ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួង បានកំណត់ទិដៅជំរុញសម្រេចឲ្យបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា ៤០% និងទោចក្រយានយន្តអគ្គិសនីក្នុងអត្រា ៧០% នៅត្រឹមឆ្នាំ ២០៥០ ខណៈការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយផលប៉ះពាល់ ដែលបង្កឡើងដោយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីយានយន្តប្រភេទប្រេងឥន្ធនៈ។
ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឲ្យបានច្រើន។
ឯកឧត្តម ប៉េង ពោធិ៍នា បានមានប្រសាសន៍ថា យានយន្ត គឺជាមធ្យោបាយចម្បងសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញនៅទូទាំងប្រទេស ហើយនាពេលបច្ចុប្បន្នអត្រានៃការប្រើប្រាស់យានយន្តនៅកម្ពុជាឃើញថា មានការកើនឡើងយ៉ាងខ្លាំង ជាពិសេសទោចក្រយានយន្ត និងរថយន្ត។ ក្នុងចំណោមយានយន្តសរុបជាង ៧,៥លានគ្រឿង មានទោចក្រយានយន្តប្រមាណ ៨៥% រថយន្តប្រើប្រាស់ប្រេងឥន្ធនៈធុនស្រាល ដែលជាប្រភេទរថយន្តទេសចរណ៍មានប្រមាណ ១០% និងរថយន្តប្រើប្រាស់ប្រើប្រាស់ឥន្ធនៈធុនធ្ងន់ ដែលជាប្រភេទរថយន្តដឹកទំនិញនិងគ្រឿងចក្រមានប្រមាណ ៥%។
ឯកឧត្តម បានបញ្ជាក់ថា ការបង្កើនការប្រើប្រាស់យានយន្តអគ្គិសនី នឹងកាត់បន្ថយការបញ្ចេញឧស្ម័នពុលក្នុងសកលលោកប្រមាណពាក់កណ្តាលនៅឆ្នាំ២០៥០ ធៀបនឹងបច្ចុប្បន្ន និងកាត់បន្ថយការស្លាប់មុនអាយុពីប្រមាណ ៥,៤លាននាក់ នៅឆ្នាំ ២០២០ មកត្រឹមប្រមាណ ២,៨លាននាក់ នៅឆ្នាំ ២០៥០។
ទោះបីជាមានកំណើនយ៉ាងឆាប់រហ័សនៃការប្រើប្រាស់យានយន្តអគ្គិសនីក៏ពិតមែន ក៏វិស័យយានយន្តអគ្គិសនីនេះ ចាំបាច់ណាស់ ត្រូវទាមទារនូវការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធបន្ថែមទៀត និងការដាក់ចេញនូវគោលនយោបាយជាក់លាក់ ដោយផ្តោតសំខាន់លើការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ និងវិនិយោគិន ដើម្បីជំរុញសន្ទុះនៃការប្រើប្រាស់ និងបង្កើនការវិនិយោគលើវិស័យយានយន្តអគ្គិសនី ដោយឈរលើមូលដ្ឋានចីរភាពនៃហិរញ្ញវត្ថុសាធារណៈ និងការរក្សាបានលំនឹងតុល្យភាពថវិកា។
យោងតាមទិន្នន័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមខែសីហា ឆ្នាំ២០២៤ យានយន្តដែលបានចុះបញ្ជីមានចំនួនសរុបចំនួន ៧,៥៤លានគ្រឿង ក្នុងនោះយានយន្តអគ្គិសនីសរុប ៣.៦៧៦គ្រឿង មានរថយន្តចំនួន ២.១០៩គ្រឿង ត្រីចក្រយានយន្ត ចំនួន ៤៤៥គ្រឿង និងទោចក្រយានយន្តចំនួន ១.១២២គ្រឿង។ ចំណែកទីតាំងបញ្ចូលថាមពលអគ្គិសនីនៅទូទាំងប្រទេសមានចំនួន ២១កន្លែង ដែលមានទូរបញ្ចូលថាមពលយានយន្តអគ្គិសនីសរុបចំនួន ២៧ទូរ៕