ខេត្តស្វាយរៀង : ក្រុមហ៊ុនឈូសឆាយដី និងជីកដីដ៏ធំមួយ អាងអភិបាលក្រុងបាវិត ដោយប្រើពាក្យ គម្រោងអភិវឌ្ឍន៍ស្តារព្រែកតាពៅ ទៅរំលោភបំពាន លើកគ្រួសារប្រជាពលរដ្ឋជាច្រើនគ្រួសារ ប៉ុន្តែ CEN សូមលើកយកតែគ្រួសារលោកយាយលោកតា (មុំ សាលីម និងស្វាមី ហ៊ុន ណង) ចាស់ៗនេះតែប៉ុណ្ណោះ ដោយគ្រួសារផ្សេងៗទៀតសុទ្ធតែមានករណីស្រដៀងគ្នា ប៉ុន្តែសាច់រឿងខុសគ្នាខ្លះៗ ដោយពេលនេះ ជនរងគ្រោះមួយចំនួន បានដង្ហោយហៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យជួយពិនិត្យមើលរឿងនេះ។
លោកយាយ លោកតា (មុំ សាលីម និងស្វាមី ហ៊ុន ណង) និងកូនៗ ចៅៗ ធ្វើការអំពាវនាវ ផ្ទុះការតវ៉ានេះ កាលពីវេលាម៉ោង ៣:៣០នាទី រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមក្រុមគ្រួសារអ្នករងគ្រោះដោយការជីកព្រែកនេះ បានឱ្យដឹងថា ក្រុមហ៊ុនឈូសឆាយដី និងជីកដីដ៏ធំមួយនេះ គេអាងអភិបាលក្រុងបាវិត ដោយប្រើពាក្យថា គម្រោងអភិវឌ្ឍន៍ស្តារព្រែកតាពៅ ស្រាប់តែយកគ្រឿងចក្រធំៗ មិនតិចជាង ៥ គ្រឿង ទៅឈូសឆាយ គ្មាននិយាយពីផលប៉ះពាល់លើគ្រួសារមួយដែលមានមនុស្សចាស់ជាម្ចាស់ដី ទំហំ ៥ហិចតា នៅក្រុងបាវិត ខេត្តស្វាយរៀងនោះឡើយ, អ្វីដែលហួសចិត្តនោះ គឺគេជីកលើសប្រវែងសិទ្ធិដែលជាដីចំណីព្រែកទៅទៀត គ្រួសារខ្លះ ត្រូវគេចូលលើស ៥ម៉ែត្រ, គ្រួសារខ្លះ ត្រូវគេជីកលើសចូល ១០ម៉ែត្រ ហើយបណ្ដោយរាប់រយម៉ែត្រ, ដូច្នេះ ជនរងគ្រោះក្នុងគ្រួសារនីមួយៗ បាត់បង់ដីដែល ត្រូវគេយកអាចម៍ដីទៅលក់នោះ មិនតិចហិចតានោះទេ។
ការឈូសឆាយនេះ គឺជាសកម្មភាព ដោយពុំមានការនិយាយគ្នាជាមុន ថាតើត្រូវ សងថ្លៃខូចខាតដីរបស់គ្រួសារមួយនេះ ទំហំ ៥ ហិចតា តម្លៃប៉ុន្មាន ? គឺអត់ទេ ពួកគេខ្លាំងណាស់ ប្រើតែពាក្យថា គម្រោងអភិវឌ្ឍន៍ស្តារព្រែកតាពៅ គឺឈូសឆ្ងាយរះហ្វាវាល់ រាលដាលយកតែម្ដង ងាប់អ្នកណាងាប់ទៅ, ពេលនេះ លោកយាយ លោកតាចាស់ៗ ដែលជាម្ចាស់កម្មសិទ្ធិដីធ្លីខាងលើ កំពុងដង្ហោយហៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួយលើការងារនេះ ដោយខាងក្រុមហ៊ុនខាងលើនេះ ឈូសឆាយប្រវែងលើសផែនការកំណត់, ជីកយកអាចម៍ដីប្រជាពលរដ្ឋទៅលក់ហើយ ថែមទាំងយកដើមឈើរបស់ប្រជាពលរដ្ឋ ដែលខ្លួនគាស់កាយផ្ដួលរំលំនោះទៅលក់ទៀត កាយវិការនេះ គួរណាស់តែចេះខ្មាសប្រជាពលរដ្ឋផងលោកអើយ។
ក្រុមហ៊ុនឈូសឆ្ងាយនេះ ត្រូវបានគេស្គាល់ម្ចាស់គ្រឿងចក្រនមានឈ្មោះថា ១- រតនា ហៅដឿក , ២- វី និងខាងក្រុមហ៊ុនគ្រឿងចក្រផ្សេងៗជាច្រើនទៀតដែលគេមិនបានស្គាល់ឈ្មោះ។ ជាពិសេស បានដាក់អេស្កាវ៉ាទ័រ ជាច្រើនរាយប៉ាយតាមបណ្ដោយព្រែក ដែលទទួលបានបញ្ជាពីលោកអភិបាលក្រុងបាវិតនោះ មកជីកកាយ ឈូសឆាយ ធ្វើឲ្យប៉ះពាល់ដីកម្មសិទ្ធិរបស់ លោកយាយ លោកតា ក្រុមគ្រួសារកូនចៅ ដែលពួកគេរស់នៅលើដីធ្លីនេះជាង ៣០ ឆ្នាំមកហើយ និងប្រជាពលរដ្ឋផ្សេងៗជាច្រើនគ្រួសារទៀតដែលកំពុងផ្ទុះការតវ៉ា។
