Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ “របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤”

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយ “របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤” ដែលទទួលបានការឯកភាពពីគណៈរដ្ឋមន្រ្តី ក្នុងសម័យប្រជុំពេញអង្គ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ ពិធីនេះមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន, ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន និងតំណាងផ្នែកឯកជនដែលជាសមាជិកនៃក្រុមការងារតាមវិស័យទាំង១៦, តំណាងស្ថានទូត ចំនួន១០, និងតំណាងកម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស ក.អ.ក. សរុបប្រមាណ ២៥០រូប។

ពិធីផ្សព្វផ្សាយខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវរបាយការណ៍ខាងលើ ដោយបានផ្តោតជាចម្បងលើវិធីសាស្ត្រក្នុងការរៀបចំ, វឌ្ឍនភាពនៃការអនុវត្តវិធានការ, យន្តការស្ថាប័ន, បញ្ហាប្រឈម, អនុសាសន៍, និងទិសដៅការងារបន្ត។ របាយការណ៍នេះ គឺជាឯកសារមូលដ្ឋានសម្រាប់ជូនរាជរដ្ឋាភិបាលពិនិត្យពិចារណាក្នុងការតម្រង់ទិស និងពន្លឿនការអនុវត្តវិធានការដែលនៅសេសសល់ ព្រមទាំងដាក់ចេញវិធានការបន្ថែមដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដែលបានលើកឡើង ហើយក៏នឹងផ្តល់ព័ត៌មានជូនវិស័យឯកជនពីវឌ្ឍនភាព គណនេយ្យភាពរបស់ក្រសួង ស្ថាប័ន ក្នុងការអនុវត្តវិធានការក្រោមដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ។

ក្នុងនាមជាតំណាងផ្នែកឯកជន អ្នកឧកញ៉ា គិត ម៉េង បានសម្តែងនូវសេចក្តីសោមនស្សចំពោះ វឌ្ឍនភាព ដែលវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) សម្រេចបានកន្លងមក ហើយការណ៍នេះ បានសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារវាងរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ និងកំណែទម្រង់សំខាន់ៗ ដែលពុំមែនគ្រាន់តែជាគោលដៅអរូបី ប៉ុណ្ណោះទេ ប៉ុន្តែជាកំណែទម្រង់ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ធុរកិច្ច និងការវិនិយោគ ទូទាំងប្រទេស។

សូមគូសបញ្ជាក់ផងដែរថា វេទិកា G-PSF លើកទី១៩ ត្រូវបានរៀបចំឡើងដោយជោគជ័យ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំវេទិកានេះជាលើកទី១ ហើយការរៀបចំ វេទិកានេះទៀតសោតក៏បង្ហាញពីភាពបន្ទាន់ និងចាំបាច់នៃរបៀបវារៈសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនៅ ក្នុងអាណត្តិថ្មីនេះ ដែលមានបំណងរៀបចំការធ្វើដំណើររួមគ្នារវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ឱ្យកាន់តែ មានភាពស៊ីចង្វាក់គ្នានិងមានភាពសុខដុម។ ជាលទ្ធផល តាមរយៈ វេទិកា G-PSF លើកទី១៩ រាជរដ្ឋា ភិបាលបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ចម្បងៗចំនួន១១។ ដើម្បីជំរុញប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់នៃការតាមដានវឌ្ឍនភាពនៃការអនុវត្តវិធានការទាំងនេះ រាជរដ្ឋាភិបាលបានប្រគល់ ភារកិច្ចជូន ក.អ.ក. ក្នុងការតាមដាន និងវាយតម្លៃ និងរាយការណ៍មករាជរដ្ឋាភិបាលរៀងរាល់៦ខែម្តង។

ជារួម វិធានការជាងពាក់កណ្តាល ត្រូវបានសម្រេចពេញលេញត្រឹមរយៈពេល៦ខែ ដើមឆ្នាំ២០២៤ដែលតួលេខនេះបង្ហាញថា ការអនុវត្តវិធានការមានវឌ្ឍនភាពល្អប្រសើរគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះវិធានការទាំងអស់សុទ្ធតែត្រូវបានចាប់ផ្តើមអនុវត្ត ដោយក្នុងនោះមានវិធានការយ៉ាងតិចមួយ ត្រូវបានសម្រេចពេញលេញដោយក្រសួង ស្ថាប័នភាគច្រើន។ ទោះជាយ៉ាងណា វិធានការជិតពាក់កណ្តាលទៀតកំពុងត្រូវបានអនុវត្តនៅឡើយ ដែលទាមទារឱ្យក្រសួង ស្ថាប័ន ពន្លឿនបញ្ចប់ការអនុវត្តវិធានការទាំងនោះជាពិសេសវិធានការដែលពុំមានលក្ខណៈជាចរន្ត។

លទ្ធផលដែលប្រសូត្រចេញពីពិធីផ្សព្វផ្សាយនេះ បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សពីការប្តេជ្ញាចិត្តខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែចាត់ទុកវិស័យឯកជនជាដៃគូដ៏សំខាន់ និងជាក្បាលម៉ាស៊ីននៃ កំណើនសេដ្ឋកិច្ចជាតិ ដោយបានទទួលយកនូវសំណូមពរនិងបញ្ហាប្រឈមរបស់វិស័យឯកជន មកពិនិត្យ ដោះស្រាយ និងអន្តរាគមន៍ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនិងវិនិយោគ ឱ្យកាន់តែមានជីវភាព អំណោយផល ទាក់ទាញ ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ សំដៅជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា៕ រក្សាសិទ្ធដោយ​៖ សុទ្ធលី

×