រតិបត្តិរបស់សមាគមលើកកម្ពស់ម្រេចកំពត បានឲ្យដឹងថា កសិករមួយចំនួនធំ គឺមិនមែនទាំងអស់នោះទេ បានសម្រេចចិត្តលក់ម្រេចខ្ចីឲ្យទៅឈ្មួញ ខណៈអាកាសធាតុក្តៅធ្វើឲ្យដើមម្រេចអាចងាប់ បើសិនជាកសិករនៅតែទុកផ្លែដល់ចាស់ ឬក្រៀមទុំ។ នេះបើផ្អែកតាមការឲ្យដឹងពី ។
ប្រទេសកម្ពុជា បាននាំចេញម្រេចទៅកាន់ប្រទេសមួយចំនួន ដូចជា៖ វៀតណាម អាល្លឺម៉ង់ ថៃ បារាំង ឥណ្ឌា បែលហ្ស៊ិក កោះតៃវ៉ាន់ សាធារណរដ្ឋឆែក ប៉ូឡូញ ជប៉ុន រុស្សី កូរ៉េ សិង្ហបុរី និងបណ្តាប្រទេសមួយចំនួនទៀត។
របាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣ កម្ពុជា បាននាំចេញកសិផលសរុបជាង ៨លាន ៤ សែនតោន ធ្លាក់ចុះ ១,៩ ភាគរយបើធៀបនឹងឆ្នាំ២០២២ ក្នុងនោះ ការនាំចេញម្រេចមានចំនួន ៦ ១៥២,៨៣តោន ធ្លាក់ចុះ ២៦,៧៦ ភាគរយ។
បើតាមក្រសួងកសិកម្ម ប្រទេសកម្ពុជា មានខេត្តចំនួន១៨ ដែលមានការដាំដុះម្រេច នៅក្នុងនោះខេត្ត ដែលសម្បូរការដាំដុះម្រេចច្រើនដែរ មាន ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ត្បូងឃ្មុំ និងខេត្តកំពត៕