Wednesday, September 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វក់នឹងអំណាចទឹកប្រាក់ តួនាទី ប្រើអំពើហិង្សាមិនដឹងក្បាលកន្ទុយ លោក តាំង សឿន (ហៅ គី សឿន) ម្ចាស់ស្ថានីយប្រេងឥន្ធនៈសាវីមិច ត្រូវតំណាងអយ្យការចោទប្រកាន់ជាផ្លូវការ

រាជធានីភ្នំពេញ : ករណីម្ចាស់ស្ថានីយប្រេងឥន្ធនៈសាវីមិច ឈ្មោះ តាំង សឿន (គី សឿន) អាយុ៤៨ឆ្នាំ ព្រួតគ្នាប្រមាណ១០នាក់ ប្រើអំពើហិង្សាឥតត្រាប្រណី ទៅលើយុវជន៣នាក់ ហើយត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន តាមបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនោះ ពេលនេះបានឈានដល់ដៃតុលាការហើយ គឺតំណាងអយ្យការបានចោទប្រកាន់ជាផ្លូវការ។

លោក សេង ម៉េងស៊្រុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នុំពេញ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានសម្រេចចោទប្រកាន់ ម្ចាស់ស្ថានីយប្រេងឥន្ធនៈសាវីមិច ឈ្មោះ តាំង សឿន (គី សឿន) អាយុ៤៨ឆ្នាំ ជាទាហានពាក់ស័ក្តិ៤ នៅស្នាក់សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ករណីនាំកូនប្រុស និងបក្ខពួកប្រមាណជិត១០នាក់ ជិះរថយន្ដ និងម៉ូតូដេញបុក ម៉ូតូយុវជន៣នាក់ រួចព្រួតវាយចាប់ចងដៃទាំងកម្រោលបណ្ដាលឲ្យរងរបួស ពីបទ (ហិង្សាដោយចេតនា) តាមបញ្ញត្តិមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។

ក្នុងហេតុការណ៍ប្រព្រឹត្តអំពើហិង្សានេះ ក្រៅពីបុគ្គលឈ្មោះ តាំង សឿន ម្ចាស់ស្ថានីយប្រេងឥន្ធនៈសាវីមិច កម្លាំងនគរបាលក៏បានឃាត់ខ្លួនបក្ខពួកចំនួន ៣នាក់ផ្សេងទៀតផងដែរ ដែលពាក់ព័ន្ធករណីប្រើហិង្សានេះ។ បើយោងទៅលើខ្លឹមសារមាត្រា ២១៧ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ជនត្រូវចោទព្រមទាំងគូកន ត្រូវប្រឈមនឹងការដាក់ទោសទណ្ឌពី១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លាន ទៅ៦លានរៀល។

ក្នុងពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដែលសមត្ថកិច្ចទទួលបាននៅថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្រុមយុវជនរងគ្រោះទាំង៣នាក់ បានរៀបរាប់ថា នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល១១យប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ពួកគេទាំង ៣នាក់ បានជិះម៉ូតូចេញពីបន្ទប់ជួល ដើម្បីទៅទិញបាយឆាហូប។ លុះពេលទៅដល់មុខស្ថានីយប្រេងឥន្ធនៈសាវីមិចរបស់ជនដៃដល់ឈ្មោះ តាំង សឿន ស្រាប់តែបុគ្គលនេះ និងបក្ខពួកជិះរថយន្ដ ម៉ូតូ ដេញបុកពួកគេទាំងកម្រោលតែម្ដង ដោយគ្មានហេតុ។

នៅពេលដេញបុក (មានវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព) ម៉ូតូរបស់ពួកគេបានដួល ហើយក្នុងចំណោម៣នាក់ មានម្នាក់រត់ឲ្យអ្នកភូមិជួយ និង២នាក់ទៀត ត្រូវក្រុមជនបង្កចាប់បាន រួចចងដៃ ដកទូរស័ព្ទ និងព្រួតវាយយ៉ាងដំណំ។ ចំណែកជនរងគ្រោះដែលរត់រួច ក៏ត្រូវក្រុមបង្កតាមទៅចាប់យកមកដល់ស្ថានីយប្រេងឥន្ធនៈទៀត និងបានប្រើហិង្សាយ៉ាងដំណំ។

ក្រោយនាំជនរងគ្រោះមកដល់កន្លែងរបស់ខ្លួន ក្រុមជនបង្កបានប្រគល់ទៅឲ្យនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ ដើម្បីធ្វើការសួរនាំ។ នៅពេលសមត្ថកិច្ចសួរនាំជនបង្កឈ្មោះ តាំង សឿន បានអះអាងថា ពួកគេវាយជនរងគ្រោះច្រឡំ និងបង្គាប់ឲ្យធ្វើកិច្ចសន្យាមិនប្ដឹងផ្ដល់ទៅវិញ។ បុគ្គលឈ្មោះ តាំង សឿន ប្រាប់សមត្ថកិច្ចថា ខ្លួនយល់ច្រឡំស្មានតែយុវជន៣នាក់នេះ ជាអ្នកគប់ផាវចូលស្ថានីយប្រេងឥន្ធនៈរបស់ខ្លួនកាលពីពេលកន្លងទៅ ទាំងដែលយុវជនទាំង៣នាក់នេះ មិនដឹងរឿងអ្វីទាល់តែសោះ ហើយក៏មិនជាប់ពាក់ព័ន្ធដែរ។

ក្រោយចាប់វាយដោយគ្មានហេតុផល និងប្រគល់ឲ្យសមត្ថកិច្ចរួចហើយនោះ បុគ្គលឈ្មោះ តាំង សឿន បានបង្ខំឲ្យយុវជនទាំង៣នាក់ ដែលសុទ្ធតែជាអនីតិជន (អាយុក្រោម១៨ឆ្នាំ) ផ្ដិតមេដៃធ្វើកិច្ចសន្យាបញ្ចប់រឿង មិនប្ដឹងផ្ដល់ជាមួយគេទៅវិញ ដោយមិនឱ្យប្រាប់ទៅឪពុកម្តាយរបស់ពួកគេ។ ប៉ុន្តែដោយសារដឹងថា នេះជាអំពើហិង្សាទាំងកម្រោល មិនខ្លាចច្បាប់ទម្លាប់បែបនេះ​ ឪពុកម្តាយរបស់យុវជនទាំង៣នាក់ បានដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាល សង្កាត់ក្រាំងធ្នង់ ប៉ុន្តែភ្លាមៗមិនទាន់មានចំណាត់ការនោះឡើយ ទើបតែទទួលបានបញ្ជាពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទើបកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាត់វិធានការតាមចាប់ខ្លួនក្រុមជនដៃដល់មកវិញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយត្រូវបាន លោក សេង ម៉េងស៊្រុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នុំពេញ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានសម្រេចចោទប្រកាន់ ពីបទ ហិង្សាដោយចេតនា តាមបញ្ញត្តិ មាត្រា២១៧ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

spot_img
×