Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា បានប្រែក្លាយពីប្រទេសនាំចូលសំបកកង់រថយន្តទាំងស្រុង ទៅជាប្រទេសផលិត និងនាំចេញសំបកកង់ មានកំណើនយ៉ាងឆាប់រហ័ស

ភ្នំពេញ៖ ថ្វីដ្បិតតែឧស្សាហកម្មផលិតផលសំបកកង់រថយន្ត ទើបតែលេចវត្តមានថ្មោងថ្មីនៅកម្ពុជាក៏ដោយ ក៏ប្រទេសកម្ពុជា បានប្រែក្លាយពីអ្នកនាំចូលផលិតផលសំបកកង់រថយន្តទាំងស្រុង ទៅជាប្រទេសផលិត និងនាំចេញសំបកកង់រថយន្តដែលមានកំណើនយ៉ាងឆាប់រហ័ស និងកំពុងក្លាយជាមុខទំនិញយុទ្ធសាស្ត្រថ្មីមួយទៀត សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច។

បច្ចុប្បន្ននេះ កម្ពុជា រោងចក្រផលិតសំបកកង់រថយន្ដ ចំនួន៣ ដែលកំពុងដំណើរការ ក្នុងនោះ រួមមាន៖ ទី១៖ ក្រុមហ៊ុន Cart Tire Co.,LTD នៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ ខេត្ដស្វាយរៀង បានដំណើរការនៅឆ្នាំ២០២១ លើទំហំផ្ទៃដី ៥០ហិកតា ក្រោមទុនវិនិយោគ ៧៨៧លានដុល្លារ ដោយមានទីផ្សារនាំចេញទៅអាមេរិក, កាណាដា, សមគមន៍អីរ៉ុប និងអាស៊ី។ ទី២. ក្រុមហ៊ុន General Tires Technology (Cambodia) Co.,LTD នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ បានដំណើរការនៅឆ្នាំ២០២២ លើទំហំផ្ទៃដី ២០ហិកតា ក្រោមទុនវិនិយោគ ២៩៧លានដុល្លារ ដោយមានទីផ្សារនាំចេញទៅអាមេរិក និងមានគម្រោងនាំចេញទៅទីផ្សារប្រទេសប្រេស៊ីល។ និង ទី៣. រោងចក្រផលិតសំបកកង់រថយន្ដ ក្រុមហ៊ុន Newbustar (Cambodia) នៅតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ តម្លៃជាង ១៣៨លានដុល្លារ ដែលបានបើកឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។

រោងចក្រទាំង៣ ដែលកំពុងតែដំណើរផលិតនៅក្នុងស្រុកនេះ គេរំពឹងថា នឹងអាចជួយទៅដល់ផលិតកម្មកៅស៊ូក្នុងស្រុក, បង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ច, ព្រមទាំងស្រូបយកកម្លាំងពលកម្មបង្កើតការងារធ្វើ និងកាត់បន្ថយការនាំចេញទៅក្រៅប្រទេសផងដែរ។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងក្នុងអំឡុងចូលរួមបើកសម្ពោធរោងចក្រផលិតសំបកកង់រថយន្តបរបស់ក្រុមហ៊ុន Newbustar (Cambodia) កាលពីសប្តាហ៍មុននេះថា ការរីកចម្រើនជាបន្តបន្ទាប់នៃឧស្សាហកម្មផលិតសំបកកង់យានយន្តនៅកម្ពុជានេះ បានបង្ហាញឱ្យឃើញ យ៉ាងជាក់ច្បាស់អំពីការផ្តល់សេចក្តីទុកចិត្តរបស់វិស័យឯកជនមកលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកវឌ្ឍនភាព និងបង្កើតសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។

តាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគផលិតសំបកកង់យានយន្តមានចំនួន៥ ត្រូវបានចុះបញ្ជីវិនិយោគក្នុងទីតាំងតំបន់សេដ្ឋកិច្ចពិសេស ក្នុងនោះរោងចក្រចំនួន ៣ កំពុងបើកដំណើរការ។ ទន្ទឹមនឹងនេះ កម្ពុជា ក៏មានវត្ថុធាតុដើមយ៉ាងច្រើន សម្រាប់បម្រើឲ្យឧស្សាហកម្មផលិតសំបកកង់រថយន្តក្នុងស្រុកផងដែរ ខណៈដែលផ្ទៃដីដាំដុះកៅស៊ូនៅកម្ពុជា មានជាង ៤០ម៉ឺនហិកតា និងអាចផលិតជ័រកៅស៊ូបានរាប់ម៉ឺនតោន ក្នុងមួយឆ្នាំៗ។ វត្តមានក្រុមហ៊ុនទាំងនេះ នឹងធ្វើឲ្យទីផ្សារជ័រកៅស៊ូកម្ពុជាកាន់តែទូលាយជាងមុន និងតម្លៃមានស្ថិរភាព ដោយមិនពឹងផ្អែកតែទៅលើការនាំចេញទាំងស្រុងទៅក្រៅប្រទេសដូចមុនទៀតឡើយ។

យោងតាមស្ថិតិផ្តល់ដោយក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ប្រទេសកម្ពុជា រកចំណូលបានពីការនាំចេញសំបកកង់រថយន្ត ក្នុងរយៈពេល ៦ខែដំបូង ឆ្នាំនេះ ក្នុងតម្លៃទឹកប្រាក់ ៣៦៧លានដុល្លារអាម៉េរិក កើនឡើង ១៨៨,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

×