Friday, October 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឃួង ស្រេង ៖ រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ

ភ្នំពេញ៖នៅរសៀលថ្ងៃទី២៤តុលានេះ នៅសាលារាជធានីភ្នំពេញបានបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំងប្រដាប់អាវុធចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងបំពេញ តួនាទីភារកិច្ចរបស់ខ្លួន ក្នុងការរួមចំណែកថែរក្សា ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបានចាត់តាំងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ទប់ស្កាត់បានទាំងស្រុងនូវបដិវត្តពណ៌ ធានាប្រក្រតីភាពសង្គម ជីវភាពសង្គមលើគ្រប់វិស័យ រក្សាប្រក្រតីភាពមីក្រូសេដ្ឋកិច្ច បង្កើនជំនឿទុកចិត្ត ដល់អ្នកវិនិយោគិន ពាណិជ្ជករ ភ្ញៀវទេសចរនិងប្រជាពលរដ្ឋរស់នៅដោយភាពសុខដុមរមនា។

ឯកឧត្តម ឃួង ស្រេង បានបន្តថា ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តរក្សាបាននៅសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋនិងសង្គមជាតិ ដោយចំនួនបទល្មើសបានកើតមានចំនួន២៤៩លើក/២៦៤ករណី គឺថយចុះ១៥ករណី ក្នុងនោះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានម្ចាស់ការ បង្ក្រាបបទល្មើសបានសរុប២៣១ករណី ពិសេសថែមទៀតនោះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានចូលរួមទប់ស្កាត់ ព្រឹត្តការណ៍ថ្ងៃទី១៨សីហាឆ្នាំ២០២៤ថ្មីៗនេះ ដោយក្រុមជ្រុលនិយមមួយក្តាប់តូច បានព្យាយាមនិងប៉ុនប៉ង បង្វែលពីការធ្វើបាតុកម្មនៅរាជធានីភ្នំពេញទៅជាការបំផុសចលនា ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ យើងបានរួមគ្នាចាត់វិធានការទៅតាមផ្លូវច្បាប់បានទាន់ពេលវេលា។ ទោះបីយើងអនុវត្តបានជោគជ័យដូចខាងលើក្តី យើងក៏នៅមានចំណុចខ្វះខាត សេសសល់ ដែលយើងត្រូវរួមគ្នាជំនះ ដោះស្រាយតាមរយៈការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះប្រកបទៅដោយប្រសិទ្ធភាព ស្របទៅតាមគោលការណ៍រដ្ឋបាលឯកភាព ដើម្បីឈានទៅការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិយ៉ាងពិតប្រាកដ។

ឯកឧត្ដមអភិបាលរាជធានីបញ្ជាក់ថា៖ ការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រខាងលើនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយខ្លឹមសារសំខាន់ៗ នៃផែនការយុទ្ធសាស្ត្រ គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃឆ្នាំ២០២៤-២០២៨ សំដៅពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ទាំងផ្នែករដ្ឋបាលស៊ីវិល និងទាំងផ្នែកកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឲ្យកាន់តែយល់ច្បាប់ពីគោលការណ៍ដឹកនាំបញ្ជា នីតិវិធីនិងការចាត់តាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងដែនសមត្ថកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា៖ ការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨នេះ ធ្វើឡើង ខណៈដែលការងារនេះរដ្ឋបាលស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងអនុវត្តការងារនេះ បានយ៉ាងល្អ១០០%នៅភ្នំពេញ។ គោលនយោបាយអ្វីក៏ដោយ បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ គឺមិនទទួលបានជោគជ័យឡើយ។

ឯកឧត្តម សន្តិបណ្ឌិត បញ្ជាក់ថា សន្តិសុខសំខាន់ណាស់ កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចាំថា “ប្រហែសបាត់ប្រយ័ត្នគង់”។ សម្រាប់រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្ដមឃួង ស្រេង តែងក្រើនរំលឹកជានិច្ចដល់ អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឲ្យយកចិត្តក្នុងដាក់ក្នុងការធ្វើយ៉ាងណាឲ្យភូមិ សង្កាត់នៅរាជធានីភ្នំពេញ មានសុវត្ថិភាព៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×