លោកយាយម្ចាស់កម្មសិទ្ធិដីខាងលើនេះ មានឈ្មោះ មុំ សាលីម អាយុ៧៨ឆ្នាំ រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត បានប្រាប់អ្នកសារព័ត៌មាន ឱ្យដឹងថា រូបគាត់ (មុំ សាលីម និងស្វាមី ហ៊ុន ណង) បានទិញដីស្រែពីប្រជាពលរដ្ឋ នៅភូមិថ្នាញ ឃុំបាទី ស្រុកចន្ទ្រា ចំនួន ០៦ហិកតា កាលពីឆ្នាំ១៩៩២-ឆ្នាំ១៩៩៣ (បច្ចុប្បន្នភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង) ដោយមានប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីលេ ខ៥៤-០៣-៩៣ ចុះហត្ថលេខាដោយ លោក សោម សន ប្រធានការិយាល័យសុរិយោដីខេត្តស្វាយរៀង, លោក គង់ វស្សា ប្រធានគណៈកម្មាធិការប្រជាជនស្រុកចន្ទ្រា (សម័យរដ្ឋកម្ពុជា) ហើយបានគ្រប់គ្រង និងអាស្រ័យផលចាប់ពីឆ្នាំ១៩៩២-ឆ្នាំ១៩៩៣ រហូតបច្ចុប្បន្ន។
ស្រាប់តែនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅមានក្រុមហ៊ុនជីករណ្តៅដី មកឈូសឆាយ ជីកយកអាចម៍ដីលក់ស្រស់ៗតែម្ដង ដោយតាមប្រភពថា អាចម៍ដីមួយឡាន បង់ឱ្យខាងក្រុងបាវិត ៥០ដុល្លារ យកលុយធ្វើមានធ្វើបាន, ចំណែកដីគាត់ត្រូវបានឈូសឆាយផ្ដួលរំលំដើមឈើ ដើមប្រេងខ្យល់ខ្ទេចអស់ជាច្រើនពាន់ដើម ហើយខាងក្រុមហ៊ុននោះ គេដឹកដើមប្រេងខ្យល់ហ្នឹងទៅលក់ថែមទៀត ធ្វើដូចជាដើមឈើនេះ ជីដូនជីតាអ្នកទាំងនោះ មកដាំទុកតាំងពីជំនាន់ណាអ៊ីចឹង។
ពេលកូនចៅក្រុមគ្រួសារ លោកយាយ មុំ សាលីម និងស្វាមី ហ៊ុន ណង ទៅឃាត់ និងសួរនាំ ស្រាប់តែក្រុមហ៊ុនគេឆ្លើយយ៉ាងរំភើយថា ទៅសួរលោកអភិបាលក្រុងបាវិត ទៅ ដឹងរឿងច្បាស់ហើយ។
លោកយាយ មុំ សាលីម បានឲ្យកូនប្រុសរបស់គាត់ឈ្មោះ ហ៊ុន សុខា អាយុ៦០ឆ្នាំ ទៅដាក់ពាក្យបណ្តឹង ជូនលោកអភិបាលក្រុងបាវិត ពិនិត្យ និងដោះស្រាយផលប៉ះពាល់, តែលោកអភិបាលក្រុងបាវិត ឆ្លើយថា នេះជាគម្រោងអភិវឌ្ឍន៍ស្តារព្រែកតាពៅ ដើម្បីរំដោះទឹកចេញពីក្រុងបាវិត និងស្តុកទឹកទុកឱ្យប្រជាពលរដ្ឋធ្វើស្រែ។
បើតាម សេចកជូនដំណឹង របស់សាលាខេត្តស្វាយរៀងស្ដីពី ការជីក ស្ដារប្រឡាយ បឹង និងព្រែកធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ គឺតាំងពី៩ខែ ពិតជាមានការឱ្យ ជីក ស្ដារប្រឡាយ បឹង និងព្រែកធម្មជាតិ បែបនេះមែន ប៉ុន្តែអនុវត្តទៅតាមសណ្ឋានដី និងច្បាប់ស្ដីពីចំណី ព្រែក ស្ទឹង បឹងបួ… មិនអនុញ្ញាតឱ្យធ្វើលើសផែនការនោះទេ ឬជនខិលខូច មន្ត្រីអាក្រក់ណាមួយនោះ ឃើញកន្ទេលធំបន្លំដេកនោះឡើយ។
ដូច្នេះឆ្លងតាមរយៈរូបភាពនេះ អាចពិនិត្យឃើញថាលោកអភិបាលក្រុងបាវិត និងក្រុមហ៊ុនឯកជនគ្រឿងចក្រឈូសឆាយដីមួយចំនួននោះ អនុវត្តលើសផែនការ ពិតជាឃើញកន្ទេលធំបន្លំចូលដេកមែនហើយ៕ ពិសិដ្ឋ CEN