ភ្នំពេញ ៖ ឆ្លើយតបតាមសំណើរបស់ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី នាព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១១:០០ នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលជួបសវនាការជាមួយ ឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី រួមជាមួយសហការីស្ថានទូត ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារពាក់ព័ន្ធ នឹងស្ថាប័ននីតិបញ្ញត្តិ តួនាទីរបស់ស្ថាប័ននេះ ប្រព័ន្ធគណបក្សនយោបាយ និងប្រព័ន្ធបោះឆ្នោត សមាមាត្រនៅកម្ពុជា។
ជាដំបូង ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានស្វាគមន៍ប្រតិភូម៉ាឡេស៊ី ដែលមាន ឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ព្រមទាំងសហការីស្ថានទូតប្រចាំនៅកម្ពុជា ដែលបានអញ្ជើញមកដល់ទីស្តីការ គ.ជ.ប ដើម្បីពិភាក្សាការងារ។ ជាកិច្ចឆ្លើយតប ប្រតិភូម៉ាឡេស៊ី បានថ្លែងអំណរគុណដល់ឯកឧត្តមប្រធាន គ.ជ.ប ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួប ជាមួយប្រតិភូម៉ាឡេស៊ី។
ជាកិច្ចបន្ត ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនប្រតិភូម៉ាឡេស៊ីដោយសង្ខេប អំពីស្ថាប័ននីតិបញ្ញត្តិនៅកម្ពុជា មានព្រឹទ្ធសភា និងរដ្ឋសភា និងតួនាទីរបស់ស្ថាប័នទាំងពីរនេះ។ ឯកឧត្តម បានមានប្រសាសន៍បន្តថា ស្ថាប័នទាំងពីរនេះ ជាអង្គការនីតិបញ្ញត្តិ បំពេញតួនាទីរបស់ខ្លួន តាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលមានចែងអំពីតួនាទីរបស់ស្ថាប័នព្រឹទ្ធសភា និងរដ្ឋសភា។ ជាទូទៅច្បាប់ទាំងឡាយត្រូវបានស្នើឡើងដោយរាជរដ្ឋាភិបាលមករដ្ឋសភា ប៉ុន្តែមានសេចក្តីព្រាង ច្បាប់ខ្លះផ្តួចផ្តើមឡើងដោយក្រុមសមាជិកសភាផងដែរ។
នៅពេលរដ្ឋសភាអនុម័តច្បាប់រួច បញ្ជូនសេចក្តីព្រាងច្បាប់នោះទៅព្រឹទ្ធសភា ដើម្បីពិនិត្យបន្ត រួចព្រឹទ្ធសភាបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់មកក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ រួចបញ្ជូនទៅ ព្រះមហាក្សត្រដើម្បីឡាយព្រះហស្តលេខា។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនប្រតិភូម៉ាឡេស៊ី អំពីចំនួនមណ្ឌល បោះឆ្នោត និងអំពីចំនួនអាសនៈនៅតាមមណ្ឌលបោះឆ្នោតនៃព្រះរាជាណាចក្រកម្ពុជា។ មណ្ឌល បោះឆ្នោតណាដែលមានប្រជាពលរដ្ឋច្រើនជាងគេ មណ្ឌលនោះមានអាសនៈច្រើនដែរ ដូចជា មណ្ឌលបោះឆ្នោតនៅរាជធានីភ្នំពេញមាន ១២ អាសនៈ ហើយមណ្ឌលបោះឆ្នោតដែលមានប្រជា- ពលរដ្ឋតិចជាងគេ គឺមាន ១ អាសនៈ។ ចំណែករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន មានចំនួន ១២៥ អាសនៈ។ ការបោះឆ្នោតត្រូវធ្វើតាមប្រព័ន្ធសមាមាត្រតាមរាជធានី ខេត្ត ដោយយក រាជធានី ខេត្តជាមណ្ឌលបោះឆ្នោត។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនប្រតិភូម៉ាឡេស៊ី អំពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវបានធ្វើឡើងចំនួន ៧លើក រួចមកហើយ និងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភាបានប្រព្រឹត្តទៅចំនួន ៥លើក រួចមកហើយដែរ។ ឯកឧត្តម បាន បញ្ជាក់ជូនថា សមាជិកព្រឹទ្ធសភាមានចំនួន ៦១រូប ក្នុងនោះសមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបាន តែងតាំងដោយព្រះមហាក្សត្រ និង ២រូប ត្រូវបានជ្រើសតាំងដោយរដ្ឋសភា។ ដោយឡែក សមាជិក ៥៨រូបទៀត ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល។
ជារួម ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនប្រតិភូម៉ាឡេស៊ី នូវគោលការណ៍ សំខាន់ៗអំពីតួនាទីរបស់ស្ថាប័ននីតិបញ្ញត្តិ ដោយឯកឧត្តមបានបញ្ជាក់ថា នោះមិនមែនជាសមត្ថកិច្ច របស់ គ.ជ.ប ទេ ប៉ុន្តែប្រសិនបើភាគីម៉ាឡេស៊ីមានចម្ងល់អ្វីពាក់ព័ន្ធនឹងការបោះឆ្នោត នោះឯកឧត្តម នឹងត្រៀមឆ្លើយបំភ្លឺជូនជានិច្ច។
ឯកឧត្តម Shaharuddin Onn បានថ្លែងអំណរគុណដល់ឯកឧត្តមប្រធាន គ.ជ.ប ដែល បានផ្តល់ជូននូវខ្លឹមសារសំខាន់ៗ ពាក់ព័ន្ធនឹងស្ថាប័ននីតិបញ្ញត្តិនៅកម្ពុជា ជាមួយគ្នានេះ ឯកឧត្តម ក៏បានចែករំលែកព័ត៌មានអំពីស្ថាប័ននីតិបញ្ញត្តិនៅប្រទេសម៉ាឡេស៊ីថា ប្រទេសម៉ាឡេស៊ីមាន សភាពីរថ្នាក់ដូចនៅកម្ពុជាដែរគឺ រដ្ឋសភា និងព្រឹទ្ធសភា។ រដ្ឋសភារបស់ម៉ាឡេស៊ីមាន ២២២ អាសនៈ។ ចំណែកសមាជិកព្រឹទ្ធសភាមាន ៧០រូប ត្រូវបានតែងតាំង មិនមែនជ្រើសរើសដោយការ បោះឆ្នោតទេ។ ម្យ៉ាងទៀតនៅប្រទេសម៉ាឡេស៊ីជារៀងរាល់ឆ្នាំ រដ្ឋសភាមានរៀបចំកម្មវិធី សម្រាប់យុវជនវ័យក្មេងដែលជាអ្នកបន្តវេន។ ភាគីម៉ាឡេស៊ីស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍គ្នាដូចជា ទស្សនកិច្ចសិក្សា ដើម្បីសិក្សាបន្ថែមទៀតអំពីការបោះឆ្នោតនៅ កម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ស្វាគមន៍ជានិច្ចប្រសិនបើចង់បាន ព័ត៌មាន ជាពិសេស គ.ជ.ប តែងតែមានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ប្រសិនបើភាគីស្ថានទូតម៉ាឡេស៊ីចាប់អារម្មណ៍នោះ គ.ជ.ប នឹងអញ្ជើញមកចូលរួម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី