Wednesday, October 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនវិនិយោគក្នុងវិស័យផលិតស៊ីម៉ងត៍នៅចិន មានគម្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅកម្ពុជា

ភ្នំពេញ៖ បច្ចប្បន្ន កម្ពុជា មានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៥ កំពុងដំណើរការអាជីវកម្ម ដែលមានសមត្ថភាពអាចផលិតស៊ីម៉ង់ត៍បានជាង ៩លានតោនក្នុង១ឆ្នាំ ខណៈកម្ពុជាមានតម្រូវការប្រើប្រាស់ស៊ីម៉ង់ត៍ប្រមាណ ១៤លានតោនក្នុង១ឆ្នាំ ដែលជំរុញឲ្យកម្ពុជា ត្រូវនាំចូលស៊ីម៉ង់ត៍ពីក្រៅប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក។

នៅក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីសប្តាហ៍មុន លោក Wensheng Chen បានលើកឡើងថា ក្រុមហ៊ុន Jiangxi Provincial Building Material Group., Ltd. គឺជាក្រុមហ៊ុនវិនិយោគក្នុងវិស័យផលិតស៊ីម៉ងត៍នៅចិន ហើយគោលបំណងនៃដំណើរ ទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបរិស្ថានវិនិយោគនៅកម្ពុជា ពិសេស ការ គិតគូរពីគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា។

ប្រតិភូវិនិយោគចិន ដឹកនាំដោយលោក Wensheng Chen ប្រធានក្រុមហ៊ុន Jiangxi Provincial Building Material Group., Ltd. បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីបរិស្ថាន និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

ឯកឧត្តមជា វុទ្ធី បានបង្ហាញការស្វាគមន៍ចំពោះគម្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា ដែលនឹងចូលរួមចំណែកជំរុញការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ពិសេសវិស័យសំណង់ និងបានស្នើឱ្យក្រុមហ៊ុន ត្រូវមានការគិតគូរពីការចូលរួមកាត់បន្ថយការបំពុលបរិស្ថានជាអតិបរមា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ក៏ដូចជាការប្រើប្រាស់ថាមពលស្អាត។

គួរបញ្ជាក់ថា កម្ពុជា ក៏មានរោងចក្រស៊ីម៉ង់ត៍មួយទៀត ក្នុងទុនវិនិយោគជាង ២៥០លានដុល្លារ ស្ថិតនៅខេត្តកំពង់ស្ពឺ ដែលអាចផលិតស៊ីម៉ង់ត៍បានជិត ២លានតោន ក្នុងមួយឆ្នាំ នឹងបើកដំណើរការនៅក្នុងខែកញ្ញានេះហើយ។ បន្ថែមពីនេះ កាលពីឆ្នាំ ២០២៣កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក៏បានអនុម័តឲ្យក្រុមហ៊ុន DONGFANG JUNMA CEMENT បង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ ដែលមានទុនវិនិយោគ ៩៥លានដុល្លារ និងបង្កើតការងារចំនួន ៩៧៩កន្លែង ដែលមានទីតាំងស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបងផងដែរ៕

×