Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានអាយប៉ាលើកទី៤៥ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អាយប៉ាដែលតំណាងសំឡេងសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងមូលរបស់អាស៊ាន

វៀងច័ន្ទន៍៖ ក្រោយមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ បានបិទបញ្ចប់ប្រកបដោយផ្លែផ្កាជាទីមោទនៈ នៅរាត្រីថ្ងៃទី២១ ខែតុលាឆ្នាំ២០២៤ ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវនិងជាប្រធានអាយប៉ាលើកទី៤៥ បានរៀបចំពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូបរទេសទំាងអស់ ដែលបានអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅលើទឹកដីឡាវ ដែលជាសមាជិកមួយរបស់អាស៊ាន។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍នេះ ជាមួយគ្រួសារអាយប៉ានិងគណៈប្រតិភូសភាប្រទេសសង្កេតការណ៍ គណៈប្រតិភូដែលជាដៃគូអភិវឌ្ឍន៍របស់អាយប៉ា រួមនិងភ្ញៀវកិត្តិយសរបស់ម្ចាស់ផ្ទះ ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាលនិងមិត្តភាព។

ឯកឧត្តម សាយសំផន ភុមវិហាន បានថ្លែងអំណរគុណជ្រាលជ្រៅជូនគណៈប្រតិភូទាំងអស់ដែលបាន ផ្តល់កិត្តិយសចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅទីក្រុងវៀងចន្ទន៍ ដោយបានចូលរួមបញេ្ចញមតិយោបល់ ចែករំលែកបទពិសោធន៍ ក្នុងការលើកកម្ពស់យន្តការសភា បង្កើនកច្ចសហប្រតិបត្តិការ ដោយយកពលរដ្ឋជាស្នូលធានានូវសុខសន្តិភាព ស្ថិរភាព វិបុលភាព និងវឌ្ឍនដោយចីរភាព។

ឯកឧត្តមបានបញ្ជាក់ថា លទ្ធផលនៃការជួបជុំនាពេលនេះ សម្រេចបាននូវសេចក្តីសម្រេចចំនួន៣៧ ទាក់ទងបញ្ហានយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និងទិសដៅការងារផ្ទាល់របស់អាយប៉ា។ ប្រធានអាយប៉ាលើកទី៤៥ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អាយប៉ាដែលតំណាងសំឡេងសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងមូលរបស់អាស៊ាន។
នៅក្នុងពិធីលៀងសាយភោជន៍នេះ គណៈប្រតិភូបណ្តាប្រទេសសមាជិកអាយប៉ានីមួយៗ រួមទាំងកម្ពុជាដែរ បានសម្តែងសិល្បៈចម្រៀងបង្ហាញពីវប្បធម៌ ប្រពៃណី របស់ខ្លួននិងបានបង្កើតបរិយាកាសកាន់តែសប្បាយរីករាយ ស្និទ្ធស្នាលជាមួយគ្នាបន្ថែមទៀត។ ក្នុងបរិយាកាសសប្បាយរីករាយ សមាជិកអាយប៉ា អ្នកចូលរួម បានកំណត់ថានឹងជួបគ្នាម្តងទៀតនៅឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ម៉ាឡេស៊ីជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៦។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបិទជាផ្លូវការ ប្រកបដោយផ្លែផ្កានៅក្នុងការពង្រឹងការទូតសភា ដោយយកប្រជាពលរដ្ឋជាស្នូល នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវនិងជាប្រធានអាយប៉ាលើកទី៤៥។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមពិធីបិទមហាសន្និបាតអាយប៉ាលើកទី៤៥ ជាមួយបណ្តាថ្នាក់ដឹកនាំគណៈប្រតិភូសភាសមាជិកអន្តរសភាអាស៊ាន សភាសង្កេតការណ៍ និងដៃគូរបស់អាយប៉ា ព្រមទំាងភ្ញៀវកិត្តិយសម្ចាស់ផ្ទះ នៅសាលសន្និសីទជាតិរបស់ប្រទេសឡាវ នារដ្ឋធានីវៀងចន្ទន៍ ។
ក្រោមមូលបទ “តួនាទីរបស់សភាក្នុងការពង្រឹងការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន” មហាសន្និបាតអាយប៉ាលើកទី៤៥ បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចចំនួន ៣៧ ក្នុងចំណោមគណៈកម្មាធិការនយោបាយ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ច គណៈកម្មាធិការសមាជិកសភាស្ត្រីអាយប៉ា គណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ា និងគណៈកម្មាធិការរៀបចំ។
ជាមួយគ្នានេះ នៅក្នុងមហាសន្និបាតលើកទី៤៥នេះ អគ្គលេខាធិការដ្ឋានអាយប៉ា បានអនុម័តសេចក្ដីសម្រេចពាក់ព័ន្ធនឹងច្បាប់ឌីជីថលអាយប៉ា (AIPALync) ដែលជាសមិទ្ធផលរបស់សភាកម្ពុជាក្នុងការផ្ដួចផ្ដើមបង្កើតបណ្ណាល័យច្បាប់ឌីជីថលអាយប៉ា ព្រមទាំងបានសម្ពោធជាផ្លូវការនូវ AIPALync ក្នុងវេទិកាត្រីភាគីកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ មហាសន្និបាតបានឯកភាពនូវសំណើបង្កើតទំនាក់ទំនងជាមួយអាយប៉ាតាមរយៈអនុស្សរណៈនៃការយោគយល់គ្នាជាមួយសភាអន្តរជាតិដើម្បីភាពអន់ឱននិងសន្តិភាព (IPTP) និង សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី(ICAPP)។
នៅក្នុងដំណើរមហាសន្និបាតអាយប៉ាលើកទី៤៥នេះ អាយប៉ា បានជួបសន្ទនាជាមួយសភាសង្កេតការណ៍ចំនួន ១៥ ប្រទេសចូលរួម ក្រោមប្រធានបទស្ដីពី “កិច្ចសហប្រតិបត្តិការរបស់សភាដើម្បីឈានឆ្ពោះទៅរកសមាហរណកម្ម និងកំណើនប្រកបដោយបរិយាបន្ន ។
មហាសន្និបាតអាយប៉ាលើកទី៤៦ នឹងប្រារព្ធធ្វើនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០២៥ ហើយសភាហ្វីលីពីននឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៧ ក្នុងឆ្នាំ២០២៦។
មុនបិទបញ្ចប់មហាសន្និបាតអាយប៉ា ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវនិងជាប្រធានអាយប៉ាលើកទី៤៥ បានប្រគល់តួនាទីជាប្រធានអាយប៉ាលើកទី៤៦ ជូន ឯកឧត្តម តាន់ស្រ៊ី ដាតូ ហ្សូហារី អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul)ប្រធានរដ្ឋសភានៃប្រទេសម៉ា ឡេស៊ី។ ឯកឧត្តម ប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងនាមប្រធានអាយប៉ាលើកទី៤៦ បានប្តេជ្ញាចិត្តក្នុងការដឹកនាំនិងរៀបចំមហាសន្និបាតលើកទី៤៦ ទទួលបានជោគជ័យ និងបានអញ្ជើញគណៈប្រតិភូទំាងអស់ចូលរួមមហាសន្និបាតអាប៉ាលើកទី៤៦ផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×