ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០កញ្ញានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះពិនិត្យមើលស្ថានភាព ទិដ្ឋភាពជាក់ស្ដែង និងបានសំណេះសំណាលផងដែរជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរង់ចាំជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃទៅលេងស្រុកកំណើត នៅទីតាំងចំណត(ជ្រោយចង្វារ) នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន កូនក្មួយ ទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច។
សម្ដេចធិបតី បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា “ឆ្លៀតពេលមុនកម្មវិធីផ្លូវការព្រឹកនេះ ទៅមើលការរៀបចំរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើតនៅតាមបណ្ដាខេត្តនៅទូទាំងប្រទេស ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។
ខ្ញុំពិតជារីករាយដែលឃើញលោកតាយាយ អ៊ំពូមីង បងប្អូន ក្មួយៗ មានការសប្បាយចិត្តក្នុងការទទួលសេវាដឹកជញ្ជូនដោយមិនគិតថ្លៃ រៀបចំដោយសាលារដ្ឋបាលរាជធានីភ្នំពេញ។
នេះជាការចូលរួមចំណែកតូចមួយរបស់រាជរដ្ឋាភិបាល ក្នុងការជួយបងប្អូនប្រជាពលរដ្ឋអាចសន្សំថវិកាបានខ្លះ ក្នុងការធ្វើដំណើរទៅជួបជុំគ្រួសារ ដើម្បីជាទុនសម្រាប់យកទៅធ្វើបុណ្យទាន និងជួបជុំញាតិសន្តាននៅស្រុកកំណើត។
សូមជូនពរលោកតាយាយ អ៊ំពូមីង បងប្អូន ក្មួយៗ ធ្វើដំណើរដោយសុវត្ថិភាព និងរីករាយជួបជុំក្រុមគ្រួសារ។
សូមអរគុណចំពោះសាលារាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធទាំងអស់ដែលរៀបចំការដឹកជញ្ជូននេះបានល្អប្រសើរ”។
នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ក៏ដូចប៉ុន្មានឆ្នាំមុនផងដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចេញរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតដោយមិនគិតថ្លៃ។ ការធ្វើបែបនេះ បានជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ហើយបាននាំមកនូវក្តីរីករាយដល់ប្រជាពលរដ្ឋផងដែរ។
ការបានរថយន្តជិះទៅលេងស្រុកកំណើតមិនអស់ថ្លៃជាក្តីរីករាយមួយទៅហើយសម្រាប់ប្រជាពលរដ្ឋ ពួកគាត់រឹតតែរំភើបរីករាយថែមទៀតនៅពេលបានឃើញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះទៅជូនដំណើរដោយផ្ទាល់។
ប្រជាពលរដ្ឋបានបង្ហាញក្តីរំភើបរីករាយ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសម្រេចរបស់សម្តេចមហាបវរធិបតី។ ក្នុងឱកាសនោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យប្រជាពលរដ្ឋបានថតរូបជាអនុស្សាវរីយ៍ប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត៕ រក្សាសិទ្ថដោយ ៖ សុទ្ធលី