Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារស្ទឹងក្រោមទន្លេបាទី និងពិនិត្យស្ថានភាពទឹកតាមសណ្តស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល

កណ្តាល ៖ នៅថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារស្ទឹងក្រោមទន្លេបាទី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សូមជម្រាបថា ស្ទឹងក្រោមទន្លេបាទី ស្ថិតនៅក្នុងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយការងារសំខាន់នៃគម្រោងដែលកំពុងអនុវត្តគឺការស្តារស្ទឹងក្រោមទន្លេបាទីប្រវែង ៧គីឡូម៉ែត្រ មានមុខកាត់ទទឹង ១០០ម៉ែត្រគិតទាំងខ្នងទំនប់សងខាង។ ស្ទឹងនេះមានតួនាទីរំដោះទឹកប្រមាណ ៣០០ ម៉ែត្រគូបក្នុងមួយវិនាទីពីបឹងទន្លេបាទី តំបន់ភាគខាងលិចអាកាសយានដ្ឋានអន្តរជាតិតេជោ និងពីស្ទឹងតូច បង្ហូរចូលបឹងជើងលោង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានស្នើដល់ក្រុមការងារឱ្យបង្កើនការយកចិត្តទុកដាក់លើគុណភាពបទដ្ឋានបច្ចេកទេស និងជំរុញការអនុវត្តការងារឱ្យសម្រេចបានជោគជ័យទៅតាមផែនការគ្រោងទុក ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានានូវសុវត្ថិភាពសន្តិសុខទឹកជូនដល់ភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល និងតំបន់ពាក់ព័ន្ធមួយចំនួនទៀត ព្រមទាំងធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ដល់ការងារស្រោចស្រពដំណាំកសិកម្មគ្រប់ប្រភេទ និងការប្រើប្រាស់ប្រចាំថ្ងៃ។

ក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅតាមសណ្តស្ទឹងព្រែកត្នោតតំបន់កំពង់ទួលទំនប់៧មករា ក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឱ្យមន្រ្តីបច្ចេកទេសនៃនាយកដ្ឋានជំនាញពាក់ព័ន្ធ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បន្តបង្កើនការយកចិត្តទុកដាក់ពិនិត្យតាមដានស្ថានភាពធាតុអាកាស ព័ត៌មានពីបរិមាណទឹកភ្លៀង កម្ពស់ទឹក និងធារទឹក រវាងផ្នែកខាងលើ និងផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោត ជាពិសេសការគ្រប់គ្រងទ្វារទឹកនៅក្នុងការប្រតិបត្តិការបិទបើកទឹក ដើម្បីពង្រឹងការងារគ្រប់គ្រងទឹក និងកាត់បន្ថយហានិភ័យពីគ្រោះធម្មជាតិ និងផលប៉ះពាល់នានាដែលអាចកើតមានឡើងជាយថាហេតុ៕ រក្សាសិទ្ធដោយ ៖សុទ្ធលី

×