Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងចក្រ២ទីតាំង អលឡាក់គី និងគុនបូស្ដាយស៍ប្រជាពលរដ្ឋសំណូមពរ មិនស្ដាប់, មន្ត្រីអាជ្ញាធរស្នើឱ្យកែប្រែ នៅតែរឹងរូស ទ្រាំមិនបានខាងមន្ទីរផាកពិន័យ ៥លានរៀល និងបញ្ជាម៉ឺងម៉ាត់ ៥ចំណុច

រាជធានីភ្នំពេញ : រោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង ឈ្មោះ អលឡាក់គី ដែលណែនាំមិនស្ដាប់ ហើយថៅកែរឹងរូស រឿងបង្ហុយផ្សែងបំពុលបរិស្ថាន បំពុលពលរដ្ឋជិតខាង អស់រយៈពេលជាច្រើនឆ្នាំ ពេលនេះ ត្រូវបានខាងមន្ទីរបរិស្ថានរាជធានីភ្នំពេញ ចាត់វិធានការផាកពិន័យអន្តរការណ៍ ៥លានរៀល និងបញ្ជាឱ្យធ្វើការកែលម្អស្របតាមបទដ្ឋានគតិយុត្តនៃច្បាប់ស្ដីពីការការពារបរិស្ថានយ៉ាងម៉ឺងម៉ាត់ ក្នុងរយៈពេល៣សប្តាហ៍ បន្ទាប់ពីរោងចក្រខាងលើនេះ ត្រូវបានមន្ត្រីជំនាញចុះធ្វើការណែនាំ អប់រំ ជាច្រើនលើករួចមកហើយ ប៉ុន្តែគេមិនស្ដាប់ មិនកែប្រែ និងមានប្រជាពលរដ្ឋរស់នៅក្បែរខាងបានដាក់ពាក្យប្ដឹងឱ្យកែប្រែទៀតផង។

រោងចក្រអលឡាក់គីនេះ មានថៅកែឈ្មោះ ហ៊ុយ ជៀអ៊ី តែងតែសម្ដែងអាកប្បកិរិយារឹងរូស, ដោយសារតែណែនាំមិនស្ដាប់ មិនកែប្រែ, មកដល់ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងមន្ត្រីអាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ សង្កាត់ដង្កោ បានចុះត្រួតពិនិត្យរោងចក្រចំនួន ២កន្លែង និងចេញលិខិតបញ្ជាកែប្រែផលប៉ះពាល់បរិស្ថាន ក្នុងនោះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ គុនបូស្ដាយស៍ និងរោងចក្រកាត់ដេរសម្លៀកបំពាក់ អលឡាក់គី។

រោងចក្រកាត់ដេរសម្លៀកបំពាក់ អលឡាក់គី និងរោងចក្រកាត់ដេរសម្លៀកបំពាក់ គុនបូស្ដាយស៍ អឺតែរឹល ឯ.ក មានទីតាំងស្ថិតនៅផ្លូវទួលពង្រ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅជុំវិញបរិវេណក្បែរខាងនៃរោងចក្រទាំងពីរនេះ បានដាក់ពាក្យប្ដឹងទៅអាជ្ញាធរមូលដ្ឋាន សង្កាត់ដង្កោ ខណ្ឌដង្កោ និងរហូតដល់ មន្ទីរបរិស្ថានរាជធានីភ្នំពេញ សូមឱ្យជួយចាត់វិធានការលើរោងចក្រទាំងពីរនេះផង ករណីដុតកាកសំណល់រឹង កាកសំណល់កាត់ដេរ និងកាកសំណល់ផ្សេងៗ ក្នុងឡចំហាយកម្ដៅ ដើម្បីយកថាមពលដំណើរការរោងចក្រ បង្ហុយផ្សែងខ្មៅក្នុងរយៈកម្ពស់ទាប បូករួមបំពង់ស៊ីមាំងមិនមានឧបករណ៍ចម្រោះ ក៏បង្កឱ្យមានម្រែងភ្លើង បំពុលបរិស្ថាន បំពុលផ្លូវដង្ហើមប្រជាពលរដ្ឋ ដោយជាតិស្ងៀមធ្វើឱ្យពិបាកដកដង្ហើម និងពិបាករស់នៅ ពោលគឺ ធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាពន់ពេក។

កន្លងមក ជាច្រើនលើកច្រើនសារួចមកហើយ អាជ្ញាធរមូលដ្ឋាន ធ្លាប់បានចុះត្រួតពិនិត្យ និងណែនាំឱ្យម្ចាស់រោងចក្រទាំងពីរកន្លែងខាងលើនេះ ធ្វើការកែប្រែ លក្ខណៈបច្ចេកទេស ដើម្បីបរិស្ថានល្អ និងធ្វើយ៉ាងណា ចៀសវាងកុំឱ្យប៉ះពាល់ដល់ផ្លូវដង្ហើមប្រជាពលរដ្ឋពិបាករស់នៅ, ប៉ុន្តែរោងចក្រទាំងពីរនេះ មិនព្រមស្ដាប់តាមការណែនាំ និងមិនកែប្រែនោះទេ រហូតដល់ក្រុមការងារមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងក្រុមមន្ត្រីអាជ្ញាធរមូលដ្ឋាន ចុះធ្វើការត្រួតពិនិត្យជាក់ស្ដែង រកឃើញថា ពិតជាមានកំហុសដដែលជាដដែល ក៏ចាត់វិធានការផាកពិន័យជាប្រាក់ ៥លានរៀល និងបញ្ជាឱ្យកែប្រែតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងតាមលិខិតបទដ្ឋានគតិយុត្ត ជាកំហិត។
សម្រាប់រោងចក្រកាត់ដេរសម្លៀកបំពាក់ អលឡាក់គី (ខេមបូឌា) ឯ.ក ត្រូវបានមន្ទីរបរិស្ថានរាជធានីភ្នំពេញបានសម្រេចផាកពិន័យអន្តរការណ៍ និងវិធានការបញ្ជាឱ្យកែប្រែផលប៉ះពាល់បរិស្ថាន រួមមាន ÷

