ខេត្តកំពង់ចាម : ការអភិវឌ្ឍន៍ត្រូវតែពង្រឹងសមត្ថភាពបុគ្គលិកបម្រើការងារនៅក្នុងមន្ទីរពេទ្យ កិច្ចការរដ្ឋបាលទាំងអស់ត្រូវធ្វើយ៉ាងណាឱ្យទទួលបានលទ្ធផលល្អទើបយើងអាចការពារខ្សែក្រវ៉ាត់ជាមន្ទីរពេទ្យផ្តល់សេវាល្អជូនដល់ពលរដ្ឋ” នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យវត្តវឌ្ឍនភាពនៃការរៀបចំលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃនិងប្រលងប្រណាំងសេវាសាធារណៈគំរូ។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងបែបនេះ នៅឯសាលប្រជុំនៃមន្ទីរពេទ្យខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៦ខែកញ្ញា ឆ្នាំ២០២៤ មានការចូលរួមពីសំណាក់ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងបុគ្គលិកមន្ទីរពេទ្យមកពីតាមផែនផ្សេងៗ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តមមានប្រសាសន៍ដោយលើកឡើងថា:ក្នុងអំឡុងឆ្នាំ២០១៩កន្លងទៅ ពេលដែលមានការប្រឡងប្រណាំងដោយធ្វើឡើងទូទាំងព្រះរាជាណាចក្រកម្ពុជាគ្រានោះមន្ទីរពេទ្យខេត្តកំពង់ចាម បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងការបម្រើសេវាសាធារណៈ ហើយមកដល់ឆ្នាំ២០២៤នេះគឺនឹងមានការរៀបចំប្រឡងប្រណាំង ដោយមន្ទីរពេទ្យតាមបណ្ដាខេត្តជាច្រើនក្នុងការជ្រើសរើសរកជ័យលាភីលេខ១ ហើយក៏បានឱ្យប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តចូលរួម ដើម្បីដកបទពិសោធន៍ព្រោះកន្លងទៅមានការប្រឡងប្រណាំងជាប់តែផ្នែកសុខាភិបាល ហើយវិស័យអប់រំក៏ត្រូវតែប្រឹងធ្វើយ៉ាងណាដណ្ដើមឲ្យមានស្នាដៃល្អផងដែរ។
ឯកឧត្តមអភិបាលខេត្តមមានប្រសាសន៍បន្តថា នៅក្នុងខេត្តកំពង់ចាមគឺបានត្រៀមលក្ខណៈសម្បត្តិដោយមានមន្ទីរពេទ្យចំនួន៤ក្នុងនោះរួមមាន÷១.មន្ទីរពេទ្យខេត្តកំពង់ចាម, ២.មន្ទីរពេទ្យបង្អែកស្រុកចំការលើ, ៣.មន្ទីរពេទ្យបង្អែកស្រុកបាធាយ, ៤.មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ដើម្បីចូលរួមប្រកួតប្រជែងជាមួយនឹងមន្ទីរពេទ្យនៅតាមបណ្ដាខេត្តផ្សេងទៀត៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី