Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវធ្វើឡើង៣ឆ្នាំម្តង ដើម្បីរួមគ្នាកំណត់បញ្ហាប្រឈមនានា យកមកដោះស្រាយ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ ក្នុងរយៈពេល១ថ្ងៃកន្លះនៃវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល៣ឆ្នាំ (២០២១ ដល់ ២០២៣) នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ និង២២ខែតុលា ឆ្នាំ២០២៤ថ្នាក់ខណ្ឌនិងសង្កាត់ទាំង១០៥បានលើកឡើងជាសំណើរនិងសំណូមចំនួន២៣ស្មើ ៨ប្រធានបទ ដើម្បីឱ្យថ្នាក់រាជធានីភ្នំពេញ ក៏ដូចជាថ្នាក់ជាតិជួយអន្តរាគមន៍ដោះស្រាយ សំដៅធ្វើយ៉ាងណាឱ្យការបំពេញការងារលើផ្តល់សេវាផ្សេងៗ នៅថ្នាក់ក្រោមជាតិ មានភាពលឿន ឆាប់រហ័សនិងកាត់បន្ថយបានបញ្ហាប្រឈមផ្សេងៗ។

វេទិការយៈពេល១ថ្ងៃកន្លះនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ។

ក្នុងរយៈពេល១ថ្ងៃកន្លះនៃវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល៣ឆ្នាំ (២០២១ ដល់ ២០២៣) នៅរាជធានីភ្នំពេញ ថ្នាក់ខណ្ឌនិងសង្កាត់ទាំង១០៥បានលើកឡើងជាសំណើរនិងសំណូមជាច្រើន ដូចជាការស្នើសុំ ផ្សព្វផ្សាយ បណ្តុះបណ្តាលធនធានមនុស្សរបស់ក្រុមប្រឹក្សាសង្កាត់ ដើម្បីបានយល់កាន់តែច្បាស់ពីការងារគ្រប់គ្រង។ ការស្នើសុំ ធនធានមនុស្សនិងថវិកាបន្ថែមនៅថ្នាក់សង្កាត់។ ការស្នើសុំឲ្យបន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ បរិស្ថាន ខណៈពលរដ្ឋមួយចំនួនមិនគោរពច្បាប់ចរាចរណ៍ និងការទុកដាក់សំរាមមិនទាន់បានល្អ។ ការស្នើសុំបង់ព័ន្ធប្រថាប់ត្រាថ្នាក់ទាប នៅត្រឹមខណ្ឌ។ ការស្នើសុំបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រី លើការងារវិមជ្ឈការ និងវិសហមជ្ឈការ ដោយសារធនធានមនុស្សនៅមានកំរិត។ ការស្នើសុំផ្តល់ប្រាក់សោធននិវត្តន៍ដល់ក្រុមប្រឹក្សាសង្កាត់។ ការស្នើសុំកែសម្រួលការចុះបញ្ជី ទោចក្រ-ត្រីចក្រយានយន្ត។ ការស្នើសុំ ការចុះធ្វើអធិការកិច្ចរបស់ក្រសួងពាក់ព័ន្ធ ចុះមកតែ១ដងរួមគ្នា។

ក្នុងថ្ងៃទី២នៃវេទិកានេះ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីបានមានប្រសាសន៍លើកឡើងថា៖ រយៈពេល១ថ្ងៃកន្លះនៃវេទិកា ថ្នាក់ខណ្ឌនិងសង្កាត់ បានលើកឡើងជាសំណើរនិងសំណូមចំនួន ២៣ស្មើ៨ប្រធានបទ ក្នុងនោះនៅថ្នាក់សង្កាត់ចំនួន៧ ថ្នាក់ខណ្ឌចំនួន៧និងនៅថ្នាក់មន្ទីរ វិស័យចំនួន៩ ហើយក្នុងចំណោមសំណើរនិងសំណូម បញ្ហាប្រឈមទាំងនេះ យើងដោះស្រាយបានចំនួន៩បញ្ហា បញ្ជូនទៅថ្នាក់ជាតិឲ្យជួយដោះស្រាយចំនួន១៣បញ្ហានិង១បញ្ហាទៀតយើងព្យួរទុក នោះគឺការស្នើសុំផ្តល់ប្រាក់សោធននិវត្តន៍ ដល់ក្រុមប្រឹក្សាសង្កាត់។ ការងារនេះយើងរងចាំឲ្យសមាគមនក្រុមប្រឹក្សា ពិភាក្សាគ្នាបន្តជាមួយក្រុមប្រឹក្សាថ្នាក់ជាតិ យើងមិនអាចធ្វើតែឯងនៅរាជធានីភ្នំពេញបានទេ ព្រោះវាក៏ពាក់ព័ន្ធនឹង ក្រុមប្រឹក្សានៅខេត្តផងដែរ។

ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ទៀតថា៖ វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវធ្វើឡើង៣ឆ្នាំម្តង ដើម្បីរួមគ្នាកំណត់បញ្ហាប្រឈមនានា យកមកដោះស្រាយ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ផ្អែកលើមូលដ្ឋានគ្រឹះរបស់ប្រទេសកម្ពុជាដែលមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×