ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសាលក្រមសម្រេចផ្តន្ទាទោសទៅលើលោក ទាវ វណ្ណុល ប្រធានគណបក្ស ភ្លើងទៀន ទាមទារសំណងចំនួន ៦ពាន់លានរៀល ឬប្រហែលនឹង ១លាន ៥សែនដុល្លារអាមេរិក និងពិន័យប្រាក់ចំនួន ១០លានរៀល ឬប្រហែលនឹង ២ពាន់ ៥រយ ដុល្លារអាមេរិក។
ប្រធានគណបក្សភ្លើងទៀនរូបនេះ ត្រូវបានតុលាការផ្តន្ទាទោស ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ទាក់ទងនឹងការបញ្ចេញមតិរបស់លោកនៅក្នុងបណ្តាញសារព័ត៌មាន ពាក់ព័ន្ធនឹងស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ២០២៤ ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៅសាលាដំបូងរាជធានីភ្នំពេញ បានរកឃើញថា លោកទាវ វណ្ណុល ជាអតីតសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី មានកំហុសទាក់ទងនឹងបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។ លោក ត្រូវបានតុលាការបង្គាប់ឱ្យសងសំណងជំងឺចិត្តទៅកាន់រាជរដ្ឋាភិបាល សរុប ៦.០០០.០០០.០០០ លានរៀល (ប្រហែល ១,៥ លានដុល្លាអាមេរិក) និងប្រាក់ពិន័យសរុប ១០.០០០.០០០០ លានរៀល (ប្រហែល ២,៥០០ ដុល្លាអាមេរិក) ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី