Tuesday, October 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំគណៈប្រតិភូមកពីបណ្តាញទីភ្នាក់ងារអង្គការសហប្រជាជាតិ រួមមាន UNDP, UNFPA, UNICEF, UN-Women, WFP និង UNOPS ទស្សនាសារៈមន្ទីរតេជោសន្តិភាព

សៀមរាប៖ រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូមកពីបណ្តាញទីភ្នាក់ងារអង្គការសហប្រជាជាតិ ទស្សនាសារៈមន្ទីរតេជោសន្តិភាព នៅខេត្តសៀមរាប រួមមាន UNDP, UNFPA, UNICEF, UN-Women, WFP និង UNOPS។ ដំណើរទស្សនកិច្ចនេះ រៀបចំដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងមានការចូលរួមពី ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអង្គភាពស៊ីម៉ាក់។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានជម្រាបប្រាប់បណ្តាញទីភ្នាក់ងារ UN ថា សារៈមន្ទីរតេជោសន្តិភាពរបស់អង្គភាពស៊ីម៉ាក់ គឺជាកន្លែងនៃការចងចាំ ក្តីសង្ឃឹម និងជានិមិត្តរូបនៃស្មារតីមិនអាចបំបែកបានរបស់ប្រទេសជាតិកម្ពុជា ដែលក្នុងនោះបានដាក់តាំងបង្ហាញរំលឹកអំពីដំណើរយ៉ាងលំបាកចាប់ពីជម្លោះរហូតដល់សន្តិភាព និងចាប់ពីភាពឯកោររបស់កម្ពុជារហូតដល់ការរួបរួមគ្នា។ ការដាក់តាំងនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់អង្គភាពស៊ីម៉ាក់ ដែលជាប្រតិបត្តិកជាតិដ៏ឆ្នើម និងបានរំដោះផ្ទៃដីរាប់ពាន់គីឡូម៉ែត្រក្រឡា និងផ្តល់ដីសុវត្ថិភាពដល់ប្រជាជនកម្ពុជារាប់លាននាក់សម្រាប់បង្កបង្កើនផល និងសាងសង់លំនៅដ្ឋាន។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា សារៈមន្ទីរតេជោសន្តិភាព នឹងក្លាយជានិមិត្តសញ្ញាមួយក្នុងការអំពាវនាវសម្រាប់ពិភពលោកមួយដែលគ្មានមីន និងផ្សព្វផ្សាយសារសន្តិភាព ជាពិសេសអាចបំផុសគំនិតជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីនាំមកនូវសុខសុវត្ថិភាព ការរីកចម្រើន និងក្តីសង្ឃឹមនៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោកទាំងមូល។

ក្នុងឱកាសនោះ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះភាពជាដៃគូរបស់អង្គការសហប្រជាជាតិ ដែលបានគាំទ្រដល់ដំណើររបស់កម្ពុជា ក្នុងនោះរួមមានការថែទាំសុខភាព ការអប់រំ និងការលើកកម្ពស់សមភាព ក៏ដូចជារួមចំណែកក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ដែលជាផ្នែកមួយក្នុងការធ្វើឱ្យសហគមន៍មូលដ្ឋានមានការរីកចំរើន និងផ្តល់ក្តីសង្ឃឹមថ្មីសម្រាប់ប្រជាជនកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×