Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសមត្ថកិច្ចចុះបិទទីតាំងថ្មីធំ ផលិត វេចខ្ចប់ រក្សាទុក ផលិតផល របស់ក្រុមហ៊ុនសម្រស់ធារ៉ាជាថ្មីទៀត គេរំដោះវត្ថុតាងចេញ, CEN ត្រៀមធ្វើបទសម្ភាសន៍បុគ្គលិកកូរឡេ

ភ្នំពេញ ៖ ក្រុមហ៊ុន សម្រស់ធារ៉ា កាន់តែធ្វើខ្លួនឱ្យធ្លាក់ទៅក្នុងអន្លង់បទល្មើសកាន់តែជ្រៅទៅៗ ដោយការលួចប្រព្រឹត្តបទល្មើស កូរឡេ លាយឡេ លាយម្សៅ ដោយដៃ និងម៉ាស៊ីនទឹកក្រឡុក មិនមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ នៅក្នុងទឹកដីខេត្តស្វាយរៀង ហើយត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាធរដែនដី មានមន្ត្រីសាលាខេត្ត មន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីតុលាការ មានព្រះរាជអាជ្ញា ចូលរួមចាប់យកសម្ភារៈជាឧបករណ៍ផលិត និងវេចខ្ចប់មួយចំនួន និងបិទឃ្លុំបេទីតាំងនោះ រង់ចាំនីតិវិធីតុលាការបញ្ចប់ ក៏ដូចជាជំនុំជម្រះក្ដី ដាក់ពិន័យផ្ដន្ទាទោស ប៉ុន្តែតុលាការមិនទាន់បញ្ចប់នីតិវិធីផង ស្រាប់តែក្រុមហ៊ុន សម្រស់ធារ៉ា ប្រហើនបើកដំណើរការ កូរឡេ លាយឡេ លាយម្សៅ បន្តទៀត និងដល់ថ្នាក់ទៅកាត់សៀល ( ឃ្លុំបេ ) របស់សមត្ថកិច្ចតុលាការ និងរំដោះវត្ថុតាងដែលចាប់ឃាត់ទុកនោះ ចោលទៀតផង ឥឡូវនេះខាងតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធកំពុងតែមានចំណាត់ការ។

ទាក់ទងនឹងករណីព្រហើនប្រឆាំងផ្លូវច្បាប់ និងប្រឆាំងនឹងសមត្ថកិច្ចខេត្តស្វាយរៀង របស់ក្រុមហ៊ុន សម្រស់ធារ៉ា ខាងលើនេះ, CEN សូមរំលឹករឿងហេតុនៃបទល្មើសឡើងវិញជូនសាធារណជន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងថ្នាក់ដឹកនាំ មេត្តាជ្រាបថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ (ជាង ៩ខែមុន) កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីមន្រ្តីមន្ទីរសុខាភិបាលខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវីធីពី លោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះ បង្ក្រាបផលិតផល ម្សៅលាបមុខ ឡេលាបមុខ ឡេលាបខ្លួន និងគ្រឿងសម្អាងផ្សេងៗ គ្មានច្បាប់អនុញ្ញាត និងគ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ របស់ក្រុមហ៊ុន សម្រស់ធារ៉ានេះ នៅផ្ទះវីឡាគ្មានលេខមួយកន្លែង ទីតាំងចាស់ លើផ្លូវលំ ស្ថិតក្នុងភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

