Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងប្រៃសណីយ៍អំពាវនាវ ស្តីពី ការលើកទឹកចិត្តឱ្យសិស្សានុសិស្សពិចារណា ចាប់យកការសិក្សាជំនាញឌីជីថល

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំរៀនសូត្រ និងសូមជូនពរឱ្យទទួលបានជោគជ័យក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ។

បច្ចេកវិទ្យាឌីជីថល (Digital Technology) ក្នុងនោះ បច្ចេកវិទ្យាឈានមុខថ្មីៗ (Emerging Technology) បានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅ ការធ្វើអាជីវកម្ម និងការផ្ដល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអំពាវនាវនិងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យពិចារណាចាប់យកការសិក្សាជំនាញឌីជីថល (Digital Skills) ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ក្នុងគោលដៅស្វែងរកការងារបានល្អ និងបានចំណូលខ្ពស់ អាចជួយលើកកម្ពស់ជីវភាពផ្ទាល់ខ្លួននិងគ្រួសារ ជាពិសេស ចូលរួមចំណែកលើកស្ទួយនិងអភិវឌ្ឍប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក “បច្ចេកវិទ្យា” ជាពិសេស “បច្ចេកវិទ្យាឌីជីថល” ជាអាទិភាពគន្លឹះទី៥ បន្ទាប់ពី “មនុស្ស ផ្លូវ ទឹក ភ្លើង”។

បន្ថែមលើនេះទៀត ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល ២០២៤-២០៣៥ ដែលរាជរដ្ឋាភិបាលបានអនុម័តកាលពីដើមឆ្នាំ២០២៤ បានដាក់ចេញនូវ ក្របខណ្ឌសមត្ថភាពជំនាញឌីជីថល ដោយបែងចែកចេញជា ៧ ផ្នែក ២០ ក្រុមជំនាញ និង ៦៣ មុខរបរសំខាន់ៗ សុទ្ធសឹងជាជំនាញកំពុងមានតម្រូវការខ្ពស់ និងងាយទទួលបានឱកាសការងារល្អៗ ព្រមទាំងអាចចូលរួមចំណែកក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក រួមមាន៖

  • ផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure)
  • ផ្នែកសន្តិសុខសាយប័រ (Cybersecurity)
  • ផ្នែកអភិបាលកិច្ចទិន្នន័យ (Data Governance)
  • ផ្នែកសុសវែរនិងកម្មវិធីកុំព្យូទ័រ (Software and Applications)
  • ផ្នែកទិន្នន័យនិងបញ្ញាសិប្បនិម្មិត (Data and Artificial Intelligence)
  • ផ្នែកទំនាក់ទំនង លក់ និងទីផ្សារឌីជីថល (Digital Communication, Sales, and Marketing)
  • ផ្នែកនវានុវត្តន៍ឌីជីថលនិងសហគ្រិនភាព (Digital Innovation and Entrepreneurship)។
    ជាថ្មីម្ដងទៀត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជូនពរដល់សិស្សានុសិស្សទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខ ហើយក្រសួងសង្ឃឹមជឿជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ សិស្សានុសិស្សទាំងអស់នឹងចូលរួមចំណែកអភិវឌ្ឍកម្ពុជា ឆ្ពោះទៅសម្រេចបានចក្ខុវិស័យរយៈពេលវែងនិងប្រែក្លាយជាប្រទេសអភិវឌ្ឍនាពេលអនាគត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×