Monday, October 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យចូលរួមអភិរក្សក្បាច់គុនបុរាណខ្មែរ ឱ្យកាន់តែរុងរឿងថែមទៀត

ភ្នំពេញ៖ ក្នុងឱកាសដែលសម្តេចអញ្ជើញបិទការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចមហាបវរធិបតី» នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យចូលរួមអភិរក្សក្បាច់គុនបុរាណខ្មែរ ឱ្យកាន់តែរុងរឿងថែមទៀត និងជំរុញឱ្យមានការផ្សព្វផ្សាយក្បាច់គុនចម្រុះខ្មែរបុរាណឱ្យបានកាន់តែទូលំ ទូលាយ ដោយសង្ឃឹមថានឹងមានការជំរុញហាត់ក្បាច់គុនខ្មែរឱ្យបានច្រើន។

សម្តេចមហាបវរធិបតី បានមានប្រសាសន៍ទៀតថា តាមរយៈព្រឹត្តិការណ៍នេះធ្វើឱ្យយើងបានឃើញឡើងវិញនូវមរតកយុទ្ធគុនបុរាណខ្មែរ ក្បួនយុទ្ធគុន យុទ្ធសិល្ប៍ ក៏ដូចជាយុទ្ធោបករណ៍បុរាណមួយចំនួន ។ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណលើកទី១ មានកីឡាករ កីឡាការិនីចូលរួមសរុបជិត ៥០០នាក់ ចូលរួមប្រកួតក្នុងប្រភេទកីឡាយុទ្ធគុនខ្មែរបុរាណដូចជាប្រដាល់គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម គុនចម្រុះ គុនចំបាប់ ខ្លាក្រាប ស្រង៉ែពែន និងក្រុមយុទ្ធគុនកងយោធពលខេមរភូមិន្ទ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅសម័យសកលភាវូបនីយកម្មងាយស្រួលណាស់ ចម្លងពីគេ និងងាយស្រួលណាស់ទទួលវប្បធម៌ពីគេ។ ប៉ុន្តែយើងក៏មានវប្បធម៌ អរិយធម៌របស់ខ្លួន ហើយរដ្ឋាភិបាលមិនបានហាម ការកែច្នៃ ការប្រឌិត តែយើងត្រូវយកឱកាសនេះដើម្បីចងក្រង និងផ្សព្វផ្សាយអត្តសញ្ញាណជាតិ ក្បាច់គុន ខណៈមានលោកគ្រូក្បាច់គុនខ្មែរជាច្រើនរូប បានបើកក្លិបបង្ហាត់គុនខ្មែរនៅបរទេស ដូច្នេះសូមជំរុញលើកទឹកចិត្តឱ្យបន្តការ បង្ហាត់ក្បាច់គុនខ្មែរ​នៅបរទេសបន្ថែមទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា សម្តេចបានពិភាក្សាបង្កើតក្លិបហាត់ក្បាច់គុននៅកម្ពុជា ដើម្បីឱ្យបរទេសមកហាត់ក្បាច់គុនខ្មែរ ខណៈបច្ចុប្បន្ននេះ មានជនជាតិបរទេសបានក្លាយជាគ្រូបង្វឹក ក្បាច់គុនខ្មែរ បានចូលរួមផ្សព្វផ្សាតក្បាច់គុនខ្មែរ នៅលើឆាកអន្តរជាតិ។ ដូច្នេះកម្ពុជា មានវបប្បធម៌ អរិយធម៌ ត្រូវតែខិត​ខំផ្សព្វផ្សាយបន្ត ប៉ុន្តែត្រូវចាប់ផ្តើមពីខ្មែរយើងមុនគេ គឺធ្វើយ៉ាងណារួមគ្នាផ្សព្វផ្សាយ ឱ្យបានទូលំទូលាយនូវ វប្បធម៌ និងក្បាច់គុនខ្មែរទាំងអស់គ្នា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានជំរុញ និងដាក់ឱ្យអនុវត្តន៍ហ្វឹកហ្វឺនហាត់ក្បាច់គុននៅកងយោធមពលខេមរភូមិន្ទ មន្ត្រីនគរបាល និងតាមសាលារៀននានា ដោយសង្ឃឹមថា នឹងជំរុញការប្រើប្រាស់ ហាត់ក្បាច់គុនរបស់ខ្មែរ​ឱ្យបានច្រើនបន្ថែមទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំមិនហាម ឃាត់អ្នកហាត់ក្បាច់គុនការ៉ាត់តេ តៃក្វាន់ដូទេ ខ្ញុំពីមុនក៏ធ្លាប់ហាត់ការ៉ាត់តេ តែក្វាន់ដូដែរ ប៉ុន្តែយើងត្រូវធ្វើយ៉ាងម៉េចដាក់ប្រើប្រាស់កក្បាច់គុនខ្មែរ ឱ្យបានច្រើន ជំរុញឱ្យរៀបចំ យើងមិនបានហាមឃាត់ការហ្វឹកហ្វឺនក្បាច់គុនប្រទេសណា​ ប៉ុន្តែក្បាច់គុនយើងខ្មែរ ក៏ត្រូវតែបន្តជំរុញអនុវត្តឱ្យបានច្រើន ហើយបងប្អូនខ្មែរនៅទីនេះ គឺជាតួអង្គផ្ទាល់តែម្តង ចូលរួមក្នុងការអភិវឌ្ឍ ​និងអភិរក្សក្បាច់គុនបុរាណខ្មែររបស់យើង សូមបន្តតទៅទៀត»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យព្រឹទ្ធចារ្យក្បាច់គុនទាំងអស់ ប្រមូលចងក្រងក្បាច់គុនខ្មែរនានាឱ្យបានច្រើនដើម្បីចងជាឯកសារសម្រាប់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ។ សម្តេចក៏បានសម្រេចបានបង្កើត គណៈកម្មការចងក្រងគម្ពី អាថ៌កំបាំង យុទ្ធគុនខ្មែរបុរាណ ដើម្បីប្រមូលចងក្រងក្បាច់គុនខ្មែរជាដើម។ សម្រាប់ព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំ សង្ឃឹមថានឹងមានក្បាច់គុនចំបាប់កាន់តែច្រើនឡើងចូលរួមប្រកួត ដើម្បីបង្ហាញអន្តរជាតិឱ្យបានឃើញ។

