ភ្នំពេញ៖ លោកអភិបាលរាជធានីភ្នំពេញ បានប្រកាសឲ្យមន្ត្រីអាជ្ញាធរដែនដីដែលបានទៅចាប់ដីរដ្ឋ នៅតំបន់មិនររៀបរយរបស់សហគមន៍ក្រីក្រ ប្រញាប់ប្រគល់មកឲ្យរដ្ឋគ្រប់គ្រងវិញជាបន្ទាន់ កុំឱ្យឈានដល់ការប្តឹងផ្តល់តុលារការ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពសិក្ខាសាលាស្ដីពីការត្រួតពិនិត្យតាមដាន និងការគាំទ្រដល់ការអនុវត្តសកម្មភាពពាក់ព័ន្ធនិងការលើកកម្ពស់ភាពធន់របស់សហគមន៍ក្រីក្រ កាលពីព្រឹកថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៧ នៅសាលារាជធានីភ្នំពេញ។
លោកថា៖ដោយកន្លងមកមានមន្ត្រីអាជ្ញាធរខ្លះទៅចាប់ដីសារធាណៈរបស់រដ្ឋ ដូជាដីប្រឡាយយកមកសាងសង់ផ្ទះជួល សម្រាប់ជួលឱ្យសហគមន៍ក្រីក្ររស់នៅកន្លងមកនោះបើនៅពេលខាងមុខ មិនព្រមប្រគល់ឲ្យទេ រដ្ឋបាលរាជធានីអាចប្តឹងទៅតុលាការដាក់ទោសទាន់ថែមទៀត។
ជាមួយគ្នានោះលោកអភិបាលរាជធានីបានដាក់បញ្ជាដល់អាជ្ញាធរគ្រប់បណ្តាខណ្ឌទាំងអស់ និងសមត្ថកិច្ចប៉ូលីស ហាមដាច់ខាតមិនឲ្យយកលុយពលរដ្ឋ ពីការធ្វើសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ អាត្រានុកូលដ្ឋានតែដាច់ខាតមិនមែនមិនយកលុយហើយបែរជាអត់ធ្វើជូនប្រជាពលរដ្ឋនោះទេបើនៅតែមានរឿងហេតុ ជំរិតយកលុយយកកាក់ពីប្រជាពលរដ្ឋតាមរយៈការផ្ដល់សេវាសាធារណៈបន្តទៅទៀត គ្រប់គណៈបញ្ជាការឯកភាពគ្រប់ខណ្ឌទាំងអស់ត្រូវទទួលខុសត្រូវ ចំពោះសកម្មភាពអសកម្មទាំងអស់ខាងលើនេះ។ លោកអភិបាលរាជធានីភ្នំពេញបន្តទៀតថា៖នៅពេលនេះវាដល់ពេលព្យាបាលហួសពេលដុះក្អែលចំពោះមន្ត្រីអសកម្ម។
ចំពោះមន្ត្រី អាជ្ញាធរ ខណ្ឌ សង្កាត់ ត្រូបបំរើប្រជាពលរដ្ឋដោយស្មោះត្រង់និង គ្រប់ជ្រុងជ្រោយ បើអស់លោកស្រែកថាធ្វើការងារអាជ្ញាធរ ហត់នឿយ និងលំបាក គួរដាក់ពាក្យសុំឈប់ទៅ នឹងមានអ្នកមកធ្វើជំនួន ទុក្ខឲ្យអ្នកមានសម្ថភាពធ្វើទៅ៕ ដោយ៖កូឡាប