សហរដ្ឋអាមេរិច កាលពីថ្ងៃពុធម្សិលមិញនេះ បានបញ្ជាក់ជំហររបស់ខ្លួនយ៉ាងច្បាស់លើប្រទេសមីយ៉ានម៉ា ដោយចោទកងកំលាំងសន្តិនសុខរបស់ប្រទេសនេះថា បានប្រព្រឹត្តិអំពើឃោរឃៅបំផុត ប្រឆាំងនឹងជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា ហើយថា វាគឺជាសកម្មភាពបោសសម្អាតជនជាតិភាគតិចទាំងនោះ។
សេចក្តីថ្លែងការណ៍ដែលចេញដោយរដ្ឋមន្ត្រីការបរទេសអាមេរិច រិច ធៀលឺសាន់ (Rex Tillerson) គឺជាការថ្កោលទោសខ្លាំងបំផុតរបស់អាមេរិច ចំំពោះទាហ៊ានមីយ៉ានម៉ា ដែលបានបង្ក្រាបយ៉ាងឃោរឃៅលើក្រុមជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាម នៅក្នុងរដ្ឋរ៉ាឃីន។ ការបង្ក្រាបរបស់កងកំលាំងមីយ៉ានម៉ា បណ្តាលឲ្យមានការភៀសខ្លួនយ៉ាងច្រើនរបស់ជនជាតិដើមនោះ និងធ្វើឲ្យមានការថ្កោលទោសជុំវិញពិភពលោក។
នៅក្នុងសេចក្តីថ្លែងការណ៍ លោក ធៀលឺសាន់និយាយថា “ក្រោយពេលការវិភាគយ៉ាងប្រុងប្រយ័ត្ន និងម៉ត់ចត់ពីការពិត វាបានបញ្ជាក់ច្បាស់ថា ស្ថានភាពនៅក្នុងរដ្ឋរ៉ាឃីនជាការបោសសម្អាតប្រឆាំងនឹងជនជាតិរ៉ូហ៊ីយ៉ា”។
ចាប់តាំងពីមានអំពើហឹង្សានៅក្នុរដ្ឋរ៉ាឃីន កាលពីខែសីហាមក ជនជាតិដើមភាគតិចរ៉ូហ៊ីយ៉ាចំនួនច្រើនជាង ៦០០.០០០ នាក់បានរត់ភៀសខ្លួន ទៅកាន់ប្រទេសបង់ក្លាដេស។
នៅក្នុងរដ្ឋរ៉ាឃីន ភាគខាងជើងមីយ៉ានម៉ា ត្រូវបានគេប៉ាន់ប្រមាណថាមានជនជាតិដើមរ៉ូហ៊ីយ៉ាចំនួនជាង ១លាននាក់រស់នៅ។ ក្រុមជនជាតិដើមនេះ មានវត្តមាននៅក្នុងរដ្ឋនោះជាច្រើនជំនាន់មកហើយ។ ប៉ុន្តែសកម្មជនមីយ៉ានម៉ា បានលើកឡើងថា នៅក្នុងប្រវត្តិសាស្ត្រមីយ៉ានម៉ា មិនមានជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ានោះទេ៕ សុភ័ក្ត្រ