ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩សីហានេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះលោក ហ៊ុន ម៉ានី ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតំកល់តាំងជាសាធារណៈនូវកីតម្បាញរចនាបទបុរាណ និងក្រមាវែងជាងគេលើពិភពលោកក្នុងបរិវេណសារមន្ទីរជាតិ។
គួបញ្ជាក់ថា៖ប្រទេសកម្ពុជា បានបំបែកឯកទគ្គកម្មកំណត់ត្រាពិភពលោក ក្រមាវែងជាងគេលើពិភពលោក ដោយទទួលបានជោគជ័យកាលពីថ្ងៃទី១ខែកក្កដា ឆ្នាំ២០១៨ដែលជាការរួមចំណែកលើកស្ទួយ និងផ្សព្វផ្សាយកេរ៏តំណែលសម្បត្តិវប្បធម៏ខ្មែរលើឆាកជាតិ និងអន្តរជាតិ។គួរំលឹកថា៖សហភាពសហពន្ធ័យុវជនកម្ពុជា សហការជាមួយរចនា GO GO Cambodia រួមជាមួយដៃគូសហការគាំទ្រចំនួន៧៧ស្ថាបន័ និងសាធារណៈជនជាច្រើនបានរួមគ្នាបំបែកឯកទគ្គកម្មក្រមាវែងជាងគេលើពិភពលោក ប្រវែង១.១៤៩,៨ម៉ត្រែសំដៅផ្សព្វផ្សាយកេរតំណែលសម្បត្តិវប្បធម៌ខ្មែរលើឆាកអន្តរជាតិជាពិសេសបង្ហាញពីស្មារតីរួបរួមគ្នាយ៉ាងក្លៀវក្លាពីយុវជន សាធារណៈជន និងភ្ញៀវទេសចរជាច្រើនម៉ឺននាក់ក្រោមស្មារតី(ជឿថាខ្មែរធ្វើបាន)។
មន្ត្រីជំនាញខាងរៀបចំកិច្ចការងារខាងលើរំលឹកថា៖សរសៃអំបោះដំបូងនៃក្រមា ត្រូវបានទទួលព្រះរាជទានប្រោះព្រំដោយព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងត្បាញដោយផ្ទាល់ព្រះហស្តនៃសម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ និងបន្តបន្ទាប់ដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងឥស្សរជនជាច្រើនរូបទៀតរួមជាមួយប្រជាជាតិខ្មែរ និងបរទេសចំរុះជាតិសាសន៏ចូលរួមជិតកន្លះលាននាក់។
ចំណែកសរសៃរអំបោះនៃក្រមានេះបើសិនយកមកភ្ជាប់តគ្នា នោះនឹងមានប្រវែងជិត៣០០០គីឡូម៉ែត្រហើយដែលអាចចងពទ្ធ័១ជុំនៃប្រទេសកម្ពុជា៕ ដោយ ៖ បញ្ញាស័ក្តិ