Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន​ នៅកម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសនៃជំនួប លោក Minoru Kato នាយកប្រតិបត្តិ និងជាអនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ នៃក្រុមហ៊ុន HONDA MOTOR CO., LTD. បានគោរពជម្រាបជូនសម្ដេចធិបតីដោយសង្ខេបអំពីវឌ្ឍនភាព និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា តាមរយ:ក្រុមហ៊ុន N.C.X. Co., LTD ក្នុងរយៈពេល២៥ឆ្នាំមកនេះ ។

ទន្ទឹមនឹងនេះលោកនាយកប្រតិបត្តិបានសម្ដែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដោតការយកចិត្តទុកដាក់អភិវឌ្ឍវិស័យឧស្សាហកម្ម តាមរយៈការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលតែងតែផ្ដល់ការគាំទ្រ លើកទឹកចិត្ត និងជួយសម្របសម្រួលឱ្យក្រុមហ៊ុនទទួលបានជោគជ័យដូចពេលបច្ចុប្បន្ននេះ។

លោកនាយកប្រតិបត្តិបានប្ដេជ្ញាចិត្តក្នុងអនុវត្តតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល និងបន្ដកិច្ចសហការឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងបានគោរពជម្រាបជូនអំពីផែនការពង្រីកការវិនិយោគ​ និងអាជីវកម្មបន្ថែមទៀតរបស់ក្រុមហ៊ុន​នៅកម្ពុជា។

សម្ដេចធិបតីបានអបអរសាទរចំពោះវឌ្ឍនភាព និងជោគជ័យរបស់ក្រុមហ៊ុនទាំងនៅកម្ពុជា និងនៅតាមបណ្ដាប្រទេសលើពិភពលោក ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្ត បណ្ដាក់ទុនវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជាក្នុងរយៈពេល២៥ឆ្នាំមកនេះ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា តាមរយៈការបង្កើនសមត្ថភាពជំនាញជូនប្រជាពលរដ្ឋកម្ពុជា និងការបង្កើតការងារ ។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីការផ្ដោតយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដោយបានដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា និងគោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តមួយចំនួនចំពោះការវិនិយោគលើការបង្កើតរោងចក្រដំឡើងនិងផលិតយានយន្តនៅកម្ពុជា។សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា និងលើកទឹកចិត្តដល់ក្រុមហ៊ុនពិនិត្យលទ្ធភាពផលិតគ្រឿងបង្គុំក្នុងប្រទេសកម្ពុជាឱ្យបានច្រើនថែមទៀត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×