Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរមកកម្សាន្តលេងខេត្តមណ្ឌលគិរី កាន់តែមានចំនួនច្រើនឡើង ដែលជាខេត្តនៅតាមបន្ទាត់ព្រំដែន ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA

ខេត្តមណ្ឌលគិរី ដែលស្ថិតនៅភាគឥសាន្តនៃប្រទេសកម្ពុជា ដែលជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ នៃកិច្ច​សហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA ត្រូវបានភ្ញៀវទេសចរចាប់អារម្មណ៍ជាខ្លាំង នឹងបានធ្វើដំណើរមកលេងកម្សាន្តកាន់តែច្រើនឡើង ជាពិសេសនៅរៀងរាល់ចុងសប្ដាហ៍ ដែលមានទាំងលក្ខណៈគ្រួសារ ក្រុមហ៊ុន និង ដំណើរទេសចរ​បែបរថយន្ត Off Raod របស់ក្រុមមហាគ្រួសារខ្មែរ និងក្រុមគោព្រៃមណ្ឌលគិរីជាដើម។

ដំណើរកម្សាន្តទេសចរបែបរថយន្ត Off Raod បានធ្វើដំណើរផ្ដើមពីខេត្តក្រចេះ តាមផ្លូវក្រវ៉ាត់ព្រំដែន ឆ្ពោះមកខេត្តមណ្ឌលគិរី និងបន្តតាមផ្លូវបន្ទាត់ព្រំដែននៃខេត្តនេះ ឆ្ពោះទៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។ ដំណើរកម្សាន្តនេះ បញ្ជាក់ឲ្យពលរដ្ឋក្នុងប្រទេសកម្ពុជាឃើញថា ខេត្តទាំង៤ នៅភូមិភាគឥសាន្ត មិនមានការបាត់បង់អ្វីឡើយ ហើយអ្វីដែលពិសេសទៀតនោះ នៅភូមិភាគឥសាន្ត មានហេដ្ឋារចនាសម្ព័ន្ធល្អ តំបន់ទេសចរណ៍ស្អាតៗ ដែលកូនខ្មែរមិនគួររំលងឡើយ។

លោក សាន់ ដារិទ្ធិ អភិបាលរងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការមកកម្សាន្តខេត្តមណ្ឌលគិរី ពីក្រុមរថយន្ត Off Road គឺជាលទ្ធផលដែលបង្ហាញឲ្យឃើញថា វិស័យទេសចរណ៍មានភាពល្អប្រសើរ និងបង្ហាញឲ្យឃើញទៀតថា ខេត្តមណ្ឌលគិរី មានសក្តានុពលផ្នែកទេសចរណ៍ជាច្រើន ហើយអ្វីដែលកាន់តែពិសេស គឺឆ្លុះបង្ហាញយ៉ាងច្បាស់ថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត ប្រទេសជាតិយើងមានសន្តិភាព សុខសប្បាយ អ្នកទេសចរអាចធ្វើដំណើរទៅកម្សាន្តគ្រប់ទីកន្លែងទាំងអស់មិនថា ខេត្តឆ្ងាយៗ ឬខេត្តដែលស្ថិតនៅតាមបន្ទាត់ព្រំដែននោះទេ។

គួរបញ្ជាក់ថា បើតាមលោក ស៊ាង សឿន ប្រធានមន្ទីរទេសចរខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅក្នុងខែសីហា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរមកកម្សាន្តខេត្តមណ្ឌលគិរី មានចំនួន ៤០.៧១២នាក់ ក្នុងនោះ ទេសចរជាតិប្រមាណ ៤០.១៥២នាក់ ទេសចរបរទេសចំនួន៥៦០នាក់៕

×