Wednesday, September 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស៊ុន ចាន់ថុល ៖ តំណាងក្រុមហ៊ុន Highgate គ្រោងនឹងធ្វើដំណើរទស្សនកិច្ចមកប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍

ឡូសអែនជែលលេស៖ កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយតំណាងក្រុមហ៊ុន Highgate ដែលជាក្រុមហ៊ុនវិនិយោគលើឧស្សាហកម្មទេសចរណ៍ដ៏ធំ មានវត្តមាននៅតំបន់ជាច្រើនជុំវិញពិភពលោក ដូចជា អាមេរិកខាងជើង ការីបៀន អាមេរិកឡាទីន និងអឺរ៉ុប ជាដើម។

តាមរយៈជំនួបនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបដល់តំណាងក្រុមហ៊ុនឱ្យបានជ្រាបថា បើទោះបីកម្ពុជា ជាប្រទេសតូចពិតមែនក្ដី ប៉ុន្តែយើងមានសក្តានុពលទេសចរណ៍ដ៏ស្រស់ត្រកាល និងសម្បូរបែប ដោយរួមបញ្ចូលទាំងធនធានធម្មជាតិ ក៏ដូចជាសម្បត្តិវប្បធម៌រូបិយ និងអរូបិយ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញគណៈប្រតិភូរបស់ក្រុមហ៊ុន Highgate ស្វែងរកឱកាសចុះមកបំពេញទស្សនកិច្ច ពិនិត្យមើលស្ថានភាពជាក់ស្ដែងនៃបរិយាសកាសវិនិយោគ និងធ្វើដំណើរកំសាន្តទៅតាមតំបន់ដែលមានសក្ដានុពលនានា ដើម្បីបានជាមូលដ្ឋានក្នុងការពិនិត្យលទ្ធភាពពិចារណាលើការបោះទុនវិនិយោគ ក្នុងឧស្សាហកម្មទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប តំណាងក្រុមហ៊ុន Highgate បានឯកភាពនឹងការអញ្ជើញខាងលើ ហើយគ្រោងនឹងធ្វើដំណើរទស្សនកិច្ចមកប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខ ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងវឌ្ឍនភាពនៃការវិនិយោគក្នុងចង្កោមសណ្ឋាគារកម្រិតពិភពលោក ដែលកំពុងមានវត្តមាននៅកម្ពុជាផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×