Wednesday, September 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា កើន៥.៨% សម្រាប់ឆ្នាំ២០២៤ និង៦.០% សម្រាប់ឆ្នាំ២០២៥

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ និង ៦,០% សម្រាប់ឆ្នាំ ២០២៥។ វាឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃថ្លៃម្ហូបអាហារ និង ការ ធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី បានបន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួនពី ២,០% មក ០,៥% សម្រាប់ឆ្នាំ ២០២៤ នេះបើយោងតាម ទស្សនវិស័យ អភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ADO) ខែកញ្ញា ឆ្នាំ២០២៤។

លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា «ការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុងជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។ វិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្តហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា។ ជារួម កម្លាំងចលករទាំងនេះ កំពុងនាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ ២០២៤ ព្រមទាំងពង្រឹងមូលដ្ឋាន សម្រាប់កំណើនរឹងមាំនៅឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។”

ការបន្ទាបការព្យាករអតិផរណា ឆ្លុះបញ្ចាំងពីការថយចុះថ្លៃទំនិញនិងសេវាទាក់ទិននឹងប្រេងឥន្ធនៈ រួមជាមួយនឹងការថយចុះនៃថ្លៃជី ដែលបានគាំទ្រដល់ផលិតកម្មកសិកម្ម។ ការណ៍នេះនឹងជួយសម្រាល បន្ទុកចំណាយចាំបាច់របស់ប្រជាពលរដ្ឋ ជាពិសេសក្រុមអ្នកដែលងាយរងគ្រោះបំផុត ដែលបានប្រឈម មុខនឹងបញ្ហានានាក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការកើនឡើងនៃថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ។

របាយការណ៍នេះគូសបញ្ជាក់ថា កំណើននៃការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ បានងើបឡើងវិញប្រមាណ ១៦,៩% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ឆ្នាំ ២០២៤ បន្ទាប់ពីបានធ្លាក់ ចុះ ១៨,៦% ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។ កំណើនការនាំចេញផលិតផលកមន្តសាលដទៃ ទៀតបានថយមកត្រឹម ១,៣% ឆ្នាំលើឆ្នាំ នៅក្នុងឆមាសទី១ ពី ២១,២% ដែលសម្រេចបានក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។ ការនាំចូលសម្ភារៈនិងឧបករណ៍សំណង់ បានកើនឡើង ២៣,៣% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ដោយសារសំណង់ជំរុញដោយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

វិស័យកសិកម្មត្រូវបានព្យាករថានឹងកើនឡើង ១,២% ក្នុងឆ្នាំ ២០២៤ និង ១,៣% ក្នុងឆ្នាំ ២០២៥។ វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងកើនឡើង ៥,៤% នៅឆ្នាំ ២០២៤ មុនថយមកកម្រិត ៥,២% នៅឆ្នាំ ២០២៥។ ការព្យាករនេះត្រូវបានគាំទ្រដោយការកើនឡើង ២២,៧% ឆ្នាំលើឆ្នាំ នៃការមក ដល់របស់ភ្ញៀវទេសចរ ក្នុងឆមាសទី១ ឆ្នាំ ២០២៤។ ចំនួនភ្ញៀវអន្តរជាតិសរុប បានកើនដល់ ៩៤,៨% នៃ កម្រិតមុនមានជំងឺរាតត្បាត ក្នុងឆមាសទី១ ឆ្នាំ២០១៩។

លំហូរវិនិយោគពីបរទេសបានបន្តកើតមាន បើទោះជាបានថយបន្តិចមកត្រឹម ២,០ ពាន់លាន ដុល្លារ ក្នុងឆមាសទី១ ឆ្នាំ ២០២៤ ពី ២,១ ពាន់លានដុល្លារ ក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។ លំហូរ វិនិយោគនេះ ត្រូវបានគាំទ្រដោយកំណើនទុនទៅក្នុងវិស័យមិនមែនហិរញ្ញវត្ថុ ខណៈពេលដែលលំហូរ វិនិយោគទៅក្នុងវិស័យហិរញ្ញវត្ថុមានការថយចុះគួរឲ្យកត់សម្គាល់ ទំនងជាដោយសារប្រាក់ចំណេញទាប នៃវិស័យធនាគារ។

ហានិភ័យដែលអាចកើតមានសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានេះរួមមាន កំណើនសេដ្ឋកិច្ច យឺតជាងការរំពឹងទុកក្នុងប្រទេសធំៗដូចជា សាធារណរដ្ឋប្រជាមានិតចិន អឺរ៉ុប និងសហរដ្ឋអាមេរិក បំណុលឯកជនខ្ពស់ ការប្រែប្រួលថ្លៃប្រេងឥន្ធនៈសកល និងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារអាកាសធាតុ អាក្រក់។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាបន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែល ក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕ រក្សាសិទ្ធដោយ ៖​សុទ្ធលី

spot_img
×