Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុមោទនា ថ្ងៃកាន់បិណ្ឌ១

ភ្នំពេញ៖ ថ្ងៃទី១៨ កញ្ញានេះ ត្រូវនឹងថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ គឺជាថ្ងៃកាន់បិណ្ឌ​១នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះបើតាមការចេញផ្សាយព័ត៌មានលើបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។

ពិធីកាន់បិណ្ឌនេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ(១៨ ខែកញ្ញា) ដល់ថ្ងៃ១៤រោច ខែភទ្របទ(១ ខែតុលា) ឆ្នាំ២០២៤។

សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយរាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកានៃពិធីកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ ។

អត្ថន័យ នៃពិធីបុណ្យភ្ជុំបិណ្ឌ

ជារៀងរាល់ឆ្នាំ ចាប់ពី​ថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ប្រារព្ធ​នូវ​ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​តាម​ទីវត្ត​អារាម ដោយ​ធ្វើជា​ចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ។ ពិធី​បុណ្យដែល​ធ្វើ​តាមទំនៀមពីដូនតាមកនេះ ត្រូវ​បាន​ដក់ជាប់​ក្នុង​គំនិត​ប្រជាពលរដ្ឋ​ខ្មែរតជំនាន់​មក​ថា វាជាពិធី​ដើម្បី​​ឧទ្ទិស​កុសល្យ​ជូន​ទៅ​ដល់ដូនតា និងញាតិកាទាំង៧សណ្តាន​​ដែល​បានចែកឋាន​​ទៅ ។

ពិធីបុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​បានចែក​ចេញ​ជាពីរ គឺ៖
ទី១ ៖​ ជា​រយៈ​ពេល​នៃ​ការ​កាន់បិណ្ឌ​ចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូត​ដល់​ថ្ងៃ១៤រោច ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​​តែ​ងធ្វើ​ចង្ហាន់ទៅ​ប្រគេនព្រះសង្ឃ ។
ទី២ ៖ ​ថ្ងៃចុងក្រោយ គឺថ្ងៃ១៥រោច ដែល​ជា​ថ្ងៃភ្ជុំបិណ្ឌ​ប្រជាពលរដ្ឋ​តែង​ធ្វើការ​ជួប​ជុំ​គ្នា​​ដើម្បីឆ្លង​នូវ​សធាជ្រះថ្លា ដែលបានថ្វាយ​ទាន​ចំពោះ​ភិក្ខុ​សង្ឃ​ក្នុង​រយៈពេល​១៤ថ្ងៃ​កន្លងមក។

​ខ្មែរ​យើង ​គឺជាជនជាតិមួយ​ដែលមាន​ការ​ដឹងគុណចំពោះ​បុគ្គល​ដែលបាន​ធ្វើឧបការៈដល់ខ្លួន ពោល​គឺអ្នកកាន់ព្រះពុទ្ធសាសនា​ប្រកាន់យកគោល​ការណ៍​ នៃការ​ដឹងគុណ ហើយ​ការ​ដឹងគុណនេះ មិន​មែន​និយាយ​ត្រឹម​តែដូនតា ឬក៏ញាតិមិត្តរបស់ខ្លួនទេ គឺជា​ការ​ដឹងគុណតាំងពីធម្មជាតិ ដឹងគុណពីអ្នកដទៃបើ​​មិន​ជាប់ជាញាតិរបស់ខ្លួន​យ៉ាងណាក៏ដោយ ប៉ុន្តែសម្តែង​នូវ​ទឹកចិត្ត​ដឹងគុណ ដែលហៅថា កតញ្ញូតាធម៌ ​ទើបមានការ​ឈាន​ទៅ​ធ្វើពិធីទាំងអស់នេះបាន ព្រោះបើយើងអត់មានកតញ្ញូនៅ​ក្នុង​ចិត្ត​ទេ គឺមិន​អាច​ទៅធ្វើពិធីបុណ្យ​នេះបានទេ។

និយាយជារួមមក ពិធីបុណ្យ​ភ្ជុំបិណ្ឌនេះ ដូនតាខ្មែរ​បានប្រារព្ធធ្វើ​ឡើងក្នុងគោលបំណង​​បង្រៀន​​ទៅ​ដល់​កូនចៅ​ឱ្យ​ដឹងអំពី​កំណើត ចេះ​គោរព ដឹងគុណ និង​មាន​កតញ្ញូធម៌។ យើងជាជនជាតិខ្មែរ​ ត្រូវស្គាល់អំពី​កំណើត និង​ការ​ដឹងគុណ។ «សូមចូលរួមចំណែកដើម្បីរក្សាវប្បធម៌ជាតិយើង ពិសេសបំផុតគឺបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីក្លាយជាអ្នកបន្តវេណជំនាន់ក្រោយទៀត រក្សាតម្លៃដ៏ពិសិដ្ឋ នៃកតញ្ញូធម៌»៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×