កាលនោះ សមត្ថកិច្ចជំនាញរកឃើញថា សកម្មភាពរបស់ក្រុមហ៊ុន សម្រស់ធារ៉ា នេះ ពិតជាគ្មានច្បាប់ទម្លាប់និងបទដ្ឋាបច្ចេកទេសត្រឹមត្រូវមែន និងរកឃើញសារធាតុគីមី ÷
1-CHLORAMPHENICOL ,
2- TRANLACOL (សមឡើងពី DEXAMETHASON) ,
3- GENTRIDECME ,
4- CORTICO NON STIROITE ,
5- FLUCO-N ,
សារធាតុទាំងនេះ បំផ្លាញដល់សុខភាពស្បែក ធ្វើឱ្យខូចស្រទាប់កោសិកាក្នុងរយៈពេលវែង ៤ ទៅ ៥ឆ្នាំ ដូចជា ធ្វើឱ្យងាប់កោសិកាស្បែក រលាកស្បែក ដំបៅស្បែក មហារីស្បែក និងមហារីកខួរឆ្អឹងទៀតផង, ដូច្នេះ ផលិតផលនេះ គួរឱ្យខ្លាចខ្លាំងណាស់ និងជាក្ដីបារម្ភរបស់ប្រជាពលរដ្ឋទូទៅ ហើយបទល្មើសមួយនេះ ក៏មិនទាន់បិទបញ្ចប់ ឬរលត់ នៅតុលាការខេត្តស្វាយរៀងនោះដែរ ស្រាប់តែក្រុមហ៊ុនសម្រស់ធារ៉ា ព្រហើនចំពោះផ្លូវច្បាប់ពន់ពេកណាស់ ទៅកាត់សៀល កាត់ឃ្លុំបេ របស់តុលាការ ចូលធ្វើការរុះរើអីវ៉ាន់ និងរំដោះវត្ថុតាង ចេញពីទីតាំងចាស់អស់រលីង, លើសពីនេះនីតិវិធីរបស់តុលាការខេត្តស្វាយរៀង មិនទាន់បញ្ចប់ ឬរលត់រឿងក្ដីនេះផង ស្រាប់តែហ៊ានទៅបើករោងសិប្បកម្ម ឬក៏រោងចក្រ ផលិតម្សៅលាបមុខ ឡេលាបខ្លួន ឡេលាបមុខ ទីតាំងថ្មី នៅឆ្ងាយពីទីតាំងចាស់ប្រមាណ ៣០០ម៉ែត្រ ឆៀងខាងកើត ដំណើរការទាំងបំពានបន្តទៀត។

ហេតុដូច្នេះ សូមអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាបន្តពង្រឹងការបោសសម្អាតបទល្មើសមួយនេះ ដើម្បីឱ្យសង្គមកម្ពុជាទទួលបានភាពស្អាតស្អំពីការប្រើប្រាស់ផលិតផលសម្អាងដែលបង្កប់ពេជ្ឈឃាតលាក់មុខ (សារធាតុគីមីបង្កឱ្យងាប់កោសិកាស្បែក ៥ មុខខាងលើ) និងក៏ដូចជា ការពារប្រជាពលរដ្ឋ កុំឱ្យកើតជំងឺ រលាកស្បែក ដំបៅស្បែក មហារីស្បែក និងមហារីកខួរឆ្អឹង ដោយសារការប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនសម្រស់ធារ៉ានេះ។

បទល្មើសជាបន្តបន្ទាប់ទៀតរបស់ក្រុមហ៊ុន សម្រស់ធារ៉ា ជាក់ស្ដែងថ្មីៗទៀត គឺលួចដឹកគ្រឿងក្រអូប ឡេ ម្សៅ សាប៊ូ ក្លែងក្លាយ កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃខេត្តពោធិ៍សាត់ចាប់ឃាត់បានរថយន្តហ៊ីយ៉ាន់ដាយ ប្រភេទបឺសធុនតូច ដឹកម្សៅ ឡេ សាប៊ូ របស់ក្រុមហ៊ុន សម្រស់ធារ៉ា ជាច្រើនកេស ដោយមានកម្លាំងចូលរួមឃាត់ និងត្រួតពិនិត្យផលិតផលល្មើសច្បាប់ទាំងនេះ រួមមាន លោកវរសេនីយ៍ទោ ជ្រា កល្យាណ ប្រធានការិយាល័យ , លោកវរសេនីយ៍ត្រី អ៊ុន វណ្ណា , លោកអនុសេនីយ៍ត្រី ឯក សុវណ្ណធី , ហើយថា បទល្មើសមួយនេះកំពុងតែស្ថិតក្នុងនីតិវិធីត្រួតពិនិត្យរបស់សមត្ថកិច្ច ដែលតាមប្រភពប្រាប់ថា ស្រាប់តែលោកស្រីរដ្ឋលេខាធិការម្នាក់នោះ ដែលនិយាយស្ដីមិនដឹងដប់ម្ភៃ សេពគប់តែនឹងបទល្មើសទុច្ចរិត យកឈ្មោះថ្នាក់ដឹកនាំ មកបិទបាំងទង្វើទុច្ចរិតរបស់ខ្លួននោះ មកគំរាមប៉ូលិសផង សម្របសម្រួលផង, ត្រង់ចំណុចនេះ CEN សូមសួរថា បើផលិតផលរបស់ក្រុមហ៊ុនសម្រស់ធារ៉ា មិនខុសច្បាប់ ទេ តើកម្លាំងនគរបាលខេត្តពោធិ៍សាត់ ចាប់ឃាត់ធ្វើអ្វី?!