១-ត្រូវបញ្ឈប់ការយកសំណល់ឧស្សាហកម្ម កម្ទេចកំក្រណាត់ ឬសំណល់រឹងគ្រប់ប្រភេទ ដែលបានហាមឃាត់យកមកដុត ឬបង្កាត់ភ្លើងនៅក្នុងឡចំហាយក្តៅ (Stream Boiler) ជាដាច់ខាត។
២-ឡចំហាយក្តៅ (Stream Boiler) ត្រូវបំពាក់ឧបករណ៍ច្រោះសម្អាតផ្សែងនៅបំពង់ផ្សែងដែលចេញ ពីឡចំហាយក្តៅតាមលក្ខណៈបច្ចេកទេស ធានាបានការបញ្ចេញផ្សែង ម្រែងភ្លើង ធូលី និងក្លិនស្ងៀម មិនបង្កផលប៉ះពាល់ដល់បរិស្ថាន ប្រជាពលរដ្ឋ និងគោរពតាមស្តង់ដារគុណភាពខ្យល់។
៣-ម្ចាស់រោងចក្រត្រូវធ្វើកិច្ចសន្យាការពារបរិស្ថាន ដើម្បីឱ្យស្របទៅនឹងសេវាសាធារណៈ និងលិខិតបទដ្ឋានគតិយុត្ត។
៤-ម្ចាស់រោងចក្រត្រូវទទួលការផាកពិន័យអន្តរការណ៍ចំនួន ៥លានរៀល (ប្រាំលានរៀល) លើករណីបានប្រព្រឹត្តបទល្មើសបង្កឱ្យមានការបំពុលបរិស្ថាន (បំពុលខ្យល់) តាមរយៈការយកសំណល់ឧស្សាហកម្ម កម្ទេចក្រណាត់មកដុត បង្កាត់ភ្លើងយកថាមពលកំដៅ ដើម្បីដំណើរការឡចំហាយក្តៅ។
៥-ម្ចាស់រោងចក្រត្រូវបង់ប្រាក់ផាកពិន័យអន្តរការណ៍ក្នុងចំនុចទី៤ នៅមន្ទីរបរិស្ថានរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ។

រាល់បណ្តាចំណុចបញ្ជាឱ្យកែប្រែខាងលើ ម្ចាស់រោងចក្រត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងរយៈពេល ២១ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ, ក្នុងករណី ម្ចាស់រោងចក្រ មិនបានអនុវត្តនូវចំណុចបញ្ជាឱ្យកែប្រែខាងលើ មន្ទីរបរិស្ថានរាធានីភ្នំពេញ នឹងអនុវត្តទៅតាមវិធានការច្បាប់ជាធរមាន។

យោងតាម មាត្រា ១៤ នៃច្បាប់ ស្ដីពី កិច្ចការពារបរិស្ថាន បានចែងថា ក្រសួងបរិស្ថានត្រូវសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីកំណត់ឱ្យម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវទីកន្លែងរោងចក្រ ប្រភពបំពុល តំបន់ឧស្សាហកម្ម ឬតំបន់មានសកម្មភាពអភិវឌ្ឍន៍ធនធានធម្មជាតិនានា ÷

  • ដំឡើង ឬប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យ ,
  • ផ្ដល់គំរូតាង ,
  • រៀបចំ ឬរក្សាទុក និងផ្ញើជូនពិនិត្យនូវកំណត់ត្រា និងរបាយការណ៍នានា។

មាត្រា ២០ នៃច្បាប់ ស្ដីពី កិច្ចការពារបរិស្ថាន បានចែងថា ចំពោះបុគ្គលណាដែលប្រព្រឹត្តល្មើសនឹងការកំណត់របស់ក្រសួងបរិស្ថាន ដូចមានចែងក្នុងមាត្រា ១៤ នៃច្បាប់នេះ ក្រសួងបរិស្ថាន ត្រូវចេញបញ្ជាជាលាយលក្ខណ៍អក្សរ តម្រូវឱ្យ ÷

  • កែប្រែសកម្មភាពល្មើសជាបន្ទាន់ ឬក្នុងរយៈពេលណាមួយជាក់លាក់ ,
  • ផ្អាកសកម្មភាពរបស់ខ្លួន រហូតដល់បទល្មើសនោះ ត្រូវបានកែប្រែ ,
  • លុបបំបាត់ការបំពុលជាបន្ទាន់។

រោងចក្រទាំងពីរខាងលើនេះ ម្ចាស់រឹងរូស ល្មើសនឹងលក្ខណៈបច្ចេកទេស ដូចជាបំពុល និងជះផលអវិជ្ជមានប៉ះពាល់បរិស្ថាន បទខណ្ឌគតិយុត្ត និងប៉ះពាល់សុខភាពប្រជាពលរដ្ឋជប៉ុនពេក ហេតុដូច្នេះមន្ទីរបរិស្ថានរាជធានីភ្នំពេញចាំបាច់ត្រូវអនុវត្ត មាត្រា ១៤ និង មាត្រា ២០ នៃច្បាប់ ស្ដីពី កិច្ចការពារបរិស្ថាន ដើម្បីផាកពិន័យ និងបញ្ជាម៉ឺងម៉ាត់ ដាក់កំហិតតដល់រោងចក្រដែលរឹងរូបខាងលើ៕ ពិសិដ្ឋ CEN

×