តាមកាសែត SCMP របស់ចិន ដែលដកស្រង់សម្តីរបស់អ្នកជំនាញការនេះ ប្រសិនបើព័ត៌មានពីការដែល Kim Jong-Un បដិសេធពុំព្រមជួបបេសកជនចិនជាការពិតនោះវាជាសញ្ញាបង្ហាញឲ្យឃើញកំរិតឥទ្ធិពលរបស់ប៉េកាំងលើព្យុងយ៉ាងមានកំរិត។
SCMP បានដកស្រង់ប្រភពការទូតឲ្យដឹងថា លោក Song Tao ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តចិននៅថ្ងៃទី ២១/១២ បានបញ្ចប់ដំណើរទស្សនៈកិច្ច ៤ថ្ងៃ ទៅកាន់កូរ៉េខាងជើង។ នេះជាដំណើរទស្សនៈកិច្ចជាន់ខ្ពស់ដំបូងរបស់ចិន គិតចាប់ឆ្នាំ ២០១៥មក។
លោក Song បានជួបនិងសន្ទនាជាមួយលោក Choe Ryong-hae អនុប្រធានបក្សពលករកូរ៉េ ហើយក៏ជា “ដៃស្តាំ” របស់ Kim Jong-Un និងលោក Ri Su-Yong មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើង។ ប៉ុន្តែបេសកជនរូបនេះរបស់ចិន ត្រូវបានចាត់ទុកថា ពុំមានជំនួបជាមួយមេដឹកនាំ Kim Jong-Un ដោយផ្ទាល់ទេ ព្រោះថា ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងពុំឃើញមាននិយាយដល់។
តាម Gu Su អ្នកវិភាគនយោបាយចិននោះ ការសម្រេចពុំទទួលជួបនឹងបេសកជនចិន អាចចាត់ទុកជាទង្វើបំពានចំពោះពិធីការទូត ដោយហេតុថា ឆ្នាំទៅមិញប្រធានរដ្ឋចិន ស៊ី ជិនពៀន បានស្វាគមន៍ដោយផ្ទាល់ចំពោះបេសកជនកូរ៉េខាងជើង។
តាមមជ្ឈដ្ឋានអ្នកជំនាញការនោះ ដំណើរទស្សនៈកិច្ចបេសកជនរូបនេះពុំមានទទួលបានផ្លែផ្កាអ្វីប៉ុន្មានទេ ពិសេសក្នុងបំណងបំបែកភាពទាល់ច្រកបច្ចុប្បន្នទាក់ទងដល់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ទំនាក់ទំនងកក់ក្តៅរវាងចិន-កូរ៉េខាងជើង បានថយចុះក្នុងរយៈពេលថ្មីៗនេះ គ្រាដែលក្រុងប៉េកាំងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពណិជ្ជកម្មលើក្រុងព្យុងយ៉ាង៕ សូយន