ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទឹកទន្លេមេគង្គ ទន្លេសេកុង និងទន្លេសេសាន នឹងបន្ដជន់ឡើង ដោយសារកម្ពុជាទទួលរងឥទ្ធិពលរបស់ព្យុះទី១៦ ឈ្មោះ បេប៊ីនកា ដែលបង្កឲ្យមានភ្លៀងធ្លាក់ជាបន្ដបន្ទាប់ ពីមធ្យមទៅច្រើន។ នេះបើតាមសេចក្ដីជូនដំណឹង ស្ដីពីការព្យាករកម្ពស់ទឹកទន្លេ ។
ក្រសួងធនធានទឹកនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា បន្ទាប់ពីធ្វើការតាមដានលើស្ថានភាពអាកាសធាតុ និងស្ថានភាពកម្ពស់ទឹកជំនន់រួចមក ឃើញថា ឥទ្ធិពលរបស់ព្យុះទី១៦ បេប៊ីនកា (BEBINCA) បានបង្កឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ពីមធ្យមទៅច្រើន នៅក្នុងតំបន់ផ្ទៃរងទឹកភ្លៀង របស់ទន្លេមេគង្គ ទន្លេសេកុង និងទន្លេសេសាន ធ្វើឲ្យទឹកទន្លេទាំងនេះនេះជន់ឡើង។
ក្រសួងធនធានទឹក ក៏បានបញ្ជាក់ថា យោងតាមការព្យាករណ៍ ទឹកទន្លេនឹងបន្តហក់ឡើងបន្ថែមទៀត រហូតដល់កម្ពស់ ទន្លេមេគង្គស្ទឹងត្រែង ទឹកអាចកើនឡើងដល់កម្ពស់ ១១,០០ម៉ែត្រ នាថ្ងៃទី២២ ខែសីហា (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ម៉ែត្រ) ទន្លេមេគង្គក្រចេះ ទឹកអាចកើនឡើងដល់កម្ពស់ ២២,២០ម៉ែត្រ នាថ្ងៃទី២៣ ខែសីហា (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២,០០ម៉ែត្រ) ទឹកទន្លេមេគង្គកំពង់ចាម ទឹកអាចឡើងដល់កម្ពស់ ១៥,៤៥ម៉ែត្រ នាថ្ងៃទី២៤ ខែសីហា (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ) ទន្លេបាសាក់-ចតុមុខ រាជធានីភ្នំពេញ ទឹកអាចកើនឡើងដល់កម្ពស់ ៩,៩០ម៉ែត្រ នាថ្ងៃទី២៥ ខែសីហា (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៥០ម៉ែត្រ) ទន្លេមេគង្គក្រោម ទន្លេបាសាក់ ទន្លេសាប និងបឹងទន្លេសាប ទឹកនឹងបន្ដកើនឡើងសន្សឹមៗបន្ថែមទៀត និងទន្លេសេកុង ទន្លេសេសាន ទឹកអាចនឹងស្រកចុះវិញ ក្នុងអំឡុង២-៣ថ្ងៃខាងមុខ។
ក្រសួងធនធានទឹក ក៏អំពាវនាវក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងប្រជាពលរដ្ឋ បង្កើនការយកចិត្តទុដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀងវាងនូវគ្រោះថ្នាក់ ដែលអាចកើតមានឡើងជាយថាហេតុ៕ ដោយ៖កូឡាប