សម្តេចមហាបវរធិបតី​ សូមចូលរួមអបអរសាទរអ្នកដែលបានទទួលបានមេដាយ និងលើកទឹកចិត្តចំពោះអ្នកដែលមិនបានទទួលមេដាយ។ ជោគជ័យនេះគឺជាជោគជ័យរបស់យើងទាំងអស់គ្នា។ សម្តេចបានថ្លែងថា សុបិនរបស់សម្តេច គឺចង់រៀបចំការប្រកួតក្បាច់គុនចម្រុះ និងចង់ស្រក់ទឹកភ្នែក នៅពេលដែលឃើញការសម្តែងក្បាច់គុនបុរាណខ្មែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះគណៈកម្មការរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ដែលប្រព្រឹត្តទៅបានដោយជោគជ័យ ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ ពោលចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងគោលដៅលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ «មរតកយុទ្ធគុនដូនតាខ្មែរ»។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា សម្ដេចបានតាមដានជាប់ជាប្រចាំតាមរយៈការផ្សាយផ្ទាល់ចេញពីទីលានប្រកួត ទោះបីសម្ដេចជាប់បេសកកម្មនៅក្រៅប្រទេស ក៏នៅតែឆ្លៀតពេលសម្រាកដើម្បីតាមដានការប្រកួតដ៏ល្អមួយនេះផងដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «រយៈពេល៣ថ្ងៃហើយ ដែលបងប្អូនបានប្រកួតដោយយកចិត្តទុកដាក់ និងគ្រប់គ្រងដឹកនាំការប្រកួត។ ខ្ញុំអត់បានមើលផ្ទាល់រហូតដល់ល្ងាចនេះ ប៉ុន្ដែបានមើលជាប់តាមការ Live (ផ្សាយផ្ទាល់) ទៅដល់ប្រទេសឥណ្ឌូនេស៉ីក៏អង្គុយមើលដែរ ឃើញការប្រកួត ការសម្ដែងរយៈពេល៣ថ្ងៃនេះ គឺធ្វើបានដោយរលូន។ ខ្ញុំសូមអរគុណចំពោះគណៈកម្មការរៀបចំ»។

សម្ដេចបវរធិបតី បានថ្លែងថា ក្នុងរយៈពេលខ្លី គណៈកម្មការរៀបចំបានល្អ ថែមទាំងមានការចូលរួមយ៉ាងច្រើនកុះករសំណាក់កីឡាការ ដែលមកពីបណ្ដាសហព័ន្ធផ្សេងៗ និងអង្គភាពជាច្រើនទៀត សរុបចំនួន៥៥អង្គភាព/ក្លឹប/សហព័ន្ធ ដែលបានចូលរួម។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា ការរៀបចំលើកដំបូងនៅឆ្នាំ២០២៤នេះ ដោយសារតែទីលានតូចគឺអាចកំណត់អ្នកចូលរួមប្រកួតត្រឹមជាង៤០០នាក់ប៉ុណ្ណោះ ប៉ុន្ដែសម្ដេចជឿជាក់ថា ផ្អែកតាមបទពិសោធន៍លើកដំបូងនេះ នៅឆ្នាំបន្ដបន្ទាប់នឹងអាចមានការចូលរួមប្រកួតច្រើនជាងនេះ។ ជាមួយគ្នានេះ សម្ដេចបវរធិបតី ក៏បានថ្លែងអំណរគុណដល់ព្រឹទ្ធាចារ្យយុទ្ធគុនបុរាណ ចំនួន៣៥រូប ដែលបានចូលរួមចំណែកក្នុងការរៀបចំប្រកួត និងសម្ដែងក្នុងព្រឹត្តិការណ៍នេះ។

សូមរំលឹកថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» លើកទី១ បានរៀបចំធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែតុលា នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

ក្រៅពីការប្រកួតដែលមានកីឡាយុទ្ធគុនខ្មែរបុរាណគ្រប់ទម្រង់ចូលរួម ទាំងប្រដាល់គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម គុនចម្រុះ គុនចំបាប់ ខ្លាក្រាប ស្រង៉ែពែន និងក្រុមយុទ្ធគុនកងយោធពលខេមរភូមិន្ទជាដើម ក៏នឹងមានការរៀបចំពិព័ណ៌អាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ នៅមុខវិមានពហុកីឡដ្ឋានជាតិផងដែរ ដោយមានការតាំងបង្ហាញសិលាចារឹក ចារប្រវត្តិមហាយុទ្ធគុនបុព្វបុរសដូនតាខ្មែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×