Thursday, October 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋនៅខណ្ឌទួលគោក​ ស្នើឲ្យអាជ្ញាធរស្តារអាងស្តុបទឹក ដែលបង្កការឲ្យលិចលំនៅដ្ឋាន

ភ្នំពេញ៖នៅក្នុងវេទិកានាព្រឹកនេះ មានពលរដ្ឋមួយចំនួន បានលើកឡើង ជាសំណើរនិងសំណូមពរចំនួន៤បញ្ហា ក្នុងនោះរួមមាន៖ ស្នើសុំស្តារអាងស្តុបទឹក ដែលបានព្រៃ និងស្មៅដុះ ស៊ុបទ្រុប នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់ទី២ ដែលបង្កការឲ្យលិចលំនៅដ្ឋាននិងបណ្តាលឲ្យសត្វធាតុចូលក្នុងផ្ទះពួកគាត់។ ប្រជាជាននៅសង្កាត់ទឹក៣ ស្នើសុំដូរអំពូលភ្លើងចំនួន៧៨អំពូល, ស្នើកុំឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកុំជីកខូចផ្លូវលេខ១៩២ ហើយទុកចោល និងការស្នើសុំការសាងសង់អគារសង្កាត់ ដែលមានលក្ខណៈចាស់ទ្រុឌទ្រោមនៅសង្កាត់ទឹកល្អក់ទី៣ ដែលអាចអាចបង្កគ្រោះថ្នាក់ចំពោះ អ្នកមកបំពេញការងារនៅក្នុងអគារនេះ។

នាព្រឹកថ្ងៃទី២៤ខែតុលា ឆ្នាំ២០២៤នេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៤ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក្រោមវត្តមាន ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដមទូច ស៊ុនណារី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌទួលគោក។

ឆ្លើយតបក្នុងការស្នើសុំពីសំណាក់ពលរដ្ឋនេះបានធ្វើឡើងក្នុងវេទិកានេះ ឯកឧត្ដម សុខ ពេញវុធបានលើកឡើងថា៖ រាល់ សំណើនិងសំណូមពរផ្ទាល់មាត់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងវេទិកានេះ យើងដោះស្រាយជូនភ្លាមៗចំពោះអ្វីដែលយើងដោះស្រាយបាន ហើយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញនឹងយកមកដោះស្រាយពេលក្រោយ ពោលគឺ អ្វីជាអត្តភាពចាំបាច់ បន្ទាន់ៗយើងនឹងដោះស្រាយមុនគេ ហើយអ្វីដែលនៅសេសសល់យើងនឹងដាក់ចូលទៅក្នុងគម្រោងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល រាជធានី ខណ្ឌ សង្កាត់។

ចំពោះសំណើរខាងលើត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការស្រាយបំភ្លឺនិងដោះស្រាយភ្លាមៗ។ តែចំពោះការស្នើសាងសង់អគារសង្កាត់ទឹកល្អក់ទី៣ ដែលមានលក្ខណចាស់ទ្រុឌទ្រោមនោះ ឯកឧត្ដម សុខ ពេញវុធ បានបញ្ជាក់ថា យើងមិនមានកញ្ចប់ថវិកាណាមួយនៃការសាងសង់ អគាររដ្ឋបាលទេ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីឯកឧត្ដមនឹងយកសំណើរទាំងនេះទៅរាយការណ៍ជូនឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញដើម្បីចាត់ការបន្ត។

ឯកឧត្ដមម៉ប់ សារិន បានលើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែ តុលា វិច្ឆិកា និងខែធ្នូ ហើយសំរាប់ខណ្ឌនីមួយៗត្រូវធ្វើឡើងនៅមិថុនារាល់ឆ្នាំ ហើយឆ្នាំនេះខណ្ឌបានធ្វើរួចរាល់ហើយ ។

ឯកឧត្ដម បានបញ្ជាក់ទៀតថា គោលបំណងរបស់វេទិកានេះ គឺចង់ស្តាប់ពីការចង់បានរបស់ប្រជាពលរដ្ឋ ដើម្បីយើងបានដឹង ហើយដោះស្រាយជូន។ អភិបាលកិច្ចល្អ ដាច់ខាតត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ ។ ក្រោយពីក្តាប់បាន បញ្ហាប្រឈម តម្រូវការពីប្រជាពលរដ្ឋហើយ យើងយកបញ្ហាទាំងនោះមកដោះស្រាយ។ នៅក្នុងវេទិកានេះដែរ ឯកឧត្ដមម៉ប់ សារិនបានបញ្ជាក់ទៀតថា យើងក៏មានការផ្តល់ជារបាយការណ៍ដែលបានអនុវត្តកន្លងមក ជូនអ្នកចូលរួមផងដែរ ដើម្បីបានដឹងពីព័ត៌មាន ពីទិសដៅនៃការអភិវឌ្ឍរាជធានី។ អ្វីជាកង្វល់ការចង់បានរបស់ប្រជាពលរដ្ឋតាមរយៈការស្នើឡើង យើងដាច់ខាតត្រូវតែដោះស្រាយជូន អ្វីដោះស្រាយបានភ្លាមយើងដោះស្រាយភ្លាម បើដោះស្រាយមិនទាន់បាន យើងនឹងយកបញ្ហាទាំងនោះ ទៅដាក់បញ្ជូលក្នុងគម្រោងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×