មនុស្សចំនួន ៣នាក់បានបាត់ខ្លួន បន្ទាប់ពីយន្តហោះកងទ័ពជើងទឹកអាមេរិចមួយគ្រឿងបានធ្លាក់ចូលក្នុងសមុទ្រភាគខាងត្បូង កោះអូគីណាវ៉ា ប្រទេសជប៉ុន។
យន្តហោះដឹកជញ្ជូនទំនិញប្រភេទ C2-A Greyhound បានកំពុងដឹកមនុស្សចំនួន ១១នាក់ឆ្ពោះទៅកាន់នាវាផ្ទុកយន្តហោះមួយគ្រឿងរបស់អាមេរិច មុនពេលធ្លាក់ចូលក្នុងសមុទ្រភីលីភីន នៅថ្ងៃពុធកន្លងទៅ។
បើតាមសេចក្តីប្រកាសរបស់កងនាវាអាមេរិចបានឲ្យដឹងថា មនុស្សចំនួន ៨នាក់ត្រូវបានជួយសង្គ្រោះក្នុងហេតុការណ៍នោះ ហើយពួកគេកំពុងស្ថិតក្នុងស្ថានភាពល្អ នៅលើនាវាផ្ទុកយន្តហោះ USS Ronald Reagan។ កប៉ាល់អាមេរិច និងជប៉ុនជាច្រើនគ្រឿងកំពុងស្វែងរកនៅតំបន់ដែលមនុស្សទាំង ៣នាក់នៅបាត់ខ្លួន។
មន្ត្រីកិច្ចការសាធារណៈនៃកងនាវាអាមេរិចបានថ្លែងប្រាប់សារព៌តមាន CNN ថាយន្តហោះនោះកំពុងធ្វើដំណើរឆ្ពោះទៅកាន់នាវាផ្ទុកយន្តហោះ ប៉ុន្តែមិនដឹងថាវាស្ថិតនៅឆ្ងាយប៉ុណ្ណានោះទេពីនាវាផ្ទុកយន្តហោះ។
មូលហេតុនៃការធ្លាក់ ក៍ពុំទាន់ត្រូវបានដឹងភ្លាមៗនៅឡើយទេ៕ សុភ័ក្ត្រ