Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិបត្តិករក្នុងឧស្សាហកម្មទេសចរណ៍ រំពឹងថា ការបន្ថែមម៉ោង និងកែសម្រួលប័ណ្ណចូលទស្សនារមណីដ្ឋានអង្គរ នឹងជួយបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យកាន់តែច្រើនមកកម្ពុជា

ភ្នំពេញ៖ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា  បានលើកឡើងថា ការបន្ថែមម៉ោង និងកែសម្រួលប័ណ្ណទស្សនារមណីដ្ឋានអង្គរ ឲ្យកាន់តែមានភាពងាយស្រួលជាងមុន នឹងជួយបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនារមណីដ្ឋានអង្គរបានកាន់តែច្រើនថែមទៀត។

លោកជំទាវ ឆាយ ស៊ីវលីន រំពឹងថា កម្ពុជា នឹងទទួលបានភ្ញៀវទេសចរកាន់តែច្រើនតាមរយៈការរៀបចំការជំរុញ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាលអាណត្តិថ្មីចំពោះអាជីវកម្ម និងសេវាកម្មទេសចរណ៍ជាច្រើន ដែលធ្វើឱ្យវិស័យទេសចរណ៍នៅកម្ពុជា កាន់តែមានភាពស្រស់បំព្រង ជាពិសេសអាចមានលទ្ធភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តដោយទំនុកចិត្តខ្ពស់។

គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានដាក់ចេញវិធានការសំខាន់ៗជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប មានដូចជា ការលើកកម្ពស់ការធ្វើបដិសណ្ឋារកិច្ចនៅតាមព្រំដែន, ការបំពេញឯកសារតាមអនឡាញ, ការពង្រឹងសន្តិសុខ, ការតភ្ជាប់កាមេរ៉ាសុវត្ថិភាព, ការពង្រឹងវិសាលភាពនៃបណ្ណព្រំដែន, ការពិនិត្យលើលទ្ធភាពការផ្តល់ឥណទានសម្រាប់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប, ការលើកលែងពន្ធមួយចំនួនសម្រាប់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប, ការលើកលែងប្រាក់ពិន័យអន្តរកាលចំពោះអាជ្ញាប័ណ្ណមគ្គុទ្ទេសក៍ទេសចរ និងអ្នកបកប្រែ ជំរុញការភ្ជាប់ជើងហោះហើរពីគោលដៅសំខាន់ៗ ការកែលម្អហេដ្ឋារចនាសម្ព័ន សោភ័ណភាពទីក្រុង ការបន្ថែមម៉ោងចូលទស្សនារមណីយដ្ឋានអង្គរ និងការផ្សព្វផ្សាយ ជាដើម។

បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ ២០២៤នេះ កម្ពុជា បានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៣,៧៤លាននាក់ កើនឡើង ២៣,២ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ចំនួនភ្ញៀវទេសចអន្តរជាតិទៅទស្សនារមណីយដ្ឋានអង្គរ ដែលជាគោលដៅទេសចរណ៍ធំបំផុតរបស់ប្រទេសកម្ពុជា នៅក្នុងរយៈពេល ៧ខែឆ្នាំនេះ គឺភ្ញៀវទិញប័ណ្ណចូលទស្សនាប្រមាណជាង ៥៨ម៉ឺននាក់ កើនឡើង ៣៣% និងរកចំណូលបានប្រមាណជាង ២៧លានដុល្លារអាម៉េរិក កើនឡើង ៣៣,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

×