ថ្មីៗនេះទៀត តាមប្រភពព័ត៌មានពីក្រុមមន្ត្រីសុំមិនបញ្ចេញឈ្មោះ រួមជាមួយអ្នកយកព័ត៌មានរបស់ CEN ប្រចាំខេត្តស្វាយរៀង បានទទួលព័ត៌មានថា បន្ទាប់ពីអង្គភាពសារព័ត៌មាន CEN ផ្សព្វផ្សាយអំពីបទល្មើសរបស់ក្រុមហ៊ុន សម្រស់ធារ៉ានេះ កាលពីថ្ងៃទី៣១  ខែកក្កដា ឆ្នាំ២០២៤ ដែលមានទីតាំងថ្មី ផលិត វេចខ្ចប់ រក្សាទុក ស្ថិតនៅឆៀងខាងកើតគ្នា ប្រមាណ ៣០០ម៉ែត្រ ក្នុងភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ចម្ងាយប្រមាណ ១៦គីឡូម៉ែត្រ ពីក្រុងស្វាយរៀងនោះមក គឺនៅថ្ងៃទី០១ , ទី០២ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន សម្រស់ធារ៉ា នៅតែដំណើរការបទល្មើសរបស់ខ្លួន កូរឡេ លាយឡេ លាយម្សៅ ដដែល ប៉ុន្តែចូលដល់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ត្រូវបានអ្នកភូមិប្រាប់ថា សមត្ថកិច្ចចុះចាប់ជាថ្មីទៀត, គេមិនដឹងថា សមត្ថកិច្ចខាងណានោះទេព្រោះកម្លាំងសមត្ថកិច្ចទាំងនោះស្លៀកពាក់ស៊ីវិល បានមកហាមឃាត់ឱ្យទីតាំងសម្រស់ធារ៉ាននេះ បញ្ឈប់សកម្មភាពវិញភ្លាម។ 

លុះមកដល់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ប៉ុន្មានថ្ងៃមុននេះ ប្រជាពលរដ្ឋក្បែរទីតាំងនោះ បានឃើញក្រុមការងាររបស់ក្រុមហ៊ុន សម្រស់ធារ៉ា ញាប់ដៃញាប់ជើង ដឹកអីវ៉ាន់ចេញពីទីតាំងផលិត វេចខ្ចប់ និងរក្សាទុក នេះអស់ហើយ, បន្តមកដល់ថ្ងៃទី០៥ , ទី០៦ ខែសីហា ឆ្នាំ២០២៤នេះទៀត ទីតាំងថ្មីដ៏ធំមួយនេះ ឃើញមានសភាពស្ងប់ស្ងាត់ ហើយសម្ភារៈ វត្ថុតាងផ្សេងៗមួយចំនួនធំ ត្រូវបានគេរំដោះចេញ គឺតាមប្រភពថា អ្នកជួយរំដោះចេញនោះ គឺមន្ត្រីនគរបាលថ្នាក់វរសេនីយ៍ម្នាក់នោះឯង។

ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា សាធារណជន ប្រជាពលរដ្ឋ ក៏ដូចអង្គភាពសារព័ត៌មាន CEN ផងដែរ
ស្នើសុំ លោក អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តស្វាយរៀង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាពន្លឿនសំណុំរឿងបទល្មើសព្រហ្មទណ្ឌទៅលើ ក្រុមហ៊ុន សម្រស់ធារ៉ា ក្នុងនោះផង រួមមាន :

១- រំលោភបំពានផ្លូវច្បាប់ , មិនមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។

