Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ តម្រូវឲ្យគ្រឹះស្ថានធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ បើកគណនីជាប្រាក់រៀលជូនអតិថិជនទាំងអស់

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីណែនាំឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ទាំងអស់ បើកគណនីប្រាក់បញ្ញើ និង/ឬគណនីទូទាត់សងប្រាក់ជាប្រាក់រៀល ដែលប្រើប្រាស់សម្រាប់ ប្រតិបត្តិការទូទាត់សងប្រាក់ជូនអតិថិជន ដោយមិនតម្រូវឱ្យយកកម្រៃសេវាសម្រាប់ការបើក និងបិទគណនីជាប្រាក់រៀលខាងលើ, មិនតម្រូវឱ្យយកកម្រៃសេវាគណនីប្រចាំឆ្នាំ សម្រាប់គណនីជាប្រាក់រៀលខាងលើ និងពន្យល់ និងផ្សព្វផ្សាយអំពីខ្លឹមសារសេចក្តីណែនាំនេះជូនសាធារណជន។

នេះបើយោងតាមសេចក្តីណែនាំចំនួនពីរដាច់ដោយឡែកពីគ្នាស្តីពី «ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលសម្រាប់សេវាទូទាត់សងប្រាក់នៅកម្ពុជា» របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅយប់ថ្ងៃទី ១៧ខែ កញ្ញា ឆ្នាំ ២០២៤។

នៅក្នុងសេចក្តីណែនាំនេះ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា៖ «ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់សេវាទូទាត់សងប្រាក់នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន គឺគ្រឹះស្ថានត្រូវគោរព និងអនុវត្តតាមលក្ខខណ្ឌក្នុងការបើកគណនីជាប្រាក់រៀលជូនអតិថិជនទាំងអស់»។

នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី ១៧ខែ កញ្ញា ឆ្នាំ ២០២៤នេះ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់សាធារណជន សូមកុំមានការព្រួយបារម្ភ ឬគិតថាជាបន្ទុកនៅពេលដែលឃើញគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលខ្លួនកំពុងប្រើប្រាស់នោះ បានបង្កើតគណនីជាប្រាក់រៀលជូនលោកអ្នកដោយស្វ័យ ប្រវត្តិ ខណៈការបង្កើតគណនីជាប្រាក់រៀលនេះ គឺជាគោលការណ៍របស់ធនាគារជាតិនៃកម្ពុជា ដោយមិនតម្រូវឲ្យយកកម្រៃសេវាពីអតិថិជនឡើយ។ 

គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា គ្រោងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់តាមរយៈ QR Code ថ្មី ដែលជាការរួមបញ្ចូលគ្នារវាងប្រព័ន្ធ QR Code ប្រាក់រៀល និងប្រព័ន្ធ QR Code ប្រាក់ដុល្លារ ទៅជាប្រព័ន្ធ QR Code តែមួយ (KHQR Code) នាពេលឆាប់ៗខាងមុខនេះ ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់សេវាទូទាត់សងប្រាក់នៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព៕

×