២- រំដោះយកចេញវត្ថុតាង , កាត់សៀលឃ្លុំបេ របស់តុលាការ , តើលោកនគរបាលថ្នាក់វរសេនីយ៍ម្នាក់ និងលោកស្រីរដ្ឋលេខាធិការម្នាក់នោះ បានរំដោះ និងបំផ្លាញវត្ថុតាងដែលសុទ្ធតែប្រើប្រាស់សារធាតុគីមីហាមឃាត់ និងខុសច្បាប់ នឹងទៅជាយ៉ាងណា? ហើយថា ការផ្ដន្ទាទោសរបស់សមត្ថកិច្ច នឹងធ្វើដូចម្ដេចទៅលើអ្នកទាំងពីរនេះ ពីបទរំដោះចេញនូវវត្ថុតាងបទល្មើស។

៣- បំពាននីតិវិធីតុលាការ ព្រោះថា កំពុងស្ថិតក្នុងដៃចៅក្រមជំនុំជម្រះនៅឡើយ តែក្រុមហ៊ុននេះនៅតែបំពានបន្តដំណើរការរបស់ខ្លួន នៅលើទីតាំងថ្មី ក្បែរទីតាំងចាស់។ 

៤- ឡេលាបខ្លួនម៉ាក Luxury super : ២១កេស=៦០០kgs , ឡេលាបមុខ TD Night cream (ផលិតផលសម្រេច) = ៤០០kgs , ម៉ាស៊ីនក្រឡុកឡេចំនួន= ៣៦គ្រឿង , វត្ថុធាតុដើមផ្សំសម្រាប់ផលិតឡេចំនួន ០៩ មុខ = ១ ៨៦៨kgs , សំបកកញ្ចប់ក្រដាសវេចខ្ចប់ = ៤៥០kgs , ប្លាស្ទិកវេចខ្ចប់ = ១៣កេស , សំបកខ្លងសម្រាប់វេចខ្ចប់ = ១.០០៥kgs, ទាំងនេះ ដែលជាវត្ថុតាងបទល្មើស តើក្រុមហ៊ុនសម្រស់ធារ៉ា បំផ្លាញចោល ឬរំដោះចេញទៅណាហើយ?

៥- ស្នើសុំសមត្ថកិច្ចពាក់ព័ន្ធ បង្កើតគណៈកម្មការចំរុះចូលរួមត្រួតពិនិត្យទីតាំងថ្មី ផលិត វេចខ្ចប់ និងរក្សាទុក របស់ក្រុមហ៊ុន សម្រស់ធារ៉ា ដែលមានទីតាំងក្នុងខេត្តស្វាយរៀងខាងលើ សមាសភាពចូលរួម : ម្ចាស់ករណីភាគីខាងក្រុមហ៊ុនសម្រស់ធារ៉ា , កម្លាំងនគបាលសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ , អាជ្ញាធរដែនដី , មន្ទីរសុខាភិបាលខេត្ត និងមន្ត្រីសុខាភិបាលថ្នាក់ជាតិ , មន្ត្រីតុលាការខេត្តស្វាយរៀង និង CEN ចូលរួមផងដែរ ដើម្បីផ្សព្វផ្សាយពីការពិតឱ្យប្រជាពលរដ្ឋទូទាំងប្រទេសដឹងឮ ដើម្បីបញ្ជាក់ភាពស្អាតស្អំ ទាំងក្រុមហ៊ុនសម្រស់ធារ៉ាផង ទាំងការផ្សព្វផ្សាយរបស់ CEN ផង។

ដើម្បីផ្ដល់ព័ត៌មានឱ្យកាន់តែច្បាស់ដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋជាបន្តទៀតនោះ, CEN ត្រៀមនឹងធ្វើបទសម្ភាសន៍បុគ្គលិកដែលជាអ្នកកូរឡេ លាយឡេ លាយម្សៅ របស់ ក្រុមហ៊ុន សម្រស់ធារ៉ា ហើយនឹងចេញផ្សាយនៅលេខក្រោយជាបន្តបន្ទាប់ទៀត។ CEN នឹងចុះសហការជាមួយសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច និងតុលាការខេត្តស្វាយរៀង និងខេត្តពោធិ៍សាត់ ទីដែលក្រុមហ៊ុន សម្រស់ធារ៉ា បង្កបទល្មើសនៅទីនោះ ជាបន្តបន្ទាប់ទៀត៕ ពិសិដ្ឋ CEN  

×